គួរឲ្យភ្ញាក់ផ្អើល! តារាម៉ូដែលស្រីឥណ្ឌា ដើរបង្ហាញម៉ូត ទាំងកំពុងពពោះយ៉ាងធំ

ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលស្រី សញ្ជាតិឥណ្ឌា នាង Carol Gracias វ័យ៣៧ឆ្នាំ បានធ្វើឲ្យទស្សនិកជន ក៏ដូចជា មនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីនាង បានដើរបង្ហាញម៉ូត ឲ្យអ្នកច្នៃម៉ូតឥណ្ឌា Gaurang Shah ក្នុងកម្មវិធី Lakme Fashion Week ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ទាំងកំពុងពពោះ យ៉ាងធំ។

នាង Carol បានប្រាប់សារព័ត៌មាន Hindustan Times ឲ្យដឹងថា «ខ្ញុំបានធ្វើការ ជាអ្នកដើរបង្ហាញម៉ូត អស់រយៈពេល ជាច្រើនឆ្នាំ ណាស់មកហើយ។ លើកនេះ ដូចពេលធម្មតាអីចឹង គាត់ទូរស័ព្ទមកខ្ញុំ និងសុំកក់ខ្ញុំ។ ខ្ញុំបានប្រាប់គាត់វិញថា ខ្ញុំកំពុងតែមានផ្ទៃពោះ ប៉ុន្តែគាត់នៅតែទទូច ចង់ឲ្យខ្ញុំដើរម៉ូតដដែ។ ដូច្នេះខ្ញុំក៏បានគិត និងដឹងថា សម្លៀកបំពាក់ គឺត្រូវបានដាក់បង្ហាញ សម្រាប់ស្ត្រីគ្រប់គ្នា រួមទាំងស្រ្តីមានផ្ទៃពោះ ផងដែរ។ ខ្ញុំគិតថា ប្រសិនបើអ្នកច្នៃម៉ូត ចង់បានខ្ញុំ ទៅដើរម៉ូតទៅហើយ ហេតុអ្វីខ្ញុំមិនអាច? ខ្ញុំពិតជារីករាយ ចំពោះបទពិសោធន៍នោះ ខ្លាំងណាស់»។

គួររំលឹកឲ្យដឹងផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ អ្នកច្នៃម៉ូត Karl Lagerfeld និងក្រុមហ៊ុន Dolce & Gabbana ក៏បានយកតារាម៉ូដែល ដែលកំពុងពពោះ មកបង្ហាញនៅក្នុង កម្មវិធីដើរបង្ហាញម៉ូត របស់ពួកគេដែរ ប៉ុន្តែចំពោះនាង Carol វិញ គឺជាលើកដំបូងហើយ សម្រាប់ការបង្ហាញម៉ូត ក្នុងប្រទេសឥណ្ឌា ដែលប្រើប្រាស់ តារាម៉ូដែលមានផ្ទៃពោះ មកដើរបង្ហាញម៉ូត ដោយផ្ទាល់តែម្តង។

យ៉ាងណាមិញ ការបង្ហាញខ្លួន របស់ស្រ្តីមានផ្ទៃពោះ ក្នុងកម្មវិធីបង្ហាញម៉ូត គឺពិតជាសំខាន់ណាស់ ដោយវាបានបង្ហាញឲ្យឃើញថា គ្មានមូលហេតុណាមួយ ដែលតារាម៉ូដែលមានផ្ទៃពោះ ត្រូវដកចេញពី ការបង្ហាញម៉ូតឡើយ៕

ប្រភព ៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload