រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

អរុណ​ជិះ​កង់​ចូល​មក​ឈប់​នៅ​មុខ​តូប​លក់​ជី​។ អរុណ​ចុះ​ពីលើ​កង់​ដើរ​ចូល​មក កែវ​ស្ទុះ​ទៅ​រក​អរុណ​ញញឹម​រីករាយ
កែវ​៖ បង​រុណ​! មក​ទិញ​ជី​ហ្អី !

អរុណ​ដៀង​ភ្នែក​មើលទៅ​ភួង​ម្លិះ​បន្តិច
អរុណ​៖ បាទ​! ខ្ញុំ​មក​រក​ទិញ​ជី​២​បាវ​!
កែវ​៖ ២​បាវ​ដឹក​កង់​អស់​ដែរ​ហ្អី​បង​!
អរុណ​៖ អត់​អី​ទេ ! អាច​ដឹក​បាន​!

ម្លិះ​ងើប​មើល​មុខ​អរុណ​បន្តិច
ម្លិះ​៖ ស្រែ​បង​រុណ​មិន​ទាន់​ហើយ​ដៃ​ទៀត​ហ្អី​!

អរុណ​ញញឹម
អរុណ​៖ អ៎​! រួចរាល់​អស់ហើយ​! គ្រាន់តែ មិនសូវ​គ្រប់គ្រាន់​ប៉ុន្មាន​ទេ​! ខ្ញុំ​ខ្លាច​តែ​ឆ្នាំ​នេះ​ស្រូវ​មិនសូវ​បាន​ល្អ​បានជា ចង់​បន្ថែម​ជី​ខ្លះ ហើយ​គិត​ថា​បបួល​គ្នា លើក​ទំនប់​ចាស់​បន្ថែម​ទៀត ក្រែង​អាច​ទប់ទឹក​បាន​គ្រប់គ្រាន់ ។
ម្លិះ​៖ មែនហើយ ! យើង​ត្រូវ​តែ​ប្រញាប់​គិតដល់​បញ្ហា​ទឹក​នេះ​មុនគេ​ទើបបាន !
ម៉ា​ប់​៖ អរុណ ! អរុណ​យក​ជី​២​បាវ​ហ្អី​! អីចឹង​មក​ជួយ​លើក​បង​បន្តិច​ទៅ !
អរុណ​៖ បាទ ! មិន​អី​ទេ​! ចាំ​ខ្ញុំ​លើក​ខ្លួនឯង​ក៏​បាន​ដែរ​បង​ម៉ា​ប់ !

អរុណ​ងាក់​ទៅ​ឃើញ​ខ្ទួយ​ធំ​មួយ​វា​ចេញពី​ក្រោម​គំនរ​ជី មក​ក្បែរ​ជើង​កែវ​។ អរុណ​ស្ទុះ​ទៅ​ចាប់​ខ្ទួយ​ស្រែក​បណ្តើរ
អរុណ​៖ កែវ​ប្រយ័ត្ន !

ខ្ទួយ​ខ្ទេច​ដៃ​អរុណ​។ អរុណ​ស្រែក​បោះ​ខ្ទួយ​ចោល​ទៅ​ឆ្ងាយ​។ ទាំងអស់​គ្នា​មើលឃើញ​ខ្ទួយ​កំពុង​វា​រត់ អរុណ​ក្តោប​ដៃ​ធ្វើ​មុខជូរ ។ ម៉ា​ប់​ស្ទុះ​យក​ឈើ​វែង​មួយ​ដេញ​តាម​វាយ​ខ្ទួយ​។ ម្លិះ​ទម្លាក់​បិ​ច សៀវភៅ​ចុះ​ដេញ​តាម​វាយ​ខ្ទួយ​។ កែវ​ស្ទុះ​ទៅ​បាន​មុន​ម្លិះ ចាប់ដៃ​អរុណ​ទាញ​មើល​មុខ​ភ័យ
កែវ​៖ បង​រុណ ! ម៉េច​ក៏​យកដៃ​ទៅ​ចាប់​ខ្ទួយ​អីចឹង​! យ៉ាងម៉េច​ទៅ​ហើយ !
អរុណ​៖ ខ្ញុំ​ស្លន់​ដែរ​ខ្លាច​វា​ទិច​កែវ​ហ្នឹង​ណា​! មិន​អី​ទេ គ្រាន់តែ​ត្រូវ​ខ្ទួយ​ទិច ! ខ្ញុំ​មិន​ចាញ់​ពិសខ្ទួយ​ប៉ុន្មាន​ទេ !

