ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​មេមត់ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ រងទុក្ខវេទនា​

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​រកឃើញថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​បាន​ប្រើ​អំណាច​រំលោភបំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ដីធ្លី​ជនជាតិដើម​ភាគតិច​ស្រេច​តែ​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​ខ្លះ​មិន​គោរព​តាម​គោលការណ៍​ច្បាប់​នោះទេ ហើយ​ទុក​ដី​សម្បទាន​ចោល​ទំនេរ​ជាច្រើន​ឆ្នាំ​និង​ក្រុមហ៊ុន​ខ្លះ​យក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​ទៅ​ជួល​ឲ្យ​ឯកជន​ឬ​ជនបរទេស​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យឡើងវិញ​ទៅលើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រោះ​ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។

ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅ​ស្រុក​នេះ​ក្រុមហ៊ុន​ដែលមាន​ស្លាក​សម្គាល់​ច្បាស់លាស់ គឺ​មានតែ​ក្រុមហ៊ុន​ម៉ែន​សារុន​មួយ​ប៉ុណ្ណោះ តែ​ពលរដ្ឋ​មិនបាន​ដឹង​ពី​ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នេះ​ទេ​។ រីឯ​ក្រុមហ៊ុន​ជាច្រើន​គឺមាន​តែ​ឈ្មោះ​ហើយ​ទុក​ដី​ចោល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ធ្វើស្រែ​ចម្ការ​លើដី​នោះឡើយ លើស​នេះ​ទៅទៀត​ពួកគេ​បាន​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៀតផង​។ ទង្វើ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​បែបនេះ គឺជា​រឿង​ដែល​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ហើយ​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ទុក្ខវេទនា​តទៅទៀត​។​

នៅក្នុង​ស្រុក​តំបែរ ក្រុមហ៊ុន​ចិន​ឈ្មោះ​ហា​មី​នី​វេន អ៊ិន​វេស​មេន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ជាក់ស្តែង​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ចិន​បាន​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​យ៉ាង​កំរោល និង​ឈូសឆាយ​ប៉ះពាល់​ដល់​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​យ៉ាង​ខ្លាំងក្លា​ទប់ស្កាត់​អំពើ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​ចិន​។ មន្ត្រី​សិទ្ធិមនុស្ស​ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ក្នុងស្រុក​មេមត់ និង​ស្រុក​តំបែរ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​៕

e9ac28ad-80fb-4e6f-8706-7c35b242396cគ្រឿងចក្រក្រុមហ៊ុនចិនឈូសឆាយដីធ្លីប្រជាពលរដ្ឋនៅស្រុកតំបែរ 2036fe7f-9cd4-4212-8f06-f40ce245a901