(Video Highlight) Martial រកគ្រាប់បាល់ឈ្នះ ខណៈ Man United ផ្តួល Everton

ខ្សែប្រយុទ្ធ Anthony Martial បានស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់ក្នុងការប្រកួត ខណៈដែលក្រុម Manchester United បានផ្តួលក្រុម Everton ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ ដើម្បីដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ Manchester City ចំនួន១ពិន្ទុ។
man-utd
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៥៤របស់ Martial បានជួយឲ្យខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះរកបានគ្រាប់បាល់ទី១៣របស់គេក្នុងរដូវកាលនេះ និងបានជួយឲ្យ Man United ធ្វើការអបអរយ៉ាងរីករាយចំពោះការដាក់ឈ្មោះកៅអីផ្នែកខាងត្បូងនៃកីឡដ្ឋាន Old Trafford ថា Bobby Charlton ដែលជាអតីតកីឡាករឆ្នើមរបស់ក្លិប។ ការទទួលជ័យជម្នះនេះបានរក្សាធ្វើឲ្យក្តីសង្ឃឹមរបស់លោក Louis van Gaal អ្នកចាត់ការទូទៅរបស់ Man United ទៅលើការឈ្នះកៅអីក្នុងក្របខ័ណ្ឌ Champions League រស់ឡើងវិញ ពោលគឺក្លិបដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួននៅលើតារាង Premier League នឹងទទួលបានកៅអីមួយ ហើយជ័យជម្នះនេះក៏បំពេញចិត្តរបស់លោក Van Gaal ផងដែរ។

នេះគឺជាការទទួលជ័យជម្នះក្នុងផ្ទះខ្លួនឯងជាលើកទី៤ជាប់ៗគ្នារបស់ Man United ហើយវាក៏ជាលើកទី១ផងដែរដែលពួកគេឈ្នះបួនលើកជាប់ៗគ្នា បើគិតចាប់តាំងពីការកត់ត្រាជ័យជម្នះ៦លើកជាប់ៗគ្នាកាលពីខែមេសា ឆ្នាំមុន។ បច្ចុប្បន្ន Man United បានឈ្នះការប្រកួត៤លើកក្នុងចំណោមការប្រកួតលីក៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងការឈ្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែមួយនៅកីឡដ្ឋាន Etihad ផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia