ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​

យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។

លោក តាយ​​​ សេង អ្នក​​​ជំនួញ​​​ម្នាក់​​​ដែល​​​ក្រុមហ៊ុន​​​​តាយ​​​សេង​​​ផលិត​​​ទឹក​​​ស្អាត​​​របស់​​​គាត់​​​លក់​​​ទឹក​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​រាប់​​​ពាន់​​​នាក់​​​​នៅក្នុង​​​​និង​​​ជុំ​​​វិញ​​​ក្រុង​​​បានលុង​​​ដែល​​​ជា​​​ទី​​​រួម​​​ខេត្ត​​​​នៃ​ខេត្ត​​​រតនគិរី​​​ បាន​​​​​​លើក​​​ឡើង​​​ថា ថ្មី​​​ៗ​​​នេះ​​​លោក​​​បាន​​​​​​ចាប់​​​ផ្តើម​​​បូម​​​ទឹក​​​ចេញ​​​ពី​​​បឹង​​​កម្សាន្ត​​​។

លោក តាយ សេង បាន​​​មានប្រសាសន៍​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា “ខ្ញុំ​​​បាន​​​ចាប់​​​ផ្តើម​​​យក​​​ទឹក​​​ពី​​​បឹង​​​កម្សាន្ត​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​មុន។ ប៉ុន្តែ បើ​​​ខ្ញុំ​​​គិត​​ពី​​​បឹង​​​នេះ​​​ វា​​​អាច​​​ផ្តល់​​​ទឹក​​​បាន​​​គ្រប់​​​គ្រាន់​​​ត្រឹម​​​តែ​​​មួួ​​យ​​​ខែ​​​ប៉ុណ្ណោះ។​​​ ប្រសិន​​​បើ​​​​​​សាលា​ខេត្ត​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ខ្ញុំ​​​យក​​​ទឹក​​​ពី​​​បឹង​​​កន្សែង​​​ទេ​​​នោះ​​​ យើង​​​នឹង​​​អស់​​​ទឹក​​​ប្រើ​​​ប្រាស់​​​ទាំង​​​ស្រុង​​​​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ទៅ​​​៦​​​សប្តាហ៍​​​”។

ប៉ុន្តែ គ្រោះ​​​រាំង​​​ស្ងួត​​​នាពេល​បច្ចុប្បន្ន​​​ ជា​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់​​​បំផុត​​​ដែល​តំបន់​​​នេះ​​​មិនធ្លាប់ជួប​ក្នុង​​​រយៈ​​​ពេល​​​ជាច្រើន​​​ឆ្នាំ​​​មក​នេះ​​ ​​​​​​​​នឹង​​​មិន​​​បញ្ចប់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ទៀត​នោះ​​​ឡើយ​​​ ហើយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ទាំង​​​ថ្នាក់​​​មូល​​​ដ្ឋាន និង​​​ថ្នាក់​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា គ្មាន​​​ផែន​​​ការ​​​ដោះ​​​ស្រាយ​​​វិបត្តិ​​​ ខ្វះ​​​ទឹក​​​ដែល​​​នឹង​ជិត​​​​កើត​​​មាន​​​​​នេះ​​​ទេ​។ ពួក​​​គេ​​​ក៏​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​របស់​​​លោក តាយ សេង ដែល​​​ស្នើ​​​សុំ​​​បូម​​​ទឹក​​​ពី​​​បឹង​​​កន្សែង​​​ជា​​​តំបន់​​​ទេសចរណ៍​​​ដ៏​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព​​​​ដែរ​​​។

លោក សុន ពៅ ចៅ​​​សង្កាត់​​​កាចាញ​​​ ក្នុង​​​ក្រុង​​​បាន​​​លុង បាន​​​លើក​​​ឡើង​​​ថា ​​​អ្នក​​​ភូមិ​​​ចំនួន ​​​៦០០គ្រួសារ​​​បាន​​​រួម​​​គ្នា​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក តាយ​​​សេង​​​ លក់​​​ទឹក​​​ទៅ​​​ឲ្យ​​​ពួក​​​គាត់​​​ ខណៈ​​​ស្ថានភាព​​​រាំង​​​ស្ងួត​​​កាន់​​​តែ​​​យ៉ាប់​​​យឺុន​​​។

