ផឹក​ស្រា​រួច ​ចូល​ដេក​ ក៏​ត្រដរ​ខ្យល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​

ផឹក​ស្រា​រួច ​ចូល​ដេក​ ក៏​ត្រដរ​ខ្យល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​



ភ្នំពេញ ៖ បុរស​ម្នាក់​ បន្ទាប់ពី​ផឹក​ស្រា.ស​ និង​ស្រា​ថ្នាំ​ ជាមួយ​មិត្តភ័ក្ដិ​អស់​ប្រហែល​កន្លះ​លីត្រ​បាន​នាំ​គ្នា​មុជទឹក ​រួច​ចូល​ដេក​មួយសន្ទុះ​ ក្រោយមក​បាន​ឮ​សំឡេង​ត្រដរ​ខ្យល់​ពីរ​បី​ឃឹស​ ប្រពន្ធ​ចូល​ទៅ​មើល​ឃើញ​គាត់​ស្លាប់​បាត់​​ តែ​មិន​អស់ចិត្ត​ ខំ​ហៅ​ឡានពេទ្យ​មក​ដឹក​ទៅ​ជួយសង្គ្រោះ ​តែ​ត្រូវ​បាន​ពេទ្យ​ប្រាប់​ថា ​ជនរងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤​ខែ​មេសា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ជំ​ម្ពូ​វន្ត​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ជនរងគ្រោះ​ឈ្មោះ ​ម៉េង ភៀ​ង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​បើក​រថយន្ត​ក្រុង​ រស់នៅ​ភូមិ​កើត​ហេតុ​ខាងលើ​ ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព​ញ្ញ​ង​ ឃុំ​ធា​យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង។

ប្រពន្ធ​របស់​ជនរងគ្រោះ​ឈ្មោះ​ មែ សុ​ភី​ អាយុ​៣២​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ជា​មួយ​គ្នា និង​មាន​កូន​២​នាក់​ក្នុង​បន្ទុក​ ដែល​កូន​ទី​១-​អាយុ​៧​ឆ្នាំ​ និង​ទី​២-​អាយុ​២​ឆ្នាំ។

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ លោក​ប្ដី​របស់​គាត់ ​និង​ពួកម៉ាក​ម្នាក់ទៀត​បាន​ទិញ​ស្រា​កន្លះ​លីត្រ​មក​ផឹក​កាលពី​ក្បាល​ព្រលប់​ លុះ​ផឹក​អស់​ស្រា​នោះ​ហើយ​ គាត់​បាន​មុជទឹក​រួច​ហូបបាយ​ទឹកជា​ធម្មតា​គ្មាន​អ្វី​គួរ​កត់សម្គាល់​ទេ ប៉ុន្តែ​រហូតមកដល់​ម៉ោង​កើតហេតុ​ខាងលើ ​គាត់​បាន​ឮ​សំឡេង​ពីរ​បី​ឃឹ​ស​ មុនដំបូង​ស្មានថា​គាត់​ស្រមុក​ នៅ​ពេល​ចូល​ទៅ​មើល​ទើប​ដឹង​ថា​ប្ដី​គាត់​ស្លាប់។

ប្រភព​នេះ​បន្ដ​ថា ​ភ្លាមៗ​នោះ​គាត់​បាន​ហៅ​រថយន្ដ​សង្គ្រោះ​មក​ដឹក ​ក្នុង​គោលបំណង​ទៅ​ពេទ្យ​ប៉ុន្តែ​នៅពេល​ក្រុម​ឡានពេទ្យ​មកដល់​គេ​បាន​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម​សិន​នៅ​ពេល​ប៉ះពាល់​សព​ធ្វើ​ចលនា​ ទើបបាន​ប្រាប់​ទៅ​ស្ដ្រី​ជា​ប្រពន្ធ​វិញ​ថា​ ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ក្រោយមក​ គេ​មិនបាន​ប្ដឹងផ្ដល់​អ្វី​ទេ​ ដោយ​បាន​នាំគ្នា​រៀបចំ​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត​៕

ផឹក​ស្រា​រួច ​ចូល​ដេក​ ក៏​ត្រដរ​ខ្យល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​