​អាដហុក​ច្រាន​ចោល​ការលើកឡើង​ថា​មេធាវី​ការពារ​ក្ដី​កញ្ញា​ស្រីមុំ​ដកខ្លួន​ចេញ​

សមាគមអាដហុក​ បាន​ច្រានចោល​ចំពោះ​ការលើកឡើង​ថា មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ​ខុម ចាន់​តារា​ទី ហៅ​ស្រី មុំ ដកខ្លួន​ចេញ ខណៈ​តុលាការ​ចេញ​ដីកា​កោះ ហៅកូនក្តីឲ្យចូលបំភ្លឺ​ដោយ​សង្គម​ស៊ីវិល​ថា ករណីកោះហៅ​នេះ​ជារឿងថ្មី ហើយសាមីុជនក៍ត្រូវដាក់ពាក្យជាថ្មីសុំមេធាវីការពារ​​។​

ការច្រានចោលរបស់សមាគមអាដហុក​ នោះបន្ទាប់ពីមានគេហទំព័រក្នុងស្រុកខ្លះ បានចុះផ្សាយថា មេធាវីការពារក្តី «ស្រីមុំ» ដកខ្លួនចេញ ខណៈស្រីមុំ ត្រូវកោះហៅឱ្យចូលបំភ្លឺ នៅមុខតុលាការ ថ្ងៃទី ៨ មេសាខាងមុខ។

​កញ្ញា​ស្រី មុំ ត្រូវបាន​ព្រះរាជអាជ្ញារងអម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចេញ​ដីកា​កោះ​ឲ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី ៨ ខែ មេសា ម៉ោង​៨ និង ៣០ នាទី​ព្រឹក ដែល​ព្រះរាជអាជ្ញា​ថា ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង របាយការណ៍របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេ​វ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន​បង្ហាញថា​ មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង មាន​អំពើ​ពេស្យាចារ​។

​អាដហុក​ច្រាន​ចោល​ការលើកឡើង​ថា​មេធាវី​ការពារ​ក្ដី​កញ្ញា​ស្រីមុំ​ដកខ្លួន​ចេញ​

កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយខ្សែអាត់ថា​ជាសំឡេង​របស់នាងសន្ទនា​ស្នេហាជាមួយលោក កឹម សុខា​(រូបថតដោយ ហ៊ុយ ឧស្សាហ៍)

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា មានប្រសាសន៍ប្រាប់វីអូឌី(VOD)នៅថ្ងៃទី៣ មេសានេះថា ​ដី​កាកោះហៅ​នោះ ជា​ករណី​ពីរ​ថ្មី​ទៀត ដែល​តម្រូវ​ឲ្យ​កញ្ញា ស្រី មុំ ស្នើរ​សុំឲ្យមាន​ការរៀបចំ​មេធាវី​ថ្មី​ដើម្បី​ការពារ​លើ​សំណុំរឿង​នេះ​។​ លោក​ថា មិនមែន​មានន័យថា មេធាវី​បាន​ដកខ្លួន​ចេញ​ឈប់​ការពារកូនក្តី​នោះទេ​។​

​លោក​បន្ថែមថា​៖ “​ជាធម្មតា​មេធាវី​គេ​ដាក់​ការពារ​លើ​ករណី​មុន ករណី​មុនគេ​នៅ​តែ​ការពារ​ធម្មតា ចំណែក​ឯ​រឿង​ក្រោយ កាលណា​មាន​រឿង​ថ្មី គេ​ត្រូវតែ​សុំ​ឡើងវិញ​ថ្មី​ទៀត ព្រោះ​អី​រឿង​ខុសគ្នា​”​។​

​លោក​បន្ថែមថា ​មកដល់ពេលនេះ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​មិនទាន់​ចាត់​មេធាវី​ណាមួយ​សម្រាប់​កញ្ញា​ស្រី មុំ លើ​សំណុំរឿង​នេះ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​ការស្នើរ​ពី​សមីុជន​។​

​គួរបញ្ជាក់​ថា ​កាលពីដើម​ខែ​មីនា ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ បាន​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា​ស្រីមុំ ចំពោះ​ការ​ចូល​បំភ្លឺ​ទាក់ទង​ទៅនឹង​បញ្ហា​ខ្សែអាត់​សំឡេង​សន្ទនា​ស្នេហា​ដែលគេសង្ស័យថា ជាប់ពាក់ពន្ធជាមួយនឹង​ប្រធានស្ដីទី​គណបក្ស​ប្រឆាំង លោក កឹម សុខា​។​

 ប្រភពៈ VOA