បាក់​ដី​និង​បាក់​ផ្ទះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​53​នាក់

ប្រភព​ព័ត៌មាន​ផ្លូវការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣ មេ​សា ថា មនុស្ស​យ៉ាងតិច​៥៣​នាក់​ស្លាប់ ហើយ​៦០​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាក់​ដី និង​បាក់​ផ្ទះ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២ មេ​សា នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន និង​មួយ​ផ្នែក​នៃ​តំបន់​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន ។

អ្នកនាំពាក្យ​ម្នាក់​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​គូសបញ្ជាក់​ថា មនុស្ស​៤៥​នាក់​ស្លាប់​នៅ​ខេត្ត KHYBER PAKHTUNKHWA ។ តុល្យការ​នោះ​នៅ​បណ្តោះ​អាសន្ន​នៅឡើយ​រួច​ចំនួន​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ពេល​ទទួល​បាន​ព័ត៌មាន​នានា​បន្ថែម​ពី​បណ្តា​តំបន់​ដាច់​ស្រយាល​បំផុត​នៃ​ខេត្ត​សម្បូរ​ភ្នំ​នេះ ។ តំបន់​២​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺ​ស្រុក​កូ​ហុ​ី​ស្ថាន ដែល​នៅ​ទី​នេះ​មាន​អ្នក​ស្លាប់​១៤​នាក់ និង​តំបន់​ឈ្មោះ​កូ​ហ៊ី​ស្ថាន​ដែរ ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​១២​នាក់ ដោយសារ​ទឹកជំនន់ និង​ការ​បាក់​ដី ។ ផ្ទះ​ចំនួន​៤០​ខ្នង​ក៏​រង​ការ​បំផ្លាញ​នៅ​តាម​តំបន់​ផ្សេង​ៗ​នៃ​ខេត្ត KHYBER PAKHTUNKHWA ។

ចំណែក​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់ លោក​អាប់​ឌុ​ល​ហា​មី​ដ គី​យ៉ា​នី គូសបញ្ជាក់​ប្រាប់ AFP ថា កុមារ​៥​នាក់ និង​នារី​៣​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២ មេ​សា នៅ​ភូមិ SAM GUNG ស្ថិត​ក្នុង​តំបន់​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន​ដោយសារ​ការ​បាក់​ដី​កប់​ផ្ទះ​២​ខ្នង ។

ប្រទេស​ប៉ា​គី​ស្ថាន​រៀង​រាល់​ឆ្នាំ​តែង​ជួប​ប្រទះ​នឹង​ទឹកជំនន់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់ និង​ខូចខាត​ផលដំណាំ​យ៉ាងច្រើន ។ កាលពី​ឆ្នាំទៅ​មិ​ញ ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨១​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​៣០០.០០០​នាក់​រង​ការ​ប៉ះពាល់​ក្នុង​ទូ​ទាំង​ប្រទេស ៕