ដំបូន្មាន​ទាំង ៩ ​ដើម្បី​បង្កើត​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​រក​ស៊ី​ពី​លោក Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft

លោក Satya Nadella គឺ​ជា​អ្នក​ជំនួញ​ឥណ្ឌា​កាត់​អាមេរិក ដោយ​បច្ចុប្បន្ន​លោក​គឺ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Microsoft ដោយ​បាន​ចូល​កាន់​ដំណែង​នៅ​ថ្ងៃ​ទី ០៤ កុម្ភៈ ឆ្នាំ ២០១៤ ជំនួស​លោក Steve Ballmer។ ខាង​ក្រោម​គឺ​ជា​ដំបូន្មាន​ខ្លះ​ដើម្បី​បង្កើត​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ពី​លោក Satya Nadella។

 

១) ធ្វើ​ជា​អ្នក​រៀន​អស់​មួយ​ជីវិត ៖ លោក Satya Nadella រៀប​រាប់​ថា​ទោះ​បី​ជា​លោក​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ក៏​ដោយ​លោក​មិន​ដែល​បោះបង់​ចោល​ការ​សិក្សា​ឡើយ​លោក​ទិញ​សៀវភៅ​ជា​ប្រចាំ​ដើម្បី​អាន ហើយ​លោក​តែង​ឆ្លៀត​ពេល​អាន​អត្ថបទ​អប់រំ​នានា​លើ​គេហទំព័រ ព្រោះ​វា​ជួយ​ឲ្យ​លោក​នាំ​យក​នូវ​គំនិត​ថ្មី វិធី​សាស្ត្រ​ថ្មី​ក្នុង​ការ​បង្កើត​អ្វី​មួយ និង ពី​របៀប​ក្នុង​ការ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ជាមួយ​បុគ្គលិក អតិថិជន និង ដៃ​គូ​វិនិយោគ។

 

២) ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ព្រលឹង​របស់​ក្រុមហ៊ុន ៖ លោក Satya Nadella ថ្លែង​ថា​ក្រុមហ៊ុន​ក៏​ដូច​ជា​តួ​ខ្លួន​មនុស្ស​ដែរ​ គឺ​មាន​គោល​បំណង​និង​បេសកកម្ម​ដូច​គ្នា ដូច្នេះ​នៅ​ពេល​ដែល​អ្នក​អាច​ស្វែង​រក​គោល​បំណង​ខ្លួន​ឯង​ឃើញ​ នោះ​បេសកកម្ម​ជា​ច្រើន​របស់​មនុស្ស​នឹង​ត្រូវ​បាន​ធ្វើ ដូច​គ្នា​ដែរ​ ចំពោះ​ក្រុមហ៊ុន​ត្រូវ​ចេះ​កំណត់​អ្វី​ដែល​ជា​គោលដៅ និង បេសកកម្ម ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​។

 

៣) ត្រូវ​មាន​ទំនុក​ចិត្ត ៖ ទំនុក​ចិត្ត​ នាំ​ឲ្យ​អ្នក​អាច​សម្រេច​បាន​ នូវ​លទ្ធផល​ដ៏​អស្ចារ្យ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក Satya Nadella។ មាន​ទំនុក​ចិត្ត រាល់​អ្វីៗ​គឺ​សុទ្ធ​តែ​អាច​ទៅ​រួច​ទាំង​អស់។

 

៤) ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​អន្លង់​ការ​ស្រលាញ់​ចំពោះ​អ្វី​អ្នក​កំពុង​ធ្វើ ៖ លោក Satya Nadella ផ្ដល់​ដំបូន្មាន​ថា នៅ​ពេល​ដែល​អ្នក​មាន​ចិត្ត​ស្រលាញ់​នូវ​អ្វី​ដែល​អ្នក​ធ្វើ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​លំបាក ឬ ឧបសគ្គ​នានា​ក្លាយ​ជា​រឿង​ងាយ​ស្រួល​សម្រាប់​អ្នក។

 

