អំពើពុករលួយ​របស់​លោក សុខ សុ​ដា​រ៉ា និង​លោក គង់ ផល្លា​គុណ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តសៀមរាប គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ​បន្ទាប់ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​នេះ លាតត្រដាង​ជា​សាធារណៈ​រួចមក​។ ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ករណី​លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ផងដែរ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​គយ​ពុករលួយ​ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

តាម​ការអះអាង​របស់​ភ្នាក់ងារ​គយ​តូចតាច​បាន​ឲ្យ​ដឹងថា មាន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ប៉ោយប៉ែត ច្រក​ជាំ​ស្រងាំ ច្រក​អូរ​ស្មាច់​ជាដើម យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ធំៗ​នៅ​ក្រុង​សៀមរាប និង​ឆ្លងកាត់​ខេត្តសៀមរាប យកទៅ​ចែកចាយ​នៅ​ខេត្ត​ផ្សេង​។ នៅពេលដែល​ទំនិញ​ទាំងនោះ​ឆ្លងកាត់​ខេត្តសៀមរាប គឺ​ត្រូវមាន​ការសម្របសម្រួល​ជាមួយ​លោក សុខ សុ​ដា​រ៉ា ជាមុន​បើ​មិន​ដូច្នេះ​ទេ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ មានន័យថា​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តសៀមរាប អាច​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​តាមរយៈ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​មក​ចែកចាយ​ក្នុង​ខេត្តសៀមរាប និង​ឆ្លងកាត់​ខេត្តសៀមរាប យកទៅលក់​នៅ​ខេត្ត​ផ្សេង​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​គយ​។

កាលពី​ថ្ងៃទី​២៤​និង​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ មានការ​បង្ក្រាប​ទំនិញ​គេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ហើយ​មាន​លោក គង់ ផល្លា​គុណ ជា​ប្រធានការិយាល័យ​គយ​ច្រក​នេះ ដែលជា​អ្នកទទួលខុសត្រូវ​។ ទាក់ទង​នឹង​បញ្ហា​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការ​បើកដៃ​ឃុបឃិត​គ្នា​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា គឺ​លោក គង់ ផល្លា​គុណ មាន​ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។ ការនាំ​ចូល​ទំនិញគេចពន្ធ​តាម​ច្រកព្រំដែន​នានា​ចូលមក​ខេត្តសៀមរាប និង​ឆ្លងកាត់​ខេត្តសៀមរាប ក៏ដូចជា​ការនាំ​ចូល​ទំនិញគេចពន្ធ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​គយ​ពុករលួយ​ជាបន្ទាន់ ដើម្បី​ឲ្យ​ការកែទម្រង់​ក្នុង​ស្ថាប័នគយ​មាន​ភាពប្រសើរ​ជាង​មុន​៕

sw-1-1លោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប sw-5 ass-3