​លោក សម រង្ស៊ី បញ្ជាក់ថា​ពី​ដើម​មក​ប្រជាកសិករ​ខ្មែរ​មិនដែល​ក្រ​រហាម​ដូច​បច្ចុប្បន្ននេះ​ទេ​

ក្នុងពេល​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​កសិករ​បានធ្វើ​ចំណាកស្រុក​ទៅធ្វើជា​ពលករ​នៅ​ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់​កាន់តែ​ច្រើនឡើងៗ​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ពី​ដើម​មក​ប្រជាកសិករ​ខ្មែរ​មិនដែល​ក្រ​រហាម​ដូច​បច្ចុប្បន្ន​ទេ​។ ការបញ្ជាក់​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រុះរើ​គណៈរដ្ឋមន្ត្រី​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់ថា​ក្រោម​ការដឹកនាំ របស់​សម្តេចព្រះ​នរោត្តម សីហនុ ប្រទេស​កម្ពុជា ពេលនោះ សម្បូរ​សប្បាយ អត់​មាន​បាត់បង់​ទឹកដី អត់​មាន​បរទេស​មើលងាយ អត់​មាន​ជនអន្តោប្រវេសន៍​ពេញ​ទឹក​ពេញ​ដី អត់​មានការ​កាប់បំផ្លាញ​ព្រៃឈើ អត់​មាន​រដ្ឋអំណាច​ប្លន់​ដីធ្លី​ប្រជារាស្ត្រ អត់​មានការ​ជិះជាន់​មកលើ​កម្មករ អត់​មាន​ភាពខ្វះ​ការងារ​ធ្វើ​សម្រាប់​យុវជន អត់​មាន​ជំពាក់​លុយ​គេ​វ័ណ្ឌក អត់​មាន​កសិករ​ក្រ​រហេមរហាម ត្រូវ​រត់ចោល​ផ្ទះ និង​ចំណាកស្រុក រាប់លាន​នាក់ ដូច​សព្វថ្ងៃ​ទេ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​សូម​ពិនិត្យ​សមាសភាព​គណៈរដ្ឋមន្ត្រី សម័យ​សង្គមរាស្ត្រនិយម ដែល​ចាប់ផ្តើម ពី​ឆ្នាំ​១៩៥៥ ដែល​បង្ហាញថា​មាន​ចំនួន​តិចជាង​បច្ចុប្បន្ន តែ​បំពេញការងារ​មាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន​។​

​គួរ​បញ្ជាក់ថា​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន ជាង​៣០​ឆ្នាំ​មកនេះ បាន​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣​ដែល​បាត់​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​២២ ពោលគឺ​ធ្លាក់​ពី​៩០​អាសនៈ​មក​នៅត្រឹម​៦៨​អាសនៈ ហើយក៏​បាន​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ក្នុងករណី​លួច​បន្លំ​សន្លឹកឆ្នោត​ផងដែរ​។​

ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ក្រាញ​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​រិះគន់ថា​បណ្តាលមកពី​ប្រជាពលរដ្ឋ ពិសេស​យុវជន បាន​ស្គាល់​ច្បាស់​ពី​បញ្ហា​គ្រប់បែបយ៉ាង និង​ស្មុគស្មាញ​ដែល​កំពុង​កើតមានឡើង​នៅក្នុង​សង្គម ហើយនឹង​បង្ក​ផល​លំបាក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ។ ដូច្នេះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ស្របតាម​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ នោះ​គឺ ពង្រឹង​អភិបាលកិច្ច​ល្អ កាត់បន្ថយ​ភាពក្រីក្រ លុបបំបាត់​អំពើពុករលួយ បង្កើត​ការងារ​ដល់​យុវជន លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការការពារ​បូរណភាព​ទឹកដី​ជាដើម​៕

12916693_1078854678837931_6237067087663222420_o 12417740_1078854648837934_1322221445305003524_n12923156_1078854658837933_2136507614733869169_n