ប្រាក់​ចំណូល​រដ្ឋ​បាន​កើនឡើង​0,3% នៅ​ត្រីមាស​ទី​1​ដើមឆ្នាំ​នេះ

ប្រទេស​វៀតណាម ៖ ប្រាក់​ចំណូល​សរុប​នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ មាន​ចំនួន​២៣០,៥​ទ្រី​លាន​ដុ​ង (១០,៣​ប៊ី​លាន​ដុល្លារ​) ស្មើនឹង​២២,៧% នៃ​គោលដៅ​ប្រាក់​ចំណូល​សរុប​នៅ​ឆ្នាំ​នេះ ។ មិនតែប៉ុណ្ណោះ វា​បាន​កើនឡើង​០,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកគ្រប់គ្រង​ការិយាល័យ លោក Ngo Chi Tung ប្រចាំ​ក្រសួង​ហិរញ្ញវត្ថុ ។

ក្នុង​ចំណោម​ប្រាក់​ចំណូល​សរុប​សម្រាប់​ត្រីមាស​ទី​១ ប្រាក់​ចំណូល​ក្នុងស្រុក​សរុប​មាន​ចំនួន​១៩៤​ទ្រី​លាន​ដុ​ង (៨,៧​ប៊ី​លាន​ដុល្លារ​) ឬ​ស្មើនឹង​២៤,៧% នៃ​ការ​ព្យាករ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ និង​មាន​អត្រា​ខ្ពស់​ជាង​១០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ប៉ុន្តែ​ក្រសួង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា ការ​ព្យាករ​នៃ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​ប្រេង​ឆៅ មាន​ទឹកប្រាក់​៩​ទ្រី​លាន​ដុ​ង ហើយ​មាន​អត្រា​ត្រឹមតែ​១៦,៤%​ប៉ុណ្ណោះ ដែល​តិច​ជាង​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​សរុប បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ក្នុង​ឆ្នាំ​២០១៥ ។

លោក Ngo Chi Tung ឲ្យ​ដឹង​ទៀត​ថា ៖ « សកម្មភាព​នាំ​ចេញ នាំ​ចូល​មាន​ទឹកប្រាក់​ចំនួន​៥៤,៦​ទ្រី​លាន​ដុ​ង​នៃ​ថវិកា​សរុប ស្មើនឹង​អត្រា​១១,៥% ទាប​ជាង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​ស្មើនឹង​២០,២% នៃ​ប្រាក់​ចំណូល​ដែល​បាន​ព្យាករ » ។ លោក​ថា ៖ « លទ្ធផល​នៃ​ប្រាក់​ចំណូល​នា​ត្រីមាស​ទី​១​នេះ ដោយសារ​តែ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​មាន​ប្រសិទ្ធភាព​រវាង​អាជ្ញាធរ​ក្នុងស្រុក​ដែល​បាន​ពង្រឹង​វិធានការ​ប្រមូល​ថវិកា និង​ពន្ធ​នៅ​ដើមឆ្នាំ​នេះ ដើម្បី​ការពារ​ប្រាក់​ពន្ធ​ដែល​មិន​ទាន់​បង់​នៅ​ត្រឹម​ពាក់កណ្តាល និង​នៅ​ដំណាច់ឆ្នាំ​នេះ » ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​ថវិកា​សរុប​នៅ​ត្រីមាស​ទី​១ ស្មើនឹង​២៧៧,៥​ទ្រី​លាន​ដុ​ង ឬ​ស្មើនឹង​២២%​នៃ​គោលដៅ​គ្រោង​ចំណាយ​នៅ​ឆ្នាំ​នេះ និង​កើនឡើង​៥,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ក្នុង​នោះ​ដែរ ការ​ចំណាយ​លើស​កំណត់​មាន​ទឹកប្រាក់​ប្រមាណ​៤៧​ទ្រី​លាន​ដុ​ង ឬ​ស្មើនឹង​១៨,៥% នៃ​ការ​ព្យាករ​សរុប។

ជា​ផ្នែក​មួយ​នៃ​ការ​ប្រមូល​ទុន​ថវិការដ្ឋ ដែល​បាន​ចេញផ្សាយ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​២៥ មីនា គឺ​មាន​ចំនួន​៧០​ទ្រី​លាន​ដុ​ង​នៃ​បំណុល​របស់​រដ្ឋាភិបាល​សម្រាប់​ទូទាត់​ការ​ចំណាយ​ថវិកា​លើស​កំណត់ និង​គ្របដណ្តប់​ការ​ចំណាយ​សម្រាប់​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ ៕