លោក​​​បាន​​​ថ្លែង​ថា “គ្មាន​​​ទឹក​​​ស្អាត​​​សម្រាប់​​​យើង​​​ប្រើ​​​ប្រាស់​​​ទៅ​​​មុខ​​​ទៀត​​​ឡើយ​​​។ យើង​​​មាន​​​អណ្តូង​​​ជាង​​​១០​​​ក្នុង​​​សង្កាត់​​​របស់​​​យើង។​ អណ្តូង​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​រីង​​​​ស្ងួត​​​ទាំងស្រុង​”​។

​​​បច្ចុប្បន្ន​ គ្រួសារ​​​ក្នុង​​​សង្កាត់​​​របស់​​​គាត់​​​កំពុង​​​ តែ​​​ទិញ​​​ទឹក​​​ពី​​​អ្នក​​​​ដែល​​​មាន​មធ្យោបាយ​បូម​​​ទឹក​​​ចេញ​​​ពី​​​អណ្តូង​​​ និង​​​បឹង​​​ដែល​​​មិន​​​ទាន់​​​រីងស្ងួត​​​​​​ ហើយ​អ្នក​​​​​​ខ្លះទៀត​​​​បាន​​​ដឹក​​​ទឹក​​​ពី​​​ទី​​​ឆ្ងាយ​​​ដែល​​​មាន​​​ចម្ងាយ​​​ជាង​​​១០​​​គីឡូម៉ែត្រពីភូមិ​​​​មក​​​លក់​​​ក្នុង​​​តម្លៃ​​​ថ្លៃ​​​ជាង​​​តម្លៃ​​​​​ធម្មតា​​​ពី​​​៥​​​ទៅ​​​១០​​​ដង​​​។

ជាតំបន់​ដាច់ស្រយាល​​​​​ដ៏ធំ​​​មួយ ​​​​ ​​ខេត្តរតន​​​គិរី​គឺជាខេត្ត​​​​ងាយ​​​ទទួល​​​រង​​​ផល​​​ប៉ះពាល់​​​ពី​​​គ្រោះ​​​រាំង​​​ស្ងួត ដោយ​​​មាន​ប្រជា​​​ពល​​​រដ្ឋ​​​ជិត​​​​​​៧០​​​ភាគ​​​រយ​​​ពឹង​​​ផ្អែក​​​លើ​​​បឹង​​​បួរ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក ហៀង​ ធីរ៉ា​​​ ដែល​​​ជា​​​អ្នក​​គ្រប់​​​គ្រងគម្រោង​​​​ទឹក​​​ស្អាត​​​របស់​​​​អង្គការ​​​ Care ជា​​​អង្គការ​​​ដែល​​​ធ្វើ​​​ការ​​​ទាក់​​​ទិន​​​ការ​​​អភិវឌ្ឍ​​​នៅ​ក្នុង​​​ខេត្ត​​​នេះ​​​។

ការ​​​ពឹង​​​ផ្អែក​​​លើ​​​ធន​​​ធាន​​​ទឹក​ធម្មជាតិ​​​នេះ​​​គឺ​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​ខ្ពស់​​​ជាង​​​មធ្យម​​​ភាគ​​​ទូទាំង​ប្រទេស​​​ ដែល​អង្គការ​ Unicef​​​ ​​​រក​​​ឃើញ​​​ថា​មាន​៤៦ភាគរយ​។

លោក ហៀង ធីរ៉ា បាន​​​លើក​​​ឡើង​​​ថា ការ​​​​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ដ៏​​​ឆាប់​​​រហ័ស​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ជា​​​កត្តា​​​ដែល​​​ចូល​​​រួម​​​ចំណែក​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​បឹង​​​បួរ​​​រីង​​​​ស្ងួត​​​ ឬ​​​បាត់​​​បង់​​​ ព្រោះ​​​សណ្ឋាន​​​ ក្រោម​​​ដី​​​មានការ​ប្រែ​ប្រួល​ដោយសារ​​​​ក្រុម​​​ហ៊ុន​​​ដែល​​​​​​កាប់​​​រាន​​​ព្រៃ​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​ចម្ការ​​​កៅស៊ូ​​​។

