ក្រោយ​មានឈ្មោះ​ល្បី​ ក្នុង​វិស័យ​សិល្បៈ ​ម៉ៅ​ ហា​ជី​ សម្រេចចិត្ត​លែងលះ​ភរិយា

ក្រោយ​មានឈ្មោះ​ល្បី​ ក្នុង​វិស័យ​សិល្បៈ ​ម៉ៅ​ ហា​ជី​ សម្រេចចិត្ត​លែងលះ​ភរិយា



ភ្នំពេញ ៖ ថ្មីៗ​នេះ​តារា​ចម្រៀង​ដែល​ល្បីឈ្មោះ ​ដោយសារ​កម្មវិធី​លំដាប់​ពិភពលោក​ម៉ៅ ហា​ជី​បាន​លេចចេញ​នៅ​ដំណឹង​ថា លោក​បានសម្រេច​ចិត្ត​លែងលះ​ភរិយា​ ដែល​ធ្លាប់​កម្សត់កម្រ​ជាមួយគ្នា​ហើយ​ក្រោយពេល​មានឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ​។ កន្លងមក​មិនមាន​នរណា​ម្នាក់​ដឹង​ទេ​ថា អតីត​បេក្ខជន​កម្មវិធី Cambodia idol រូបនេះ​ធ្លាប់​មាន​ប្រពន្ធ​ដែល​ជា​ជា​អ្នកចម្រៀង​ច្រៀង​តាម​តន្ត្រីសម័យ​តាម​ខេត្ត​និង​កូន​ទាល់តែសោះ​។

បន្ទាប់ពី​ស្ងប់ស្ងាត់​ជុំវិញ​រឿងរ៉ាវ​បណ្តឹង​រវាង​តារា​ច្រៀង​រូប​នេះ​ ជាមួយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​នោះ ស្រាប់តែ​ថ្មីៗ​នេះ​អ្នកចម្រៀង​ទើបនឹង​ដុះ​ពន្លក​ម៉ៅ ហា​ជី បាន​លេចចេញ​ដំណឹង​លែងលះ​ប្រពន្ធ​ដែល​ធ្លាប់​រួមរស់​កម្សត់កម្រ​ជាមួយគ្នា​ជាង​៥​ឆ្នាំកន្លងមក​ដោយ​មិន​ស្តាយស្រណោះ​នូវ​ចំណង​អនុស្សាវរីយ៍​និង​កូន​ ដែល​មាន​វ័យ​៥​ឆ្នាំ​។ ប្រភព​និយាយ​លើក​ឡើង​ថា តារាចម្រៀង លោក ម៉ៅ ហា​ជី បាន​លែងលះ​ប្រពន្ធ​មានឈ្មោះ ស្រីមុំ ដែល​ធ្លាប់​តស៊ូ​ជា​អ្នកចម្រៀង​នៅ​ក្រុម​តន្ត្រីសម័យ​តាម​ខេត្ត​ជាមួយគ្នា​អស់​រយៈពេល​ជាង​មួយខែ​មក​ហើយ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​លម្អិត​អ្នកចម្រៀង​រូបនេះ​លែង​ប្រពន្ធ​ដោយ​មូល​ហេតុអ្វី​នោះ​ គេ​មិន​ហ៊ាន​បញ្ជាក់​ច្បាស់​ទេ ​ដោយ​គ្រាន់តែ​ឮ​អ្នកស្រុក​និយាយថា​ក្រោយ​ពេល ម៉ៅ ហា​ជី​មាន​ស្រី​ស្នេហ៍​ថ្មី​ ដែល​មាន​រូប​សម្រស់​ និង​ទ្រព្យសម្បត្តិ​តាម​ស្រឡាញ់​ទើប​ធ្វើ​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​។ ទាក់ទង​នឹង​ការ​និយាយ​លើកឡើង​ខាង​លើនេះ​«​កម្ពុ​ជាថ្មី​»​នៅ​មិនទាន់​ស្វែងរក​ការ​បញ្ជាក់​ណាមួយ​ពី​តារាចម្រៀង ម៉ៅ ហា​ជី​បាន​នៅឡើយ​ពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ នេះ​ដោយសារតែ​គេ​បាន​ចុច​ផ្តាច់​ទូរស័ព្ទ ​ក្រោយពេល​លោក​ដឹងថា អ្នក​ដែល​ទូរស័ព្ទ​ចូល​គឺជា​អ្នក​សារព័ត៌មាន​។ មហាជន​ជាពិសេស​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​តារាចម្រៀង​ដុះ​ចេញពី​កម្មវិធី Cambodia idol​រូបនេះ​នៅ​បន្ត​រង់ចាំ​តាមដាន​ទៀត​ថា តើ​ដំណឹង​នៃ​ការ​លែងលះ​ប្រពន្ធ​របស់​ម៉ៅ ហា​ជី គឺជា​រឿង​ពិត​ឬ​យ៉ាងណា​៕