កែវ​ចាប់​ទាញ​ដៃ​អរុណ​ដែល​ខ្ទួយ​ទិច​នោះ​ចេញ ឃើញ​ដៃ​ត្រូវ​ខ្ទួយ​ទិច​ប៉ោង​ក្រហម កែវ​បើកភ្នែក​ធំ​ៗ
កែវ​៖ អេ ! បង​រុណ ! នៅ​ថា​មិន​ចាញ់​ពិសខ្ទួយ​ទៀត​! ដៃ​ហើម​ពោ​ទៅ​ហើយ​! អូន​ម្លិះ​ៗ! ធ្វើ​យ៉ាងម៉េច​ទៅ ! យើង​ត្រូវ​លាប​ស្អី លាប​ប្រេងកូឡា​បាន​ទេ !

ម្លិះ​មើល​កែវ​និង​អរុណ​បន្តិច
ម្លិះ​៖ បង​រុណ ! ចុក​ខ្លាំង​ទេ ! បើ​ចុក​ខ្លាំង​ទាល់តែ​ទៅ​រក​អ៊ុំ​ឌិន ឲ្យ​គាត់​ស្ដោះ​ឲ្យ​ហើយ !

អរុណ​ងក់ក្បាល
អរុណ​៖ បាទ ! ដូច​ជា​ចុក​តិច​ៗ​ដែរ​! មិន​អី​ទេ​ចាំ​ខ្ញុំ​ទៅ​រក​អ៊ុំ​ឌិន ខ្លួនឯង​ចុះ ! ផ្ទះ​គាត់​នៅ​ជិត​នេះ​ទេ !
កែវ​៖ ខ្ញុំ​ដឹង​ហើយ​បង​រុណ ! ចាំបាច់​លាក់បាំង​ធ្វើ​អី ! មាត់​ស្វាយ​ល្អោ​ក​ទៅ​ហើយ​! បង​នៅ​ថា​ចុក​តិច​ៗ​ទៀត ! បង​ម៉ា​ប់​ជួយ​ជូន​បង​រុណ​ទៅ​ផ្ទះ​អ៊ុំ​ឌិន​បន្តិច​ទៅ ! ជិះ​ម៉ូតូ​ទៅ​វា​រហ័ស​ជាង !

ម៉ា​ប់ងក់​ក្បាលរ​ត់ទៅ​អូស​ម៉ូតូ ។ កែវរ​ត់ទៅ​យក​កូនកន្សែង​មក​ចងក​ដៃ​ឲ្យ​អរុណ
កែវ​៖ ឈប់​ៗ ! ចងក​ដៃ​ខ្លះទៅ​បង​រុណ កុំ​ឲ្យ​វា​ចុក​ខ្លាំង​ពេក !

មីង​រឿង​កំពុង​បោក​ខោអាវ នៅ​ក្បែរ​ពាង​ចំហៀង​ផ្ទះ ងាក​ទៅ​ឃើញ​រ៉េ​ត​ដេក​ក្រាប​សរសេរ​មេរៀន​នៅ​លើ​គ្រែ​ឫស្សី​យ៉​មុខ​ផ្ទះ
រឿង​៖ អឺ​អា​រ៉េ​ត ! ឯង​អង្គុយ​រៀន​អោយ​ស្រួលបួល​ទៅ​មិន​បាន​ទេ​ហ្អី ! អ្នក​ណា​មក​សរ​    ​សេរ​អ​ញ្ចឹ​ង ! ចេះ​តែ​សរសេរ​កើត​ដែរ ! អ​ញ្ចឹ​ង​បាន​អក្សរ​ឯង​ដូច​ជើង​ក្តាម !
រ៉េ​ត​៖ ចេះ​តែ​ថា​ហើយ​ម៉ែ ! សរសេរ​អ​ញ្ចឹ​ង

