លោក​ស៊ុត ឌី​ណា​ ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

លោក​ស៊ុត ឌី​ណា​ ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ



ភ្នំពេញ ​៖​ លោក​ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​កូរ៉េខាងត្បូង​) ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាក់ទង​នឹង​អំពើពុករលួយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់។

លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​កាលពី​វេលា​មុន​នេះ​បន្តិច​ថា លោក​ស៊ុត ឌី​ណា ពិតជា​ត្រូវ​បាន​ឃាត់ខ្លួន​មែន ទាក់ទង​នឹង​អំពើ​ពុក​រលួយ ហើយ​ពេលនេះ​កំពុង​តែ​ធ្វើ​ការ​សាកសួរ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ​កម្ពុជា​ថ្មី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​ជុំ ស​ន្ទ​រី បាន​នៅឡើយ​ទេ ប៉ុន្តែ​ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង ខណៈ​ពេល​លោក​ស៊ុត ឌី​ណា ធ្វើដំណើរ​ពី​ប្រទេស​កូរ៉េ​មកកាន់​កម្ពុជា។

គួរ​រំលឹក​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​មន្ត្រី​នាយកដ្ឋាន​មួយ​រូប​នៃ​ក្រសួង​ការបរទេស​ ទាក់ទង​នឹង​អំពើពុករលួយ​នៃ​ការ​រត់​ឯកសារ ប៉ុន្តែ​ករណី​លោក​ស៊ុត ឌី​ណា គេ​មិនទាន់​ដឹង​ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​ខាង​លើ​នេះ ឬ​យ៉ាងណា​នោះ​ទេ តែ​បើ​ផ្អែក​តាម​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា សំណុំរឿង​លោក​អ៊ា សែ កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​បន្ត៕