​លោក អ៊ឹម ឈុនលឹម និង​លោក សំ ព្រហ្មនា ក្លាយជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​តាម​ច្រក​ផ្សេងគ្នា​

នៅថ្ងៃនេះ លោក សំ ព្រហ្មនា អតីត​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ត្រូវ​សភា​បោះឆ្នោត​បានផ្តល់​សេចក្តីទុកចិត្ត​ដោយ​ជ្រើសតាំង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​បើតាម​ការអះអាង​របស់​សម្តេច ហ៊ុន សែន លោក អ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ក៏បាន​ក្លាយជា​សមាជិក​នៃ​ស្ថាប័ន​កំពូល​នេះ​ផងដែរ តាមរយៈ​ការជ្រើសតាំង​ពី​សំណាក់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​

​ក្រោម​សំឡេងគាំទ្រ​៧៣​សំឡេង មិន​ព្រម​២៩​សំឡេង និង​អនុបវាទ​៥​សំឡេង​ពី​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ ព្រហ្មនា អតីត​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ក្លាយជា​សមាជិក​ថ្មី​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​ជាមួយគ្នា​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង លោក អ៊ឹម ឈុនលឹម ដែល​ត្រូវ​បានបញ្ចប់​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នោះ ត្រូវបាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម ជ្រើសរើស​ជា​សមាជិក​ថ្មី​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ផងដែរ​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ​អណ​ត្តិ ២០១៣-១៦ ដែល​ដឹកនាំ​ដោយ​លោក ឯក សំអុល ឈានដល់​ការបញ្ចប់​អណ​ត្តិ​របស់ខ្លួន ហើយ​សមាជិក​ក្នុង​អណ​ត្តិ​នោះ​រួមមាន លោក ព្រហ្ម ញាណ​វិចិត្រ អង្គ​ម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រ៉ាវ​ង្ស សម្តេច នរោត្តម សិរីវុឌ្ឍ លោក ម៉ឹង ស៊ាន លោកស្រី ចែម វេ​យ្យ​រិ​ទ្ធ សម្តេច នរោត្តម ច័ក្រពង្ស់ លោក ពិត តាំង​សាន និង​លោក អ៊ុត ឈន​។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​សមាសភាព​ផ្សេងទៀត​ដែល​ត្រូវ​ផ្លាស់ប្តូរ​នោះឡើយ ខណៈ​លោក សំ ព្រហ្មនា និង​លោក អ៊ឹម ឈុនលឹម សុទ្ធតែជា​សមាជិក​ថ្មី​ក្នុងចំណោម​៩​នាក់ ហើយ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​អាស្រ័យ​លើ​សមាជិក​ទាំង​៩​រូប ជា​អ្នកបោះឆ្នោត​ជ្រើសរើស​។ លោក ឯក សំអុល កាន់តំណែង​ជា​ប្រធាន​៣​អណ​ត្តិ​រួចមកហើយ​។​

​តាមច្បាប់​រដ្ឋធម្មនុញ្ញ សមាជិក​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​៣​រូប តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ ជា​រៀងរាល់​៣​ឆ្នាំ​ម្តង​។ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១​រូប និង​សមាជិក​ចំនួន  ៨​រូប​។ ក្នុងចំណោម​សមាជិក​ទាំង​៩​រូបនោះ ៣​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​៣​រូប​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រីឯ​៣​រូប​ទៀត​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