លោកជំទាវ ម៉ែន សំអន អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់ខ្ពស់ នៃ​ខេត្ត​គ័ង​ស៊ី បក្ស​កុម្មុយនិស្ត​ចិន ចូល​ជួប​សំណេះសំណាល

លោកជំទាវ ម៉ែន សំអន អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់ខ្ពស់ នៃ​ខេត្ត​គ័ង​ស៊ី បក្ស​កុម្មុយនិស្ត​ចិន ចូល​ជួប​សំណេះសំណាល



ភ្នំពេញ ៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ល្ងាច​ថ្ងៃ​ទី​៣​មេសា​កន្លង​ទៅ​នេះ បាន​អនុញ្ញាត​ឲ្យ​ការិយាល័យ​កិច្ចការ​អន្តរជាតិ នៃ​តំបន់​ស្វយ័ត​គ័ង​ស៊ី ដឹកនាំ​ដោយ​លោក យូ ជុន​សេង (Yu Chunsheng) ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន ផ្នែក​អធិការកិច្ច និង​ត្រួត​ពិនិត្យ​វិស័យ​ខេត្ត​គ័ង​ស៊ី ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង​។​

នៅ​ក្នុង​ជំនួប​នេះ លោក យូ ជុន​សេង បាន​មានប្រសាសន៍ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់​លោក មកកាន់​កម្ពុជា ហើយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​វិស័យ​អធិការកិច្ច នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្ដម​បាន​បន្ត​ថា ខេត្ត​គ័ង​ស៊ី ជា​ខេត្ត​មួយ កំពុង​មាន​ការ​អភិវឌ្ឍ​ ដែល​ទទួល​បាន​ការ​អនុ​គ្រោះ​ច្រើន​ពី​សំណាក់​រដ្ឋាភិបាល លើ​វិស័យ​សេដ្ឋកិច្ច ហើយ​ខេត្ត​គ័ង​ស៊ី​មាន​ទាំង​ផ្លូវគោក និង​ផ្លូវ​សមុទ្រ ជាប់​ជាមួយនឹង​តំបន់​អាស៊ាន ជា​អំណោយផល​ល្អ​មួយ ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ភាគី​ទាំងពីរ។

លោក​ យូ ជុន​សេង ក៏បាន​ជម្រាប​ជូន​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី អំពី​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅ​ខេត្ត​គ័ង​ស៊ី​ផង​ដែរ ដោយ​ដំណើរការ​នេះ​បាន​ធ្វើ​ឡើង​យ៉ាង​ល្អ​ប្រសើរ ហើយ​មានការ​គាំទ្រ​យ៉ាង​ច្រើន ពី​សំណាក់​ប្រជាពលរដ្ឋ​។ ក្នុង​នោះ​លោក​ក៏​បាន​គោរព​អញ្ជើញ​លោកជំទាវ ម៉ែន សំអន ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​គ័ង​ស៊ី​ផង​ដែរ។​

ជា​ការ​ឆ្លើយតប លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ កិច្ចការ​ប្រឆាំង​អំពើពុករលួយ របស់​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ខេត្ត​គ័ង​ស៊ី ហើយ​លោកជំទាវ​បាន​បញ្ជាក់​ថា សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ ស្របតាម​ច្បាប់​របស់​រាជរដ្ឋាភិបាល។

លោកជំទាវ​បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​និង​ជួយ​ដល់​កម្ពុជា លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ជីវភាព​ល្អ​ប្រសើរ។ ពាក់ព័ន្ធ​នឹង​ការ​អញ្ជើញ​របស់​លោក យូ ជុន​សេង ក្នុង​ការ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​គ័ង​ស៊ី លោកជំទាវ​បាន​មានប្រសាសន៍ថា លោកជំទាវ​ទទួលយក​នូវ​ការ​អញ្ជើញ ហើយ​នឹង​បំពេញ​ដំណើរ​ទស្សនកិច្ច​តាម​ពេលវេលា​សមស្រប​ណាមួយ​មិន​ខាន​៕

លោកជំទាវ ម៉ែន សំអន អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់ខ្ពស់ នៃ​ខេត្ត​គ័ង​ស៊ី បក្ស​កុម្មុយនិស្ត​ចិន ចូល​ជួប​សំណេះសំណាល