សម្តេច​តេ​ជោ​សែន ៖ កំហុស​របស់​អ្នកនយោបាយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ពី​សន្តិភាព​មក​សង្គ្រាម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ ដោយ​សង្កត់ធ្ងន់​ថា​កំហុស​របស់​អ្នកនយោបាយ​មួយ​នាក់​ឬ​មួយ​ក្រុម បាន​ធ្វើ​ឱ្យ​កម្ពុជា​ចាក​ចេញពី​សន្តិភាព​មក​កាន់​សង្គ្រាម​វិនាសកម្ម និង​បន្ទាប់​មក​កើត​មាន​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ទៀត​ថា "​ថ្ងៃនេះ ជា​ថ្ងៃ​ខួបកំណើត​មិន​ពិត តែ​ជា​ថ្ងៃ​ខួបកំណើត​ផ្លូវការ​របស់ខ្ញុំ​។ អ្វី​ដែល​សំខាន់​សំរាប់​ខ្ញុំ​នា​ថ្ងៃ ៤​មេ​សា​នេះ  គឺជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​សំរេចចិត្ត​ដើរ​តាម​ការ​អំពាវនាវ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ដើម្បី​តស៊ូ​ប្រឆាំង​ពួក​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការ​ឈ្លានពាន​របស់​បរទេស​។ ៥ ឆ្នាំ​មុន ខ្ញុំ​បែក​ពី​ឪពុក ម្តាយ បងប្អូន​ដោយ​ដៃ​កាន់​សៀវភៅ ប៊ិ​ច ដើម្បី​ការ​រៀនសូត្រ តែ​លើក​នេះ​ខ្ញុំ​ចាកចេញ​ទៅ​ជាមួយ​ការ​តាំងចិត្ត​កាន់​អាវុធ​ដើម្បី​ធ្វើការ​ប្រយុទ្ធ ។

ថ្ងៃនេះ គឺជា​ខួប​លើក​ទី​៤៦​ឆ្នាំ​នៃ​ការ​ផ្ទេរ​ជីវភាព​ពី​យុវ​សិស្ស​ម្នាក់​មក​ជា​យុទ្ធ​ជន​ម្នាក់ (៤ មេ​សា​១៩៧០-៤ មេ​សា ២០១៦)​។ ពេល​នោះ​ខ្ញុំ​ទើប​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​គួរតែ​មានឱកាស​បន្ត​ការ​សិក្សា  ឬ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ តែ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការ​ឈ្លានពាន​របស់​បរទេស​បាន​ដាក់​ប្រជាជន​កម្ពុជា ទៅ​ជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម ដែល​គ្មាន​ផ្លូវ​ទី​៣​សំរាប់​ការ​ជ្រើសរើស​នោះ​ឡើយ​។ យើង​ត្រូវ​រួម​គ្នា​រក្សា​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​នេះ​ឱ្យ​បាន​គង់វង្ស​តរៀង​ទៅ​៕"