រដ្ឋាភិបាល​​ចេញ​​​​​​​ការ​​​​​​ព្រមាន​​​ជុំ​វិញ​​​​​​កំណើន​​​កម្រិត​​​ជាតិ​​​​​​ស្លែ​​​​ធ្ងន់​​​ធ្ងរ​​​ក្នុង​ទឹក​សមុទ្រ​នៅ​​ឯ​ខេត្ត​កែប

កាលពី​ថ្ងៃ​សៅរ៍​ រដ្ឋាភិបាល​បាន​អំពាវ​នាវ​​​ឲ្យ​សាធារណជន​​ចៀសវាង​ទទួល​ទាន​​​គ្រឿង​សមុទ្រ​ ឬ​​ហែល​ទឹក​​សមុទ្រ​​​​នៅ​​​ខេត្ត​​​កែប ​នៅ​​​​​​ពេល​​​​បាតុភូត​​ធម្មជាតិ​ ដែល​អាច​​ធ្វើ​ឲ្យ​ពុល​​​​​​នេះ​​​​​​ បាន​​រាលដាល​ពេញ​​​​ឆ្នេរ​ដែល​ជា​គោល​ដៅ​​​ទេសចរណ៍​ដ៏ពេញ​និយម​មួយ​នេះ​។

ទោះបី​ជា​កំណើន​​​កម្រិត​​​ជាតិ​​​ស្លែ​កើត​ឡើង​​​​នៅ​តំបន់​នេះ​​យ៉ាង​ហោច​ណាស់​​​ម្តង​​​​​​ក្នុង​​​មួយ​ឆ្នាំ​​​យ៉ាងណា​​​ក្តី ក៏​​​ទឹក​​​​​​​​​ប្រែជា​​​ពណ៌​បៃតង​អម​ដោយ​​សត្វ​សមុទ្រ​ងាប់​ជាច្រើនដែល​បង្ក​ឡើង​ដោយ​សារកំណើន​​​​​​​​​កម្រិត​​​ជាតិ​​​​​ស្លែ​នៅ​ពេល​បច្ចុប្បន្ន បាន​​បង្ក​ការ​ព្រួយ​បារម្ភ​ថាវា​អាច​​​​មាន​​​​​ជាតិ​​​ពុល​។

យោង​តាម​​សេចក្ដី​ថ្លែងការណ៍​​មួយ​​​ដែល​​ក្រសួង​​​​បរិស្ថាន​​​​​ចេញ​​​កាលពី​ថ្ងៃ​សៅរ៍​​​បាន​​​​​​ឲ្យ​​​​​​​​​​​​ដឹង​​​ថា ​​​មន្ត្រី​ក្រសួង​​​​​នេះ​​​​បាន​​​យក​សំណាក​​​​​​ទឹក​សមុទ្រ​នៅ​ខេត្ត​កែប កាលពី​ថ្ងៃសុក្រ ដើម្បី​​ធ្វើ​​តេស្ត​នៅ​រាជធានី​ភ្នំពេញ​ ហើយ​​​លទ្ធផល​​​​​​នៃ​​​ការ​​​​​​​​​​ធ្វើ​​​​​​​​​តេស្ត​​​​​​នាំ​​​ឲ្យ​មន្ត្រី​​សន្និដ្ឋាន​ថា ទឹក​​​នេះ​​​​​អាច​​​​​​​​​ធ្វើ​​​​​​​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​​​ដល់​​​​​​​​​សុខភាព​​​របស់​​​មនុស្ស​ និង​សត្វ។

លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​​​​​បរិស្ថាន​​​​មាន​ប្រសាសន៍ថា បាតុភូត​នេះ​បាន​កើត​ឡើង​អំឡុង​​​​ថ្ងៃ​ព្រហស្បតិ៍។ ​”យើង​​​​បាន​​​ជូនដំណឹង​​​​ដល់​​​​​​​សាធារណជន​​​ឲ្យ​​​មាន​​​ការ​​​​​​ប្រុង​​​ប្រយ័ត្ន និង​ចៀសវាង​​​បញ្ហា​សុខភាព​ដែល​អាច​កើត​​​​​​​មាន”។ ​លោក​​​​​បាន​​​​​​​​​បន្ត​​​​​​​ថា កំណើន​​​​​​កម្រិត​​ជាតិ​​​​​​ស្លែ​​​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ភាគច្រើន​​តាម​បណ្ដោយ​​ឆ្នេរ​​​​ក្នុង​​​​​​ខេត្ត​កែប។

