សម្តេច​តេ​ជោ ហ៊ុន សែន អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​

​ភ្នំពេញ​៖ លោក ឆាយ សុផល អ្នកនិពន្ធ​សៀវភៅ និង​ជា​សាស្ត្រាចារ្យ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៤ មេសា​នេះ បានចេញ​ផ្សាយ​សៀវភៅ​មួយទៀត​ដែលមាន​ចំណងជើង​ថា  «​ហ៊ុន សែន - នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​»​ដែល​បានបង្ហាញ​ពី​អំណាច​គ្រប់គ្រង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រយៈពេល​៣១​ឆ្នាំ​មកនេះ (៤ មេសា ១៩៨៥ - ៤ មេសា ២០១៦)​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ឯក​ទីស្នាក់ការ​ក្លិប​អ្នកកាសែត​កម្ពុជា លោក​ឆាយ សុផល បាន​លើកឡើងថា សៀវភៅ​នេះ​គឺជា​ឯកសារ​ជំនួយស្មារតី​ផ្នែក​នយោបាយ​ក៏ដូចជា​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត ព្រោះ​លោក​បាន​រៀបរាប់​ដោយ​សង្ខេប​ស្តីពី​របត់​នយោបាយ យោធា សេដ្ឋកិច្ច និង បញ្ហា​សង្គម​មួយចំនួនទៀត​ដែល​កើតមាន​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុ​ជានា​អំឡុងពេល​នៅ​ចន្លោះ​មុន​ឆ្នាំ​១៩៧០ រហូតមកដល់​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៦​។

​លោក​បាន​បញ្ជាក់ថា «​ថ្វីបើ​សៀវភៅ​មាន​ចំណងជើង​ធំៗ​សរសេរថា ហ៊ុន សែន ក៏ដោយ តែ​ខ្លឹមសារ​ដែលមាន​កម្រាស់​ជិត​៥០០​ទំព័រ​នេះ​បាន​រៀបរាប់​ពី​នយោបាយ​និង​អំណាច​ប្រទាក់ក្រឡា​គ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ផង​និង​ពិភពលោក​ផង ដោយមាន​ពាក់ព័ន្ធ​នឹង​ឥស្សរជន​ជាច្រើន​ទាំង​ខ្មែរ​និង​បរទេស​ដែលមាន​នៅមុន​ឆ្នាំ​១៩៧០ រហូតមកដល់​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៦ ក្នុងនោះ​ក៏មាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ផងដែរ​»​។     ​
សម្តេច​តេ​ជោ ហ៊ុន សែន អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​

​លោក ឆាយ សុផល បាន​រៀបរាប់ថា នេះ​ជាការ​ចេញផ្សាយ​លើក​ទី​២ ហើយ​មាន​ចំណុច​ថ្មីៗ​ជាច្រើន ព្រោះថា កាលពីពេល​បោះពុម្ព​លើកទីមួយ​គិត​ព្រឹត្តិការណ៍​ត្រឹម​ឆ្នាំ​២០១១ មាន​ជាង​៣០០​ទំព័រ តែ​លើក​ទី​២​នេះ​គឺ​គិត​ព្រឹត្តិការណ៍​រហូតមកដល់​ពាក់កណ្តាល​ខែមីនា​ឆ្នាំ​២០១៦ មាន​ដល់​ទៅ​៤៩៤​ទំព័រ​។​   

 លោក ឆាយ សុផល បន្តថា នៅក្នុង​ភាពជា​អ្នកដឹកនាំ​រដ្ឋាភិបាល​ក្នុង​រយៈពេល​៣១​ឆ្នាំ​មកនេះ សម្តេច ហ៊ុន សែន ពិត​ជាមាន​អ្នកគាំទ្រ​និង​អ្នកប្រឆាំង ដែល​បញ្ហា​នេះ​មិនមែន​ចម្លែក​ទេ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៤ មេសា ១៩៧០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ចលនា​តស៊ូ​ក្រោយ​មានការ​អំពាវនាវ​រប​ស់ស​ម្តេច នរោត្តម សីហនុ ឲ្យ​ជនរួមជាតិ​ងើបឡើង​ប្រឆាំង​ពួក​ចក្រពត្តិ​អាម៉េរិក និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក លន់ នល់ ហើយ​សម្តេច​បាន​យក​ថ្ងៃទី​៤ មេសា ជា​ថ្ងៃកំណើត​ផ្លូវការ​នៅក្នុង​ប្រវត្តិរូប​រហូតមក តែ​ថ្ងៃកំណើត​របស់លោក​គឺ​ថ្ងៃទី​៥ សីហា​១៩៥២​។ បើ​គិតពី​ថ្ងៃទី​៤ មេសា ១៩៧០ មកដល់ ថ្ងៃទី​៤ មេសា ២០១៦ គឺ​សម្តេច​តេ​ជោ​បាន​បម្រើ​ប្រទេស​អស់​រយៈពេល​៤៦​ឆ្នាំ​ហើយ ក្នុងនោះ​ជា​នាយករដ្ឋមន្ត្រី​បាន​៣១​ឆ្នាំ​។ 
 
​មកដល់ពេលនេះ លោក ឆាយ សុផល បាន​ចងក្រង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រមាណ​៥​ក្បាល​ហើយ ហើយ​នៅពេលដែល​សួរថា តើ​ការបោះពុម្ព​សៀវភៅ​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ទេ លោក សុផល បាន​ឆ្លើយ​​មួយៗ​ថា «​ជាការ​ពិត គឺ​មិន​ទទួល​កំរៃ​ច្រើន​ធ្វើ​ឲ្យ​ជីវភាព​ធូរធា​នោះទេ តែ​ធ្វើ​ម៉េច​បើ​នេះ​ជា​ជំនាញ​របស់ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​កិច្ចការ​នេះ និង​បន្តធ្វើ​ទៀត​។ ខ្ញុំ​មាន​គម្រោង​ចេញ​សៀវភៅ​ពីរ​ក្បាល​ទៀត​នៅមុន​ឆ្នាំ​២០១៨​ខាងមុខនេះ​នេះ​»៕