ម្ចាស់​ហាង​កាត់សក់​ចូល​បំភ្លឺ​តុលាការ​ថ្ងៃ​៥មេ​សាជុំវិញ​រឿងរ៉ាវ​លោក កឹ​ម សុខា

រាជធានី​ភ្នំពេញ ៖ ថៅកែ​ហាង​កាត់សក់​យីហោ​«​ខ្មែរ​អង្គរ​» ឈ្មោះ ទួន សុ​ជាតិ បាន​ត្រូវ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៦ ក្នុង​នាម​ជា​សាក្សី​បំភ្លឺ​ក្នុង​សំណុំរឿង​សង្ស័យ​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ។

ចំណែក ឈ្មោះ ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ក៏​ត្រូវ​តុលាការ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ក្នុង​នាម​ជា​ជនសង្ស័យ ជុំវិញ​សំណុំរឿង​ផ្តល់​សក្ខីភាព​ក្លែង (​បដិសេធ​មិន​ទទួលស្គាល់​សំឡេង​) និង​ពេស្យា​កម្ម​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ដោយឡែក លោក កឹ​ម សុខា ដែល​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​នេះ​ដែរ តុលាការ​ពុំ​ទាន់​មាន​ចំណាត់ការ​នៅឡើយ​ទេ ពោល​គឺ​នៅ​រង់ចាំ​យក​ចម្លើយ​ពី​សាក្សី និ​ជនសង្ស័យ​គឺ​នាង​ស្រី​មុំ ជា​មុន​សិន ។

ការ​កោះហៅ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា រួច​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​វិញ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន ចោទប្រកាន់​ថា កញ្ញា​ស្រី​មុំ​ផ្តល់​សក្ខីភាព​ក្លែង​ដោយ​បដិសេធ​មិន​ទទួលស្គាល់​សំឡេង​ខ្លួនឯង ហើយ​លោក កឹ​ម សុខា រួម​ជាមួយ​កញ្ញា ស្រី មុំ អាច​ពាក់ព័ន្ធ​នឹង​ករណី​ពេស្យា​កម្ម​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

យោង​តាម​របាយការណ៍​នេះ នៅ​ថ្ងៃ​ទី​២៩ ខែមីនា លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួល​ចាត់ការ​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា បាន​សម្រេច​បំបែកសំណុំរឿង​ចេញពី​ពាក្យបណ្តឹង​នេះ មួយទៀត ដើម្បី​ឱ្យ​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ បើក​ការ​ស៊ើបអង្កេត​ករណី​លោក កឹ​ម សុខា និង ស្រី​កំណាន់​ខាងលើ​នេះ ។

ទាក់ទង​នឹង​សំឡេង​ខ្សែអាត់​នេះ នាង ស្រី​មុំ ដែល​ជា​ជនសង្ស័យ​ក្នុង​រឿង​សំឡេង​ខ្សែអាត់​សន្ទនា​សាសង​ស្នេហា​ជាមួយ​លោក កឹ​ម សុខា ដែល​បាន​បែកធ្លាយ​ជា​បន្តបន្ទាប់​នោះ បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១១ ខែមីនា បន្ទាប់​ពី​នាង​បាន​បង្ហាញមុខ និង​រក​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្គការ​អា​ដ​ហុ​ក ។ បន្ទាប់​ពី​ចេញពី​បំភ្លឺ គឺ​កញ្ញា ស្រី​មុំ មិន​បាន​ផ្តល់​សម្ភាសន៍​ដល់​ក្រុម​អ្នកកាសែត​ទេ ប៉ុន្តែ​មេធាវី របស់​នាង​បាន​បដិសេធ​ថា ពុំ​មែន​ជា​សំឡេង​របស់​នាង​ឡើយ ។

ដើមចម​ដែល​នាំ​ឱ្យ​មានការ​កោះហៅ​នាង​ស្រី​មុំ ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​នេះ គឺ​បន្ទាប់​ពី​កញ្ញា ធី សុវណ្ណ​ថា ដែល​គេ​ដឹង​ថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៦ អំពី​ករណី​បរិហារកេរ្តិ៍​លើ​រូប​នាង ដែល​ធ្វើ​ឡើង​តាម​រយៈ​ខ្សែអាត់​សំឡេង​សន្ទនា សង្ស័យ​ជា​សំឡេង​របស់​លោក កឹ​ម សុខា ជាមួយ​ស្រី​មុំ ។ ខ្សែអាត់​សំឡេង​សន្ទនា​នេះ ផេ​ក​រឿង​ពិត​CNRP បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​បន្ត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង ៕