លោកគូស​​​បញ្ជាក់​​​ថា ស្ថានភាព​​​​​នឹង​ប្រសើរ​​​ ឡើងវិញ​​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ​ហើយ​​​​​ ភ្ញៀវ​ទេសចរ​​ដែល​​ធ្វើ​ដំណើរ​ទៅ​​​កម្សាន្ត​​​​​​នៅ​​​​ខេត្ត​កែប​ ក្នុង​ឱកាស​​​​ពិធី​​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​​​​​​​នៅ​សប្ដាហ៍​ក្រោយ​​​នឹង​មិន​រង​​ប៉ះ​ពាល់​ទេ។

ទោះ​ជាយ៉ាង​ណា លោក ឆាយ ​ធឿន ​អនុប្រធាន​​គណៈកម្ម​​​ការ​​គ្រប់គ្រង​តំបន់​ឆ្នេរ​​បាន​មាន​ប្រសាសន៍​ថា ចំនួន​​​ភ្ញៀវ​​​​ទេសចរ​​​នៅ​​​​​​ខេត្ត​​​​​​​​​នេះ​​​​​បាន​ធ្លាក់​ចុះ​​​រួច​ទៅ​ហើយ​​​ដោយ​​​​សារ​​​ផ្ទុះ​ករណីកំណើន​​​​​​​​​​​​​​​​​​​​​​​​កម្រិត​​​ជាតិ​​​​ស្លែ​នេះ ហើយ​ថា ទីផ្សារ​ក្ដាម​ដ៏ល្បីល្បាញ​​​​​ក្នុង​​​ខេត្ត​កែប​ រួម​ជាមួយ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ផ្សេងៗ​ទៀត​ ទំនង​ជា​បន្ត​បាត់​បង់​អតិថិជន​។

លោក​​​លើក​​​ឡើង​​​​​​​​​ទៀត​​​​​​​ថា “​ប្រសិន​​​បើ​​នៅ​​​​​តែ​​​ធំុក្លិន​ស្អុយ​​​ចេញ​​​​​​​​​ពី​ត្រី​ងាប់​អណ្ដែត​ទឹក​បែប​​​​​នេះ​​​តទៅទៀត ខ្ញុំ​គិត​ថា វិស័យ​ទេសចរណ៍​នៅ​ទីនេះ​​នឹង​រង​ផលប៉ះពាល់​។ វា​ធ្លាប់​ធុំ​ក្លិន​​បែប​នេះ​​អំឡុង​សង្គ្រាម នៅពេល​ទម្លាក់​គ្រាប់​​​បែក​ចូល​ទឹក​ ហើយ​ត្រី​​​ងាប់​រសាត់​​​​​​ឡើង​​​គោក​​​​​ធ្វើ​ឲ្យ​​​មាន​​​​​​​​​ក្លិន​​​​​​​ស្អុយ​ដូច​ពេល​នេះ”។

ទោះបី​ជា​មន្ត្រី​និយាយ​ថា ​ភាព​ធ្ងន់ធ្ងរ​នៃ​​​​​​កំណើន​​​​​​កម្រិត​​​​​​ជាតិ​​​ស្លែ​​​​នេះ​​​​ទំនង​ជា​​​​​​កើត​​​ឡើង​​​​​​​​​​​​​​ដោយ​សារ​​​ការ​កើន​ឡើង​សីតុណ្ហភាព​​​យ៉ាង​ណា​​​​ក្ដី ក៏​លោក ផល ​ហ្វឺបឺ (Paul Ferber) នាយក​​​​អង្គការ​​ការ​អភិរក្ស​សមុទ្រ​នៅ​កម្ពុជា ដែល​​​​មាន​មូលដ្ឋាន​នៅ​​ខេត្ត​កែប​ ​មាន​ប្រសាសន៍​ថា ​ការ​នេសាទ​ច្រើន​ពេក​នៅ​​តំបន់​​​​នេះ ​ពិសេស​​​​តាម​រយៈ​ការ​អូស​ចៃរ៉ា​​​នៅ​​​​បាត​សមុទ្រ​ និង​ការ​​​​ប្រើ​ប្រាស់​មង​ឆក់​​ក៏​ជា​កត្តា​រួម​ចំណែក​ដែរ​។

