លោក ហ៊ុន សែន ថា​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​នេះ​គឺ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​នេះ​គឺ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ តែ​លោក​ក៏​អរគុណ​ដល់​បក្ស​ប្រឆាំង​ដែល​មិន​បោះឆ្នោត​គាំទ្រ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មេសា ដោយ​លោក​អះអាង​ថា ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ហើយ​លោក​ក៏​ថ្លែង​ឌឺដង​ទៅ​បក្ស​សង្គ្រោះជាតិ ដែល​និយាយ​តាម​សារព័ត៌មាន ថា មិន​បោះឆ្នោត​គាំទ្រ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ​ផង​ដែរ។

លោក ហ៊ុន សែន ថា ទង្វើ​របស់​គណបក្ស​សង្រ្គោះជាតិ គឺ​មិន​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ជំពាក់​គុណ បក្ស​ប្រឆាំង​ឡើយ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ព្រួយ​បារម្ភ​ការ​លើក​ឡើង​នេះ​ដែរ ព្រោះ​បក្ស​កាន់​អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត។

រដ្ឋសភា​ចាប់​ផ្ដើម​ប្រជុំ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មេសា ដោយមាន​របៀបវារៈ​ចំនួន​៥ រួម​មាន​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ដែល​ទើប​ស្នើ​ឲ្យ​រុះរើ​ថ្មី និង​ពិភាក្សា​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​ជាដើម។

សមាសភាព​គណៈរដ្ឋមន្ត្រី​ដែល​រដ្ឋាភិបាល​ទើប​ស្នើ​ឲ្យ​រុះរើ​ថ្មីៗ​នេះ នឹង​ត្រូវ​បញ្ចប់​ភារកិច្ច​រដ្ឋមន្ត្រី​ចំនួន​៣​រូប គឺ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ធម្មការ និង​សាសនា ក្នុង​នោះ​នឹង​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ពី​ក្រសួង​មួយ​ទៅ​កាន់​ក្រសួង​មួយ​ផ្សេង​ទៀត ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​វិញ​ជាដើម។

ក្រៅ​ពី​របៀបវារៈ​នេះ​ក៏​មាន​របៀបវារៈ​ផ្សេង​ទៀត មាន​ដូច​ជា ព្រះរាជសារ​ព្រះ​មហាក្សត្រ​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ របាយការណ៍​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យ​ប្រជុំ​លើក​ទី៥ និង​ទី៦ និង​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំនួន​១​រូប ជាដើម។

យ៉ាងណាក៏ដោយ​នៅ​ខាង​ក្រៅ​បរិវេណ​វិមាន​រដ្ឋសភា​ឯណោះ​វិញ សមត្ថកិច្ច​បាន​ដាក់​រនាំង​បិទ​ផ្លូវ​មិន​ឲ្យ​ចរាចរ​ទេ ខណៈ​មន្ត្រី​សហជីព​​ប្រមាណ​១០០នាក់ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច ធ្វើ​ឲ្យ​មន្ត្រី​សហជីព​១នាក់​រង​របួស​បែក​ក្បាល នៅ​ពេល​ពួកគេ​កំពុង​​តវ៉ា​ឲ្យ​​​រដ្ឋសភា​កែប្រែ​មាត្រា​ចម្រូងចម្រាស​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព ដែល​រដ្ឋសភា​កំពុង​ពិភាក្សា​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។