អក្សរ​ខ្ញុំ​រឹតតែ​ស្អាត​! វា​ស្រួល​ចង្កេះ​ស្រួល​ខ្នង​ណា​ម៉ែ​! អង្គុយ​រៀន​នៅ​សាលា​ហើយ​មក​អង្គុយ​រៀន​នៅផ្ទះ​ទៀត ! សឹង​បាក់​ខ្នង បាក់​ចង្កេះ​ទៅ​ហើយ !
រឿង​៖ គេ​មិន​ដែល​ទម្លាប់​ដេក​រៀន​ទេ កូន​!  ធ្វើ​អ​ញ្ចឹ​ង​វា​នាំ​ឲ្យ​ខ្ចិ​ល​ច្រអូស​ខ្នង​វែង ! គេ​ថា​ដូច​មនុស្ស​ដើរ​ស៊ី​ដេកស៊ី​អ​ញ្ចឹ​ង​វា​គ្មាន​របៀប​! បើ​យើង​ទម្លាប់​គ្មាន​របៀប​ហើយ ទៅ​ថ្ងៃក្រោយ​មិន​ថា​ធ្វើ​អ្វី​ក៏​គ្មាន​របៀប​ដែរ ! ព្រោះ​វា​ក្លាយជា​ទម្លាប់​នោះ​អី !

រ៉េ​ត​ងើប​ទៅ​យក​កៅអី​មក​ដាក់​អង្គុយ​សរសេរ​វិញ
រ៉េ​ត​៖ ខ្ញុំ​អង្គុយ​សរសេរ​ក៏​បាន​ដែរ​កុំឱ្យ​ម៉ែ​រអ៊ូ​ច្រើន​ពេក​ខ្លាច​ម៉ែ​ហត់ !

អរុណ​ជិះ​កង់​ចូល​មក​ក្នុងផ្ទះ​ដៃ​ដែល​ត្រូវ​ខ្ទួយ​តិច​រុំ​នឹង​កន្សែង​របស់​កែវ​។ រឿង​ធ្វើ​មុខ​ឆ្ងល់
រឿង​៖ ណែ ! កូន​រុណ ! ក្រែង​ប្រាប់​ម៉ែ​ថា​ទៅ​រក​ទិញ​ជី​មក​ដាក់​ស្រែ​ហ្អី ? ទៅ​បាត់​មួយ​    ​ថ្ងៃ​មក​វិញ​ឃើញ​តែ​កង់​ទទេរ​អ​ញ្ចឹ​ង ?

អរុណ​ចុះ​ពីលើ​កង់​ដាក់​ជ​ន្ទ​ល់​កង់​ដើរ​ចូល​មក​អង្គុយ​លើ​គ្រែ​ឫស្សី
អរុណ​៖ ខ្ញុំ​ដឹក​ជី​មក​មិន​ទាន់​បាន​ទេ​ម៉ែ​! រវល់​តែ​ត្រូវ​ខ្ទួយ​ទិច​ហើម​ដៃ​បាត់​ទៅ​ហើយ​!

រឿង​បើកភ្នែក​ធំ​ៗ​ស្ទុះ​មក​រក​អរុណ
រឿង​៖ ចុះ​កូន​ទៅ​ធ្វើ​ស្អី​បានជា​ត្រូវ​ខ្ទួយ​ទិច​ទៅ​វិញ ? ខ្ទួយ​ធំ​មែន​ទេ​បានជា​ដល់​ថ្នាក់​    ​ហើម​ដៃ​អ​ញ្ចឹ​ង​កូន ?  មើល​ឲ្យ​ម៉ែ​មើល​បន្តិច​មើល​យ៉ាងម៉េច​ទៅ​ហើយ ?