លោក ម៉ុន សម្បត្តិ​​​ នាយក​​​ប្រតិបត្តិ​​​​​​អង្គការ​​​ អភិវឌ្ឍន៍​​​ និង​​​ភាព​​​ជា​​​ដៃ​​​គូ​​​​​​នៅ​​​ក្នុង​​​សកម្ម​​​ភាព​​​(DPA)ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ធ្វើ​​​ការ​​​ពាក់​​​ព័ន្ធ​​​​​​ទឹក​​​ស្អាត​​​ក្នុង​​​ខេត្ត​​​រតន​​​គិរី​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​អាច​​​នឹង​​​ បន្ត​​​រាប់​​​ខែ​​​ទៀត​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ការ​​​ខ្វះ​​​ខាត​​​នឹង​​​បន្ត​​​រហូត​​​ដល់​​​ខែ​​​កក្កដា ឬ​​​ខែ​​​សីហា ។ បឹង​​​បួរ​​​​​រីង​​​ស្ងួត​​​អស់​​​ហើយ​​​ រីឯ​​​អណ្តូង​​​ក៏​​​បាន​​​​រីង​​​ស្ងួត​​​អស់ដែរ”​​​។

លោក នីម រ៉ូម៉ាស់ សមាជិក​​​សហគមន៍​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ទំពូន​​​ក្នុង​​​ភូមិ​​​យ៉ែម​​​​​​​ ​​​ឃុំ​​​សឿង ​​​ស្រុក​​​បរកែវ​​​ ដែល​​​មាន​​​ចម្ងាយ​ប្រហែល​​​៤០​​​គីឡូម៉ែត្រ​​​ពី​​​ក្រុង​​​បាន​​​លុង​​​​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​​​​បាន​​​ប្តូរ​​​​​​​​​​​​​​​​​​​​​​​​​ពី​​​ការ​​​ប្រើ​​​ទឹក​​​នៅ​​​ក្នុង​​​បឹង​​​បួរ​​មក​​​ប្រើ​​​ទឹក​​​​​​អណ្តូង​​​វិញ​​​ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ចម្ការ​​​ កៅស៊ូ​​​​​​ចូល​​​មក​​​ដល់​​​។

លោក​​​បាន​​​និយាយ​​​ទាក់ទិន​​​នឹង​​​ទឹក​​​ដែល​​​​នៅក្នុង​​​​បឹង​​​បួរ​​​ក្បែរ​​​ៗ​​​ភូមិ​​​ថា “ពួក​​​គេ​​​បាច​​​ជី​​​ជា​​​រៀង​​​​​រាល់​​​ឆ្នាំ​​​ ហើយ​​​យើង​​​ចេញ​​​កន្ទួល​​​ៗ​​​លើ​​​ស្បែក​​​និង​​​​​​​រាក​​​រូស​​​ពេល​​​ងូត​និង​ផឹក​​​ទឹក​​​នោះ​​​។ សព្វថ្ងៃនេះ​ មិនដឹងថា​ឆ្នាំ​ណា​មាន​ទឹក​​​ស្អាត​​​ប្រើ​​​ប្រាស់​​​គ្រប់​​​គ្រាន់​​​ទេ​​​​”។

ប៉ុន្តែ អណ្តូង​​​កំពុង​​​រី​​ង​​​ស្ងួត​​​ជា​​​បណ្តើ​​​ៗហើយ​ហើយ​​​ដូច​​​អ្នក​​​ផ្សេង​​​ជា​​​ច្រើន​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​​ នេះ​ អ្នក​​​ភូមិចំនួន​២០០​គ្រួសារ​​​ក្នុង​​​ភូមិ​​​យ៉ែម ​​​មិន​​​ដឹង​​​ថា ត្រូវ​​​​​ធ្វើ​​​អ្វី​​​នោះឡើយ​ បន្ទាប់​​​មក​​​ទៀត​​​។លោក រ៉ូម៉ាង ថាង មេឃុំ​​​សឿង បាន​​​លើក​​​​​​ឡើង​​​ថា “យើង​​​មិន​​​ដឹង​​​ថា នឹង​​​ត្រូវ​​​​​​ធ្វើ​​​អ្វី​​​នោះ​​​ឡើយ​​​។ យើង​​​គ្មាន​​​ទឹក​​​ស្អាត​​​គ្រប់​​​គ្រាន់​​​ទេ​​​។​គ្មាន​​​ទឹក​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ផឹក​​​ ឬ​​​ងូត​​​ឡើយ”។

