ប៉ែន ផាត ​លា​​ឈប់​ពី​គ្រូ​បង្វឹក​វេស្ទើន ​ព្រោះ​អ្វី​គ្រប់​យ៉ាង​មិន​តាម​គម្រោង​

“​គេ​មិន​គិត​ពី​យើង​ផង ថ្នាក់​ដឹក​នាំ​មិន​ខ្វល់​ពី​បាល់ទាត់ ​នៅ​ទៀត​ក៏​គ្មាន​ន័យ​ដែរ ហត់​ចិត្ត ពិបាក​ជាង​ហត់​កាយ ​មាន​តែ​ដើរ​ចេញ​ទៅ”។ ​សម្ដី​យ៉ាង​មានន័យ​របស់​លោក ប៉ែន ផាត ​ដែល​សម្រេច​លា​ឈប់​ពី​គ្រូ​បង្វឹក​របស់​ក្រុម​វេស្ទើន​ភ្នំពេញ​តាំង​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

 

ប៉ែន ផាត ​លា​​ឈប់​ពី​គ្រូ​បង្វឹក​វេស្ទើន ​ព្រោះ​អ្វី​គ្រប់​យ៉ាង​មិន​តាម​គម្រោង​

 

លោក ប៉ែន ផាត ​បាន​ប្រកាស​លា​ឈប់​ពី​តួនាទី​​គ្រូ​បង្វឹក​ក្រុម​វេស្ទើន ​តាំង​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​មក​ម្ល៉េះ ​ហើយ​វត្តមាន​របស់​លោក​ក្នុង​ថ្ងៃ​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​នោះ​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​ហើយ ក្នុង​នាម​ជា​គ្រូ​បង្វឹក។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ជំនាន់​កីឡាករ Pele ​សម្រេច​ដើរ​ចេញ​យ៉ាង​នេះ គឺ​​មក​ពី​មាន​រឿង​រ៉ាវ​ច្រើន​ដែល​សុទ្ធ​តែ​ខុស​ពី​អ្វី​ដែល​លោក​រំពឹង​ទុក។

 

លោក ប៉ែន ផាត ​និយាយ​ប្រាប់​តាម​ទូរសព្ទ​មក​ដល់​ក្រុម​ការងារ​ Sabay ​ថា​៖ “ប្អូន​ដឹង​អត់ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​កីឡា​ខ្មែរ ឱ្យ​ដើរ​ទៅ​មុខ​ដើម្បី​មុខ​មាត់​ជាតិ និង​បណ្ដុះ​ក្មេង​ៗ​យើង​ឱ្យ​ល្អ កុំ​ពឹង​តែ​​ពួក​ស្បែក​ខ្មៅ​ពេក។ តែ​ធ្វើ​មិច​គេ​មិន​យល់​ពី​ខ្ញុំ អីចឹង​ខ្ញុំ​មាន​តែ​ដើរ​ចេញ ព្រោះ​និយាយ​ទៅ​ក៏​គេ​មិន​យល់​ដដែល ព្រោះ​គេ​ដូច​មិន​សូវ​ចូល​ចិត្ត​បាល់ទាត់​ផង។ អីចឹង​មាន​តែ​ដើរ​ចេញ​ហើយ កុំ​ឱ្យ​ហត់​ចិត្ត​ពេក ព្រោះ​មនុស្ស​អាច​ហត់​កាយ តែ​មិន​អាច​ហត់​ចិត្ត​បាន​ទេ។ យើង​ត្រូវ​គិត​ពី​ចំណាយ​ផង កុំគិតតែ​ចំណូល​ពេក​”។

 

ផល​វិបាក​មួយ​ទៀត​ដែល​លោក ប៉ែន ផាត លើក​ឡើង​ដែរ​នោះ​គឺ​ខាង​ថ្នាក់​ដឹក​នាំ​របស់​ក្លឹប មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ថ្នាល​យុវជន​របស់​ក្រុម​នោះ​ទេ ដោយ​បច្ចុប្បន្ន​មាន​គ្រូ​តែ​៤​នាក់​គត់ ដែល​ត្រូវ​ធ្វើ​ការងារ​ជា​អ្នក​បង្ហាត់​ឈុត​ធំ និង​យុវជន​ផង អ្នក​ទាក់ទង​រក​ដៃ​គូ​សហការ​ផង អ្នក​ទាក់ទង​ទៅ​ខាង​សហព័ន្ធ​ផង។ នេះ​គឺ​ជា​រឿង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​រូប​លោក ដើម្បី​ជួយ​ឱ្យ​ក្រុម​មាន​កម្លាំង​ចិត្ត ក៏​ដូចជា​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​ដែល​មាន​បច្ចេកទេស​ពេញលេញ។ “នៅ​បារាំង​ក៏​គេ​ត្រូវ​ការ​គ្រូ​ច្រើន​ដែរ ដើម្បី​មើល​ថែ​ក្រុម​យុវជន មិនមែន​យក​តែ​ប៉ុន្មាន​មក​គ្រាន់​ទេ។ ខ្ញុំ​ចង់​បាន​អ្វី​ដែល​ជា​ស្ដង់ដារ​មួយ​សម្រាប់​កូន​ខ្មែរ ឱ្យ​ខ្លាំង​ដូច​គេ​ដែរ”។ សម្ដី ប៉ែន ផាត ។

 

ទន្ទឹម​នឹង​ការ​លា​ឈប់​នេះ​ដែរ ឯកឧត្ដម​ តែ ឡូរិន ​ក៏​បាន​ទូរសព្ទ​ទៅ​លោក ប៉ែន ផាត ​ផ្ទាល់​ដើម្បី​ពិភាក្សា​គ្នា​បន្ត​ទៀត​ដែរ ប៉ុន្តែ​សាមី​ខ្លួន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​លោក​ឈប់​ហើយ មិន​បាច់​និយាយ​អ្វី​ទៀត​នោះ​ទេ ព្រោះ​លោក​ត្រូវ​ឡើង​យន្តហោះ​ទៅ​បារាំង​វិញ​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​នៅ​ដើរ​លេង​ចូលឆ្នាំ​ខ្មែរ​ជាមួយ​បងប្អូន​នៅ​កម្ពុជា​រួច​៕

 

អត្ថបទ៖ មុន្នី រម្យ