បើកបរ​មិន​ប្រយ័ត្ន​ ទៅ​ព្រលះ​គូទ​រថយន្ត​ពីក្រោយ​របួស​ធ្ងន់​ពីរ​នាក់

បើកបរ​មិន​ប្រយ័ត្ន​ ទៅ​ព្រលះ​គូទ​រថយន្ត​ពីក្រោយ​របួស​ធ្ងន់​ពីរ​នាក់



បាត់ដំបង ​៖​ ជនរងគ្រោះ​ចំនួន​ពីរ​នាក់ ​ដែល​ជា​ភាគី​ម៉ូតូ​បាន​រង​របួស​ជា​ទម្ងន់​ ខណៈ​ដែល​កំពុង​បើកបរ​ម៉ូតូ​ ក៏​ស្រាប់តែ​រថយន្ត​ដឹក​ទឹក​សុទ្ធ​មួយ​គ្រឿង​បាន​មក​ឈប់​នៅ​ពីមុខ​ ​​ធ្វើឲ្យ​អ្នកបើកបរ​ម៉ូតូ​មិន​អាច​បញ្ឈប់​យាន​បាន ​ក៏​បុក​ពីក្រោយ​រថយន្ត​តែ​ម្ដង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២ និង​៣០​នាទី​ ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវ​លេខ​១៥៧១​ ក្នុង​ភូមិ​ចំការអូរ ឃុំ​កន្ទឺ​២​ ស្រុក​បាណន់​ រវាង​រថយន្ត​កូរ៉េ​ដឹក​ទឹកបរិសុទ្ធ​ ជាមួយ​នឹង​ម៉ូតូ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ បាត់ដំបង​1E9166 ដែល​បើកបរ​ដោយ​ឈ្មោះ ម៉ាប់ ឃីម ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​គល់ ​ឃុំ​កន្ទឺ​២ ស្រុក​បាណន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​មែន យ៉​ត ​ភេទ​ប្រុស​ អាយុ​ប្រហាក់ប្រហែល​គ្នា​.​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៧១។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ ​ ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​កូរ៉េ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភព​២ ១​ញ ​៣៥៤៧ ​មាន​ដឹក​ទឹកបរិសុទ្ធ​ផង ​ដែល​បើកបរ​ដោយ​ឈ្មោះ​ណៃ ចាន់​រ៉ា ​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយជ្រំ​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ​​កំពុង​បើកបរ​ស្រប​ទិស​គ្នា​នៅ​ពីមុខ​ ហើយ​បាន​ឈប់​សំចត​ភ្លាមៗ​ដើម្បី​ដាក់​ទឹក​ឲ្យ​ម៉ូយ​ ​​ធ្វើឲ្យ​ភាគី​ម៉ូតូ​មិន​អាច​បញ្ឈប់​យាន​បាន​ ​​ក៏​បុក​ពេញ​ពីក្រោយ បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំងពីរ​នាក់​ ដោយ​ភ្លាមៗ​នោះ​ដែរ​ទាំង​ប្រជាពលរដ្ឋ​ ក៏ដូចជា​សមត្ថកិច្ច​បាន​ចាត់​បញ្ជូន​ពួកគេ​ទាំងពីរ​នាក់​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​បាន​នាំ​យក​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

បើកបរ​មិន​ប្រយ័ត្ន​ ទៅ​ព្រលះ​គូទ​រថយន្ត​ពីក្រោយ​របួស​ធ្ងន់​ពីរ​នាក់