លោក​បាន​បន្ត​ថា “​អ្វី​ដែល​យើង​កំពុង​​មើល​​​ឃើញ​ក្នុង​​​​​​ខេត្ត​កែប​​​នៅ​​​ពេល​នេះ គឺ​​ការ​រលំ​រលាយ​​​​​​​ប្រព័ន្ធ​អេកូ​ឡូស៊ី” ហើយ​​​​​​​​​កំណើន​​​​​​កម្រិត​​​​​​​ជាតិ​​​ស្លែ​​​​​នេះ​​​​អាច​នឹង​​​​​​មាន​​​​​​ជាតិ​​​​ពុល​​ ប្រសិន​បើ​គ្មាន​ត្រី​​គ្រប់គ្រាន់​ និ​​​ង​សត្វសមុទ្រ​ផ្សេង​ទៀត​ស៊ី​ប្លង់តុង​ និង​សារាយ​​ដែល​បង្ក​ឲ្យ​មាន​ស្លែ​នៅ​ពេល​វា​រលួយ​​។

លោក​បាន​បន្ថែម​ថា ​ទោះបី​ជា​​ក្ដាម​​នៅ​ខេត្ត​កែប ប្រហែល​ជា​មាន​សុវត្ថិភាព​​ក្នុង​ការ​ទទួល​ទាន​​​​ប្រសិន​បើ​​​ចាប់​​​វា​​​បាន​​​​ទាំង​រស់​ក្ដី ក៏​​​វា​​​​​​ជា​​​​​​​​​រឿង​​​​​​​​​ត្រឹម​​​​​​​​​ត្រូវ​​​​​​ដែល​​​​រដ្ឋាភិបាល​​​​​ចេញ​ការ​ព្រមាន​​​ឲ្យ​​​មាន​​​ការ​​​​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​​សុខភាព។ ”​រដ្ឋាភិបាល​​ចាំបាច់​ត្រូវ​ធ្វើ​តេស្ត​​ដើម្បី​ឲ្យ​ប្រាកដ​ថា វា​គ្មាន​​​​​​ជាតិ​​​ពុល​ ពីព្រោះ​វា​​​​អាច​​​នឹង​​​ពុល”។

លោក នឿន កាំ អ្នក​គ្រប់គ្រង​​​ភោជនីយ​ដ្ឋាន​ គីម លី ជា​ភោជនីយដ្ឋាន​ក្ដាម​​​​នៅ​​​​​​មាត់​​​​​​ឆ្នេរ​​​ដ៏ពេញ​និយម​​​​​​​​​​​​​​​​​​​​​​ក្នុង​​​ខេត្ត​កែប ​​​បាន​​​​​​​លើក​​​ឡើង​​​​ថា ភោជនីយដ្ឋាន​របស់​លោក​បើក​រក​​​​​​ស៊ី​​​ធម្មតា​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

លោក​​​​​​​​​​​​​​បន្ត​​​​​​​​​ថា ជា​ទូទៅ​ការ​ផ្គត់ផ្គង់​គ្រឿង​​​​​​​​​​​សមុទ្រ​​នៅ​ទីនេះ គឺ​​​​បាន​​​​​​ពី​​ខាង​ក្រៅ​ដែន​សមុទ្រ​​​​កែប​ ដូច្នេះ​​​វា​មិន​រងប៉ះពាល់​ដោយ​​​​​​​​​សារ​​​កំណើន​​​​​​​​​​​កម្រិត​​​​​​ជាតិស្លែ​​​នេះ​​​ទេ។ ​”ទេស​ចរ​​​​​​​ឈប់​ហែល​ទឹក ប៉ុន្តែ​ភោជនីយដ្ឋាន​ភាគ​ច្រើន​​​បើក​លក់​​គ្រឿង​សមុទ្រ​​​​ធម្មតា។ អាជីវកម្ម​ភាគ​​​ច្រើន​នៅ​​កែប ​ទទួល​គ្រឿង​សមុទ្រ​​ពីដែន​​​​សមុទ្រ​​​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​កែប ប៉ុន្តែ​​ប្រសិន​បើ​គ្រឿង​សមុទ្រ​ទាំង​​​​នោះ​​​​នៅ​រស់ វា​​គ្មាន​បញ្ហា​​​​ទេ​”៕ សុខុម​​​​

 

The post រដ្ឋាភិបាល​​ចេញ​​​​​​​ការ​​​​​​ព្រមាន​​​ជុំ​វិញ​​​​​​កំណើន​​​កម្រិត​​​ជាតិ​​​​​​ស្លែ​​​​ធ្ងន់​​​ធ្ងរ​​​ក្នុង​ទឹក​សមុទ្រ​នៅ​​ឯ​ខេត្ត​កែប appeared first on ខេមបូឌា ដេលី.