សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​ដដែល​

មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្តពោធិ៍សាត់​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជាបន្ទាន់​ព្រោះ​ពួកគេ​មិន​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ឈើ​អារ​ជ្រុង​ប្រភេទ​ធ្នង់​នៅតែ​ត្រូវ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាម​គោយន្ត​និង​រថយន្ត​កែច្នៃ ដោយសារ​ក្រុម​ឈ្មួញ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មានការ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រទេះគោ រទេះក្របី គោយន្ត​និង​រថយន្ត​កែច្នៃ​ចេញពី​ព្រៃ​យកមក​លក់​ឲ្យ​ឈ្មួញ​ក្នុង​១​ម៉ែត្រគូប​ពី​៤៥០​ទៅ​៥០០​ដុល្លារ​អាមេរិក​។ ឈ្មួញ​ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​ភ្នំក្រវាញ ត្រូវបាន​គេ​ដឹងថា​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ខេត្តពោធិ៍សាត់ ទើប​មន្ត្រី​ជំនាញ​តូចតាច​មិន​ហ៊ាន​បង្ក្រាប​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​ភ្នំក្រវាញ សុខចិត្ត​ទទួលយក​ផលប្រយោជន៍​បន្តិចបន្តួច​ពី​ឈ្មួញ ជាជាង​មានការ​ប្រឈមមុខ​ដាក់​គ្នា​។

តាម​ប្រភពពី​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​តូចៗ​មួយចំនួន​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​នៅក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ហើយ​បន្ទប់​មក​មាន​ឈ្មួញ​ធំៗ​ទៅ​ប្រមូល​ទិញ​ដឹក​ចេញ​យ៉ាង​រលូន​។ ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា អ្នកខ្លះ​ជាម​ន្ត្រី​ប្រដាប់អាវុធ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធំៗ និង​មន្ត្រី​អាជ្ញាធរខេត្ត​ពោធិ៍សាត់ ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ នៅតែ​កើតមាន​យ៉ាង​រាលដាល ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនត្រូវ​មើលរំលង​នោះទេ​៕

ses-1-3 ses