លោក កឹម សុខា ចាកចេញទៅប្រទេសថៃ ជាមួយកូនស្រីយ៉ាងស្ងៀមស្ងាត់ គេចវេសពីការចូលប្រជុំសភានៅថ្ងៃស្អែក

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលួចបង្ហើបប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ ឲ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនឹងកូនស្រី បានចាកចេញពីប្រទេសកម្ពុជា ទៅកោះភូកេត ប្រទេសថៃ កាលពីម្សិលមិញ ដោយស្ងាត់ស្ងៀម និងអាថ៌កំបាំង។

ក្រុមអ្នកវិភាគបានលើកឡើងថា ការចាកចេញពីរបស់លោក កឹម សុខា នៅពេលនេះត្រូវបានគេដឹងថា លោកបានព្យាយាមគេចវេសពី ការចូលប្រជុំសភា នៅថ្ងៃស្អែកនេះ និងជាពិសេសគឺគេចវេសពីការតាមសាកសួរអំពីរឿងអាស្រូវផ្លូវភេទរបស់លោក ពីសំណាក់ក្រុមអ្នកកាសែត និងក្រុមនិស្សិត។

តាមព័ត៌មានបានបញ្ជាក់ថា លោក កឹម សុខា នឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។

សូមជំរាបថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព នឹងត្រូវរដ្ឋសភា លើកយកទៅពិភាក្សា និងអនុម័ត ក្នុងកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ជាមួយនឹងរបៀបវារៈ ការបោះឆ្នោតគាំទ្រលើសមាសភាព សម្រាប់ការរុះរើគណៈរដ្ឋមន្រ្តី។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា។

លោក កឹម សុខា ខណៈពេលនេះបាននឹងកំពុងទទួលរងនូវរឿងអាស្រូវផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ជាមួយស្រីស្នេហ៍ច្រើននាក់ ព្រមទាំងបានយកលុយពីអ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេស មកចាយវាយ និងឲ្យស្រីស្នេហ៍ទិញដី ផ្ទះ ឡាន នេះបើយោងតាមបណ្តាញសង្គម Facebook បង្ហោះបង្ហាញជាបន្តបន្ទាប់ ដែលនៅពេលនេះរហូតដល់វគ្គទី៤១ហើយ៕

លោក កឹម សុខា ចាកចេញទៅប្រទេសថៃ ជាមួយកូនស្រីយ៉ាងស្ងៀមស្ងាត់ គេចវេសពីការចូលប្រជុំសភានៅថ្ងៃស្អែក

ប្រភពៈ freshnewsasia