ខ្យល់​កន្ត្រាក់​ បោកបក់​ខ្លាំង ​បំផ្លាញ​ផ្ទះ​គ្រួសារ​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​អស់​២៧​ខ្នង​

ខ្យល់​កន្ត្រាក់​ បោកបក់​ខ្លាំង ​បំផ្លាញ​ផ្ទះ​គ្រួសារ​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​អស់​២៧​ខ្នង​



ព្រះវិហារ ៖ សេចក្ដីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ច្បាស់​ថា ​នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ មាន​គ្រោះថ្នាក់​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ខ្លាំង​លាយឡំ​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​។​ កម្លាំង​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​បំផ្លាញ​លំនៅដ្ឋាន​នាយទាហាន​នាយទាហានរង​ និង​ពលទាហាន​អស់​ចំនួន​២៩​ខ្នង​។​ បាតុភូត​ខ្យល់​កន្ត្រាក់​នេះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​គ្រោះថ្នាក់​នោះ​ទេ។

ទីតាំង​កើតហេតុ​ការណ៍​ស្ថិតនៅ​ក្បែរ​បន្ទាយ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨២ ​ចំណុះ​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៨​ ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ​ក្នុង​ភូមិ​បង្គោល​ប្រាំបី​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​។ ​តាម​ដឹង ​គ្រោះធម្មជាតិ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ​ បាន​បើកឆាក​ដំបូង​គេ​បោក​បក់​ខ្លាំង​ចំ​ភូមិឋាន​គ្រួសារ​កងទ័ព​តែម្ដង ​ហើយ​ជា​សញ្ញា​អាសន្ន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​មាន​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ។

លោក​វរសេនីយ៍ទោ​ សា​ រ៉ាវុធ​ មេ​បញ្ជាការ​រង​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨២​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ កម្លាំង​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​គ្រួសារ​កងទ័ព​អស់​ចំនួន​២៧​ខ្នង​ ស្ថិត​នៅ​ក្បែរៗ​បន្ទាយ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨២ ​ក្នុង​ភូមិ​បង្គោល​ប្រាំបី​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត។

លោក​ សា រ៉ាវុធ ​បញ្ជាក់​ថា ​ផ្ទះ​ចំនួន​២៧​ខ្នង ​ដែល​ទទួលរង​ការខូចខាត​នោះ ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ​ដែល​រងគ្រោះ​មាន​ដូចជា ​ប៉ើង​ដំបូល​ និង​ជញ្ជាំង​ខ្ទេច​អស់ហើយ ​ក្នុង​នោះ​មាន​ផ្ទះ​១​ខ្នង ​ដែល​មាន​ម្ចាស់​ឈ្មោះ​ ម៉ូ​វ ​គឹម​ហាក់ ជា​ពលទាហាន​បាន​រលំ​ដួល​រាប​ដល់​ដី​ទាំងស្រុង​។ ​ខ្យល់​កន្ត្រាក់​នេះ​លាយឡំ​ជាមួយ​ភ្លៀង​មួយ​មេ​ធំ​ថែមទៀត។

លោក​ ប្រាក់​ ភី ​មេឃុំ​ស្រអែម​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​មេសា​នេះ​ថា ​គាត់​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទី​តាំង​កើតហេតុ​ខ្យល់​កន្ត្រាក់​រួចហើយ ​និង​បាន​ស្រង់​ឈ្មោះ​ម្ចាស់ផ្ទះ​រងគ្រោះ​ធ្វើ​របាយការណ៍​ដាក់​ទៅ​សាលាស្រុក​ជាំ​ក្សាន្ត​អស់ហើយ​។​ ជាក់ស្ដែង ​ហេតុការណ៍​នេះ​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​គ្រួសារ​កងទ័ព​អស់​ចំនួន​តែ​២១​ខ្នង​ប៉ុណ្ណោះ​ ប៉ុន្តែ​របាយការណ៍​របស់​កង​ទ័ព​ខូចខាត​រហូតដល់​២៩​ខ្នង​។​

លោក​មេឃុំ​បញ្ជាក់​ថា ​ផ្ទះ​ដែល​រង​ការខូចខាត​ដោយ​កម្លាំង​ខ្យល់​កន្ត្រាក់​នោះ ​ខ្លះ​ប៉ើង​ដំបូល​ស័ង្កសី​បួនដប់​សន្លឹក​តែប៉ុណ្ណោះ​ និង​មាន​ផ្ទះ​១​ខ្នង​បាន​ដួល​រលំ​ពី​ជើងតាំង​ទាំងស្រុង​។​ នៅ​ថ្ងៃ​កើត​ហេតុ​នោះ​មិន​មាន​ភូមិ​ផ្សេងទៀត​ទទួលរង​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​នោះ​ទេ៕