ឥតល្អែ​! ធ្លាប់ឆក់២០០ដងកណ្តាលក្រុងភ្នំពេញ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ក្នុង​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​១២​នាក់ និង​ចោរឆក់​០៩​នាក់ ដែល​បាន​អះអាង​ថា ធ្លាប់​ឆក់​២០០​ដង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលា​​ការ​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​ទី​0៣ និង​ទី​0៤ មេ​សា ឆ្នាំ​២០១៦ ។

មន្ត្រី​អាវុធហត្ថ​រាជធានី​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​០៨ និង​២០​នាទី​ថ្ងៃ​ទី​៤ មេ​សា ថា មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១២​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​អស់​រយៈពេល​ជា​យូរ​មក​ហើយ ត្រូវ​បាន​បង្ក្រាប កាលពី​ថ្ងៃ​ទី​០១ មេ​សា ២០១៦ ស្ថិត​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ក្នុង​ការ​បង្ក្រាប​នោះ​ដែរ សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដកហូត​ថ្នាំ​ញៀន​ជាក់​សែ្ត​ង បាន​ចំនួន​១០​កញ្ចប់ និង​ដប​ជក់​ថ្នាំ​មួយ​ចំនួន និង​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​០២ មេ​សា ២០១៦ ។

រីឯ​ក្រុម​ចោរឆក់​ចំនួន​០៩​នាក់ ដែល​អះអាង​ថា ធ្លាប់​ឆក់​ចំនួន​២០០​ដង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក (Face​book) ហើយ​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា ២០១៦ បន្ទាប់​ពី​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​តាមដាន​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ខែ ឈាន​ទៅ​ដល់​ការ​កំណត់​មុខសញ្ញា បាន​និង​បាន​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២​ឱ្យ​ឃ្លាំមើល និង​តាម​ចាប់​មុខសញ្ញា​ចោរឆក់​ទាំងនោះ ។