អរុណ​គ្រវីក្បាល
អរុណ​៖ មិន​អី​ទេ​ម៉ែ​! ខ្ញុំ​គ្រាន់តែ​ចាញ់​ពិស​វា​បន្តិច​ហើម​ដៃ ! តែ​ឥឡូវ​ដោះ​រួច​ហើយ !​ម៉ែ​កុំ​ភ័យ​អី ! គ្រាន់តែ​ខ្ទួយ​តូច​មួយ​ហ្នឹង​! តែ​ស្អែក​ហ្នឹង​ខ្ញុំ​ធ្វើការ​វិញ​បាន​ធម្មតា​ហើយ​វា​មិន​អី​ទេ !
រ៉េ​ត​៖ ទៅ​ណា​បានជា​ត្រូវ​ខ្ទួយ​ទិច​ទៅ​វិញ?
អរុណ​៖ ទៅ​ទិញ​ជី​ហ្នឹង​ណា ! តែ​ខ្ទួយ​វា​នៅ​ក្រោម​បាវ​ជី បម្រុង​នឹង​លើក​ជី​ដាក់​កង់​ទៅ​ហើយ​! ត្រូវ​វា​ទិច​តែ​ម្តង​ទៅ !

រ៉េ​ត​មិច​ភ្នែក​ធ្វើ​មុខ​របៀប​ខិល​ដាក់​អរុណ
រ៉េ​ត​៖ ប្រហែលជា​បង​រវល់​តែ​ភ្លឹក​នឹង​ម្ចាស់​ស្រី​កន្លែង​លក់​ជី​ទេ​ដឹង​! ដល់​ថ្នាក់​មើល​មិនឃើញ​ឲ្យ​ខ្ទួយ​ទិច​បាន !

អរុណ​ទះ​ក្បាល​រ៉េ​ត
អរុណ​៖ នៅ​ក្មេង​ទេ​យើង​ហ្នឹង​! កុំ​ចេះ​មុន​អាយុ​ពេក​! ចេះ​តែ​រឿង​រៀន​អោយ​ត្រង់​ជ្រុង​ទៅ​បាន​ហើយ​! កុំមក​ចង់​លលេង​ជាមួយ​មនុស្ស​ចាស់​តិច​ដាក់​មួយ​ក្រ​ញ៉​ឥឡូវ !
រ៉េ​ត​៖ អេ​ហ៍​! បង​រុណ​នេះ ! ដាក់​មួយ​ដៃ​បាត់​ទៅ​ហើយ​ទើបតែ​ថា​តិច​ត្រូវ​ក្រ​ញ៉ !

រឿង​គ្រវីក្បាល​តិច​ៗ​មើល​មុខ​អរុណ
រឿង​៖ ថ្ងៃក្រោយ​ធ្វើ​អី​ឲ្យ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទៅ​កូន ! នេះ​ត្រូវ​ខ្ទួយ​ទិច ! ចុះបើ​ត្រូវ​ពស់​ចឹក​វិញ​គិត​យ៉ាងម៉េច​ទៅ ! គេ​ថា​ខ្ទួយ​ទិច​អ​ញ្ចឹ​ង​ឲ្យ​ដាក់​ដៃ​ក្បែរ​ភ្លើង​កម្តៅ​ឲ្យ​ក្តៅ​ៗ​ទៅ​ក៏​វា​អន់​ឈឺ​ដែរ​ណា​កូន !
អរុណ​៖ ខ្ញុំ​អត់​មាន​ឈឺ​អី​ទៀត​ទេ​ម៉ែ​! គ្រាន់តែ​នៅ​ហើម​បន្តិច ! ស្អែក​ច្បាស់​ជា​ស្រក​វិញ​ធម្មតា​ហើយ !

(​នៅ​មាន​ត​)