៥) ចេះ​បង្កើត​វប្បធម៌​ធ្វើ​ការងារ​មួយ​ដ៏​ល្អ ៖ ជា​ធម្មតា​ក្រុមហ៊ុន​និមួយៗ​សុទ្ធ​តែ​មាន​រចនា​សម្ព័ន្ធ និង របៀប​របប​ធ្វើ​ការ​រៀងៗ​ខ្លួន។ នៅ​ពល​ដែល​អ្នក​មើល​ឃើញ​ក្រុមហ៊ុន​មួយ​មាន​ការ​អភិវឌ្ឍ​ល្បីល្បាញ​ អ្នក​គួរ​ចេះ​មើល​ពី​ផ្នែក​ខាង​ក្រោយ​របស់​ពួក​គេ តើ​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន​នោះ​គេ​បណ្ដុះ​គំនិត ទម្លាប់​សម្រាប់​បុគ្គលិក​របស់​គេ​ ពី​រៀប​ធ្វើ​ការ ទំនាក់ទំនង និង ដោះ​ស្រាយ​បញ្ហា​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​មូល​អភិវឌ្ឍ​នេះ​ បើ​តាម​ការ​ថ្លែង​របស់​លោក Satya Nadella។

 

៦) ត្រូវ​ធ្វើ​ជា​មនុស្ស​ពោរពេញ​ដោយ​ថាមពល ៖ ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ថាមពល​ លោក Satya Nadella ពន្យល់​ថា​អ្នក​ត្រូវ​តែ​មាន​ជំនឿ​លើ​គំនិត​ខ្លួន​ឯង និង ត្រូវ​មាន​ចំណូល​ចិត្ត​ខ្ពស់​បំផុត​ចំពោះ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ហើយ​ជា​រៀង​រាល់​ថ្ងៃ​អ្នក​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី យក​ឈ្នះ​លើ​ភាព​លំបាក​ និង ឧបសគ្គ​ទាំង​ឡាយ​ប្រចាំ​ថ្ងៃ។

 

៧) រៀន​បង្កើត​សមត្ថភាព​ផ្ទាល់​ខ្លួន ៖ លោក Satya Nadella ផ្តល់​ដំបូន្មាន​ថា គ្រប​សហគ្រិន​ទាំង​អស់​គឺ​សុទ្ធ​តែ​រៀន​បង្កើត​នូវ​សមត្ថភាព​ផ្ទាល់​ខ្លួន ដូច​ជា​ភាព​ស៊ូទ្រាំ ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ការ​ដោះ​ស្រាយ​បញ្ហា របៀប​នៃ​ការ​ទំនាក់ទំនង និង ការ​រៀន​សូត្រ​ឡើង​វិញ​នូវ​កំហុស​របស់​ខ្លួន គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ប្រចាំ​ថ្ងៃ​ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​សហគ្រិន​ដ៏​ឆ្នើម​មួយ​រូប។

 

៨) ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់​លាស់ ៖ លោក Satya Nadella រៀបរាប់​ថា​នៅ​ពេល​ដែល​អ្នក​មាន​ចក្ខុវិស័យ​ច្បាស់​លាស់ នោះ​អ្នក​នឹង​មើល​ឃើញ​កាន់​តែ​ច្បាស់ ថា​អ្នក​ត្រូវ​បន្ត​ធ្វើ​អ្វី​ទៅ​ខាង​មុខ​ទៀត​ ដើម្បី​តម្រូវ​តាម​ទីផ្សារ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ខ្ជះខ្ជាយ​ពេល​វេលា និង ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន។

 

៩) ស្វែង​រក​ភាព​សុខដុម​ទាំង​ជីវិត​ការងារ និង ឯកជន ៖ លោក Satya Nadella ថ្លែង​ថា​​ជីវិត​ដែល​ជោគជ័យ​ពិត​ប្រាកដ គឺ​ជា​ជីវិត​ដែល​ជោគជ័យ​ ទាំង​ការងារ និង ជីវិត​ឯក​ជន​ផ្ទាល់​ខ្លួន​ដោយ​អ្នក​មិន​គួរ​ ចំណាយ​ពេល​ស្ទើរ​ទាំង​ស្រុង​ក្នុង​ជីវិត​ការងារ​ពេក​នោះ​ឡើយ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com