មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​ចំពោះ​ការដាក់​តំបន់​ព្រៃ​៥​កន្លែង​ទៅជា​តំបន់​អភិរក្ស​

​ថ្មីៗ​នេះ​ក្រសួងបរិស្ថាន​ដែលមាន​លោក សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី បានដាក់​តំបន់​ព្រៃ​៥​កន្លែង​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ ប៉ុន្តែ​សកម្មជន​ព្រៃឈើ​និង​មជ្ឈដ្ឋាន​ទូទៅ​វាយតម្លៃ​ទុកជាមុន​ថា វិធានការ​របស់​ក្រសួងបរិស្ថាន នឹងមិន​ទទួលបាន​ជោគជ័យ​ឡើយ​។ តំបន់​ព្រៃ​៥​កន្លែង​ដែល​ត្រូវដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​នោះ​រួមមាន តំបន់​ព្រៃ​ឡង់ ព្រៃ​ច្រករបៀង​ក្រវាញ​ខាងត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ាង​ខាងលិច និង​ព្រៃ​វ៉ើ​ន​សៃ ដែលមាន​ទំហំ​សរុប​ជាង​៩,៥​ម៉ឺន​ហិកតា​។ លិខិត​របស់​ក្រសួងបរិស្ថាន​ដែល​ប្រកាស​ដាក់​តំបន់​ខាងលើ​ជា​ព្រៃ​អភិរក្ស​និង​ព្រៃ​ការពារ​បានកើត​ឡើង​ត្រឹម​រយៈពេល​១​ថ្ងៃ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដាក់​ព្រៃ​ឡង់​និង​ព្រៃ​នៅ​តំបន់​ភ្នំក្រវាញ​ជា​ព្រៃ​ការពារ​។​    ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ការពារ​ប្រៃ​ឈើ បាន​លើកឡើងថា បើ​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ដើម្បី​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ពិតមែន គឺអាច​រក្សា​ព្រៃឈើ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា​ជាដើម នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ដូច្នេះ​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ទាំង​៥​ខាងលើ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ដើម្បី​ផលប្រយោជន៍​កូនចៅ​ជំនាន់​ក្រោយ​។

ទន្ទឹមនឹង​ក្រសួងបរិស្ថាន ចេញ​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ក្នុង​ការដាក់​តំបន់​ព្រៃ​៥​កន្លែង​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​នោះ មាន​សេចក្ដីរាយការណ៍​ថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា និង​តំបន់​ភ្នំក្រវាញ បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ តំបន់​ទាំង​៥​នោះ​ត្រូវបាន​សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ទទួលស្គាល់ថា​ជា​តំបន់​ដែលមាន​សេសសល់​ដើមឈើ​ធំៗ ជីវចម្រុះ និង​ឈើ​មានតម្លៃ​ជាច្រើន​សម្រាប់​ជា​ផលប្រយោជន៍​ជាតិ​។ ដូច្នេះ​ទន្ទឹមនឹង​ដាក់ចេញ​ផែនការ​ដើម្បី​ការពារ​និង​អភិរក្ស​ព្រៃឈើ គឺ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​៕

452015100657say_sam_al hqdefault