ប្រជាជន​កម្ពុជា ស្ថិត​នៅ​ក្នុង​បច្ចុប្បន្ន ប៉ុន្តែ​រស់នៅ​សម្រាប់​អនាគត

វា​ប្រហែលជា​អាច​ធ្វើ​ឱ្យ​មនុស្ស​ឆ្ងល់ នៅ​ពេល​ដែល​និយាយ​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន​កំពុង​ស្ថិត​នៅ​បច្ចុប្បន្ន ប៉ុន្តែ​ការ​រស់នៅ​គឺ​សម្រាប់​អនាគត​។ តើ​ហេតុ​អ្វី​បាន​និយាយ​បែប​នេះ? ផ្នត់គំនិត​គិត​ច្រើន​អំពី​អនាគត បណ្តាល​មក​ពី​អ្វី ហើយ​វា​ប៉ះពាល់​អ្វី​ដល់​សង្គម?

ជំនួស​ឱ្យ​ការ​សប្បាយ​រីករាយ​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​នោះ ប្រជាជន​កម្ពុជា​បាន​នាំ​គ្នា​គិត​វែង​ឆ្ងាយ​ទៅ​ដល់​អនាគត​។ ពួក​គេ​ភ័យ​ខ្លាច​ថា កូន​ដែល​មិន​បាន​រៀនសូត្រ​សាលា​ថ្លៃ​នឹង​មិន​អាច​មាន​អនាគត​ល្អ​។ ពួក​គេ​ភ័យ​ខ្លាច​ថា ពេល​ឈឺ​នឹង​មិន​មាន​លុយ​ព្យាបាល​សុខភាព​ដែល​ត្រូវការ​ចំណាយ​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​។ ជាមួយនឹង​ផ្នត់គំនិត​បែប​នេះ ពួក​គេ​ត្រូវ​តែ​ខំ​រក និង​សន្សំ​លុយ​ទុក​ឱ្យ​បាន​ច្រើន​សម្រាប់​អនាគត​។

តើ​ហេតុផល​អ្វី​ជំរុញ​ឱ្យ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​រស់នៅ​ក្នុង​បច្ចុប្បន្ន ប៉ុន្តែ​គិតគូរ​ពី​អនាគតកាល​បែប​នេះ0x017d7 ការ​ភ័យ​ខ្លាច​កូន​គ្មាន​អនាគត ការ​ភ័យ​ខ្លាច​អំពី​គ្មាន​ការ​ថែទាំ​នៅ​ពេល​អនាគត និង​ការ​ភ័យ​ខ្លាច​គ្មាន​លុយ​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ​នៅ​ពេល​អនាគត ជំរុញ​ឱ្យ​មនុស្ស​ត្រូវ​តែ​គិត​ឱ្យ​បាន​ច្រើន​អំពី​អនាគត​ដែល​មិន​ប្រាកដប្រជា​។

ការ​ភ័យ​ខ្លាច​ទាំងនោះ គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​អប់រំ​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​នៅ​តាម​សាលា​រដ្ឋ បើ​ទោះបីជា​ថ្មី​ៗ​នេះ មានការ​ប្រែប្រួល​ជា​វិជ្ជមាន​ក៏​ដោយ​តាម​រយ​:​កំណែ​ទម្រង់​មួយ​ចំនួន​។ ចំណែក​វិស័យ​សុខាភិបាល​កម្ពុជា​ក៏​មិន​រឹង​មាំ​។ ការ​រិះគន់​ជា​ច្រើន​បាន​កើត​មាន​ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា ពិសេស​សេវា​សុខភាព​តាម​ស្ថាប័នរដ្ឋ​។ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​លើ​ជំនឿ​ចិត្ត​ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា​នោះ​មនុស្ស​ជា​ច្រើន​ដែល​មាន​លទ្ធភាព​បាន​នាំ​គ្នា​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។

ដូច្នេះ​មនុស្ស​គ្រប់​គ្នា​ក៏​ប្រឹង​គ្រប់​វិធី​នៅ​ក្នុង​ការ​រក​លុយ និង​សន្សំ​លុយ​សម្រាប់​អនាគត​ដែល​មិន​ប្រាកដប្រជា​។ គំនិត​មនុស្ស​ម្នាក់​ៗ គឺ​សន្សំ​លុយ ឬ​រក​លុយ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ឈាន​ដល់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក៏​មាន​។

ការ​កែប្រែ​របៀប​គិត​របស់​មនុស្ស​អាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​បាន​។ មនុស្ស​អាច​នឹង​កែប្រែ​ផ្នត់គំនិត​អំពី​ការ​ភ័យ​ខ្លាច​សម្រាប់​អនាគត បើសិនជា​ស្ថាប័នរដ្ឋ​រឹង​ពឹង​ពិសេស​វិស័យ​អប់រំ និង​សុខាភិបាល​។

បើសិន​មនុស្ស​គ្រប់​គ្នា​គិត​ថា កូន​របស់​ពួក​គេ​នឹង​មានការ​អប់រំ​ដ៏​ល្អ​មួយ​តាម​សាលា​រដ្ឋ ហើយ​នៅ​ពេល​ពួក​គេ​ឈឺ នៅ​ពេល​អនាគត​នោះ​នឹង​មាន​ពេទ្យ​ប្រកបដោយ​សមត្ថ​ភាព​ជួយ​ព្យាបាល​ដល់​ពួក​គេ​ឱ្យ​ជា​សះស្បើយ​រួច​ពី​ជំងឺ ឬ​ក៏​រួច​ពី​ការ​ស្លាប់​នោះ មនុស្ស​នឹង​លែង​សូវ​មានគំនិត​ត្រៀម​ហួសហេតុ​សម្រាប់​អនាគត​។ ចំណែក​អំពើ​ពុក​រលួយ​ដើម្បី​ដោះស្រាយ​នឹង​ភាព​ភ័យ​ខ្លាច​នោះ​ក៏​នឹង​ថយ​ចុះ​តាម​នោះ​។ មនុស្ស​ម្នា​ជា​ច្រើន​នឹង​ស្ថិត​នៅ​ក្នុង​បច្ចុប្បន្នភាព ហើយ​សប្បាយ​រីករាយ​នឹង​ជីវិត​បច្ចុប្បន្នភាព​ជា​ជាង​ការ​ត្រៀម​គិត​ហួសហេតុ​សម្រាប់​អនាគត​មួយ​។

រដ្ឋ​អាច​កំចាត់​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​អំពី​បញ្ហា​អប់រំ​កូនចៅ និង​ការ​ភ័យ​ខ្លាច​អំពី​សុខភាព​ពេល​អនាគត​តាម​រយ​:​ការ​លើកកម្ពស់​វិស័យ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​។ ដូច្នេះ​នៅ​ពេល​ដែល​ប្រជាជន​លែង​បារម្ភ​ច្រើន​អំពី​អនាគត​ហើយ គេ​ក៏​លែង​ប្រព្រឹត្តិ​អំពើ​ខុសឆ្គង​ដូច​ជា​អំពើ​ពុក​រលួយ​នេះ​៕