តើ​មហាសេដ្ឋី​ស្រាបៀ​ Jorge Paulo Lemann មាន​ប្រវត្តិ និង​បទពិសោធន៍​រក​ស៊ី​យ៉ាង​ដូច​ម្តេច​ខ្លះ​ក្នុង​ជីវិត​?

លោក Jorge Paulo Lemann គឺ​ជា​មហាសេដ្ឋី​វិនិយោគិន​ សញ្ជាតិ​ប្រេស៊ីល កាត់​ស្វីស។ សម្រាប់​ប្រទេស ប្រេស៊ីល​លោក​គឺ​ជា​សេដ្ឋី​មាន​ជាង​គេ​ប្រចាំ​ប្រទេស ចំណែក នៅ​ស្វីស​វិញ​លោក​គឺ​ជា​អ្នក​មាន​លំដាប់​លេខ ២ ប្រចាំ​ប្រទេស។ ប៉ុន្តែ​សម្រាប់​ចំណាត់​ថ្នាក់​ជា​សកល​ទូទាំង​ពិភពលោក​វិញ​លោក Jorge Paulo Lemann ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១៩ មាន ទ្រព្យសម្បត្តិ​ដល់​ទៅ ៣០,៥ ពាន់​លាន​ដុល្លារ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Forbes សម្រាប់​ជិត​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦ នេះ។

 

តើ​មហាសេដ្ឋី​វ័យ​ចំណាស់ ប្រាក់​ចាយ​មិន​អស់​រូប​នេះ មាន​ប្រវត្តិ និង បទពិសោធន៍​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​ទើប​បណ្តាល​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​មួយ​រូប?

 

លោក Jorge Paulo Lemann កើត​នៅ​ថ្ងៃ​ទី ២៦ សីហា ឆ្នាំ ១៩៣៩ នៅ​ក្នុង​ទីក្រុង Rio de Jeneiro ប្រទេស ប្រេស៊ីល។ លោក​ជា​កូន​ប្រុស​របស់​លោក Paul Lemann ដែល​ជា​ជន​អន្តោប្រវេសន៍​ស្វីស ហើយ​ជា​ស្ថាបនិក​ ក្រុមហ៊ុន​ផលិត​ទឹក​ដោះ​គោ Leco។ ឪពុក​របស់​លោក Jorge Paulo Lemann បាន​ទទួល​មរណភាព​ ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​នៅ​ឆ្នាំ ១៩៥៣ ដែល​ពេល​នោះ​លោក​មាន​វ័យ​ត្រឹម ១៤ ឆ្នាំ​ប៉ុណ្ណោះ។

 

លោក Jorge Paulo Lemann បន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ពី​សាលា American School of Rio de Janeiro ប្រទេស ប្រេស៊ីល ហើយ​លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ Harvard University នៅ​អាមេរិក​ក្នុង​កម្រិត​បរិញ្ញាបត្រ ផ្នែក​សេដ្ឋកិច្ច។ ក្នុង​ជីវិត​ជា​យុវជន​របស់​លោក Jorge Paulo Lemann បាន​ឈ្នះ​ពាន​រង្វាន់​វាយ​ Tennis ថ្នាក់​ជាតិ​ចំនួន ៥ លើក ដោយ​លោក​លេង​ឲ្យ​ទាំង​ជម្រើស​ជាតិ ស្វីស និង ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​កម្មវិធី Davis Cup។

 

ចាប់​ពី​ឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៦២ លោក​បាន​ចូល​ហាត់​ការងារ​ឲ្យ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Credit Suisse ក្នុង​ទីក្រុង ហ្សឺណែវ។ នៅ​ឆ្នាំ ១៩៦៦ លោក Jorge Paulo Lemann បាន​បណ្តាក់​ទុន​ដំបូង​ក្នុង​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​មួយ​មាន​ឈ្មោះ​ថា Invesco តែ​ក្រុមហ៊ុន​នេះ​បាន​ក្ស័យធន​ទៅ​វិញ​ដោយ​ពេល​នោះ​លោក​មាន​ភាគ​ហ៊ុន​ចំនួន ២%។ មក​ដល់​ឆ្នាំ ១៩៧១ លោក Jorge Paulo Lemann រួម​ជា​មួយ​និង​ដៃ​គូ​វិនិយោគ ២ រូប​ទៀត​គឺ Carlos Alberto Sicupira និង Marcel Herrmann Telles បាន​រួម​គ្នា​បើក​ធនាគារ​វិនិយោគ​មួយ​នៅ​ប្រេស៊ីល​ឈ្មោះ​ថា Banco Garantia។