មន្ត្រី​​​សាលា​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ខ្លួន​​​គ្មាន​​​គម្រោងបន្ទាន់​​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​​ភាព​​​រាំង​​​ស្ងួត​​​មាន​​​ភាព​​​ប្រសើរ​​​នោះ​​​ឡើយ​​​។

លោក នាង សំអាត​ ប្រធាន​​​រដ្ឋបាល​​​សាលា​​​​​​​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​ថ្នាក់​​​​ឃុំ និង​​​មន្ត្រី​​​ថ្នាក់​​​ស្រុក​​​ត្រូវ​​​បាន​​​ចាត់​​​តាំង​​​កាល​​​ពី​​​ដើម​​​ខែ​​​កុម្ភៈ ឲ្យ​​​ចុះ​​​ប្រមូលព័ត៌មាន​​​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​ទឹក​​​នៅតាមទីជនបទ​។

លោក កាដុំ​​​ សូណាវ៉ន ប្រធាន​​​មន្ទីរ​​​អភិ​​​វឌ្ឍន៍​​​​​​ជន​​​បទ​​​នៅក្នុង​ខេត្ត​​​នេះ​​​​បាន​​​​​​លើក​​​ឡើង​​​ថា សាលា​​​ខេត្ត​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ព័ត៌មាន​​​​​​ នោះ​​​ ឬ​​​ដាក់​​​ចេញ​​​នូវ​​​គម្រោង​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ខ្វះ​​​ខាត​​​ទឹក​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​​​​នេះ​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​នៅ​​​មិន​​​ទាន់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​នៅ​​​ឡើយ​​​ទេ ព្រោះ​​​​​​​​​យើង​​​មិន​​​ទាន់​​​មាន​​​ព័ត៌មាន​​​ច្បាស់​​​”។

លោក​​​ ចាន់​​​ ប៊ុនធឿន ប្រធាន​​​​​​មន្ទីរ​​​ធន​​​ធាន​​​​​​ទឹក​​​ខេត្តនេះ​ ​​​បាន​​​លើក​​​ឡើង​​​មុន​​​ពេល​​​លោក​​​ដាក់​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​យក​​​ព័ត៌មាន​​​​​ម្នាក់​​​ចុះ​​​ថា បញ្ហា​​​នេះ​​​មិន​​​មែន​​​ជា​​​បញ្ហា​​​ដែល​​​មាន​​​តែមួយ​គត់​នៅក្នុង​ខេត្ត​​​រតនគិរី​​​ឡើយ​​​ ។

លោក រ៉ូម៉ាង ថាង បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​ភូមិ​​​​​​ស្វះ​​ស្វែង​​​សុំ​​​ជំនួយ​​​ពី​​​សាលា​​​ខេត្ត​​​ជា​​​យូរ​​​មក​​​ហើយ​ដើម្បី​​​​ឲ្យ​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​​​​ការ​​​ទទួលបាន​ទឹក​ស្អាត​ប្រើ​​​ប្រាស​​​់​​​បាន​​​ប្រសើរ​​​​​​ឡើង ប៉ុន្តែ បាន​​​បោះ​​​បង់​​​ចោល​​​វិញជា​​​យូរ​​​មកហើយ​។

​​​លោក​​​​​​បាន​​​និយាយ​​​ថា “សាលា​​​ខេត្ត​​​មិន​​​បាន​​​មក​​​ជួប​​​​​​យើង​​​ឡើយ​​​”៕ ស៊ុយឈាង​​

The post ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ appeared first on ខេមបូឌា ដេលី.