 

បើ​ទោះ​បី​ជា​មាន​វិបត្តិ​ទីផ្សារ​ដ៏​ខ្លាំង​ក្លា​មួយ​សប្តាហ៍​ក្រោយ​ពី​បង្កើត​ធនាគារ​វិនិយោគ​អ្នក​ទាំង​ បី បាន​ព្យាយាម​តស៊ូ​រហូត​ដល់​ ធនាគារ​វិនិយោគ​របស់​លោក​មាន​កិត្យានុភាព​ជាង​គេ​នៅ​ប្រេស៊ីល និង បាន​ជាប់​ឈ្មោះ​នៅ​ទស្សនាវដ្តី Forbes ថា​ជា​ធនាគារ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ហើយ​បច្ចុប្បន្ន​អ្នក​ទាំង បី​បាន​ក្លាយ​ជា​គណៈ​ក្រុមប្រឹក្សា​របស់​ធនាគារ​នេះ។

 

នៅ​ឆ្នាំ ១៩៩៤ លោក Jorge Paulo Lemann រង​គ្រោះ​ដោយសារ​ជំងឺ​បេះដូង នៅ​ក្នុង​វ័យ ៥៤ ឆ្នាំ។ នៅ​ខែ​កក្កដា ឆ្នាំ ១៩៩៨ លោក Jorge Paulo Lemann បាន​លក់​ធនាគារ​វិនិយោគ Banco Garantia ទៅ​ឲ្យ​ក្រុមហ៊ុន Credit Suisse First Boston ក្នុង​ទំហំ​ទឹកប្រាក់ ៦៧៥ លាន​ដុល្លារ។ ក្រោយ​មក​ទៀត​លោក​នឹង​ដៃ​គូ​វិនិយោគ​បាន​ទិញ​យក​នូវ​ក្រុមហ៊ុន ផលិត​ស្រាបៀ​ចំនួន ២ នៅ​ក្នុង​ប្រទេស ប្រេស៊ីល​គឺ Brahma Beer និង Compnhia Antarctica Paulista ដោយ​ច្របាច់​បញ្ចូល​ក្រុមហ៊ុន​ទៅ​ជា​ក្រុមហ៊ុន​តែ​មួយ​ដោយ​ដាក់​ឈ្មោះ​ថា AmBev។

 

នៅ​ឆ្នាំ ២០០៣ ក្រុមហ៊ុន​ផលិត​ស្រាបៀ​ថ្មី AmBev ទទួល​បាន​ប្រាក់​ចំណេញ​មុន​ការ​បង់​ពន្ធ​ចំនួន ៣៥% ស្មើ​នឹង​ទឹក​ប្រាក់ ២,៧ ពាន់​លាន​ដុល្លារ។ នៅ​ឆ្នាំ​ ២០០៤ ដដែល​ក្រុមហ៊ុន​របស់​លោក បាន​កាន់​កាប់​ការ​ចែក​ចាយ​ស្រាបៀ​នៅ​លើ​ទីផ្សារ​ប្រទេស ប្រេស៊ីល​រហូត​ដល់​ទៅ ៦៥% ហើយ​ទីផ្សារ​ស្រាបៀ​ស្ទើរ​តែ ៨០% នៅ​ប្រទេស អាហ្សង់ទីន ត្រូវ​ក្រុមហ៊ុន​របស់​លោក​ជា​អ្នក​កាន់​កាប់។

 

នៅ​ឆ្នាំ ២០០៤ ដូច​គ្នា​នោះ​ក្រុមហ៊ុន​របស់​លោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្រាបៀ​របស់​ប្រទេស ប៊ែលហ្សិក ដែល​ធ្វើ​ឲ្យ​ភាគហ៊ុន​របស់ AmBev កើន ៤០% នៅ​ឆ្នាំ ២០០៥។ នៅ​ឆ្នាំ ២០០៨ ក្រុមហ៊ុន AmBev បាន​ទិញ​យក​ក្រុមហ៊ុន​ផលិត​ស្រាបៀ​របស់​អាមេរិក Anheuser-Busch ក្នុង​តម្លៃ​ទឹកប្រាក់ ៤៦ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្រាបៀ AmBev របស់​លោក Jorge Paulo Lemann ក្លាយ​ជា​ក្រុមហ៊ុន​ចែក​ចាយ​ស្រា​ធំ​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com