កងទ័ព​ប៉ា​គី​ស្ថាន​សម្លាប់​ភេរវ​ករ​252​នាក់​ហើយ​បន្ត​បោសសំអាត​នៅ​តំបន់​វ៉ា​ហ្ស៊ី​រី​ស្ថាន

កងទ័ព​ប៉ា​គី​ស្ថាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ មេ​សា ថា កងកម្លាំង​យោធា​ប៉ា​គី​ស្ថាន​បាន​សម្លាប់​ពួក​ភេរវ​ករ​២៥២​នាក់ រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ហើយ​បាន​បោសសម្អាត​ថែម​ទៀត​នៅ​ក្នុង​តំបន់​ភ្នំ​ដាច់​ស្រយាល​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​មួយ ។

កង​ទាហាន​ជា​ច្រើន​រយ​នាក់​ជួយ​ទ្រទ្រង់​ដោយ​បណ្តា​យន្តហោះ​ប្រយុទ្ធ​កម្ចាត់​ពួក ភេរវ​ករ​ដែល​នៅ​សេសសល់ ហើយ​ដែល​លាក់ខ្លួន​ក្នុង​តំបន់​ជ្រលង​ភ្នំ SHAWAL ។

អ្នកនាំពាក្យ​យោធា​គូសបញ្ជាក់​ថា ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ប្រតិបត្តិការ​នៅ​ជ្រលង​ភ្នំ SHAWAL ពួក​ភេរវ​ករ​២៥២​នាក់ បាន​ត្រូវ​សម្លាប់ ហើយ​១៦០​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ។ រយៈពេល​២​ខែ ចុង​ក្រោយ​នេះ​ទាហាន​៨​នាក់​ត្រូវ​ស្លាប់​នៅ SHAWAL ហើយ​ទាហាន​៣៩​នាក់​ទៀត​រង​របួស ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​យោធា​បន្ត​ថា ទីតាំង​សំខាន់​ៗ​របស់​ពួក​ភេរវ​ករ​ដូច​ជាទី​តាំង​ម៉ា​ណា ហ្គួ​របាស់ ឡា​តា​កា អុ​ី​ន​ហ្សា​កាស់ និង​ម៉ា​ហ្គ្រោ​តា​ល់ ត្រូវ​បាន​បោសសម្អាត ។ ការ​ប្រយុទ្ធ​ដើម្បី​បោសសម្អាត​តំបន់​ចុង​ក្រោយ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​បន្ត ។ ប្រតិបត្តិការ​បច្ចុប្បន្ន​ធ្វើ​ឡើង​លើ​ទីលាន​លំបាក​បំផុត​ជាមួយ​លក្ខខណ្ឌ​បរិយាកាស​លំបាក​។ បណ្តា​កំពូលភ្នំ​នៅ​តំបន់​ជ្រលង​ភ្នំ SHAWAL គ្របដណ្តប់​ដោយ​ព្រិល ហើយ​ពុំ​អាច​មើល​អ្វី​ឃើញច្បាស់​បាន​ឆ្ងាយ​នៅ​លើ​ភ្នំ​ឡើយ ។ កងទ័ព​បាន​បោសសម្អាត​រាល់​តំបន់​ស្ថិត​ក្នុង​កម្ពស់​២.៧០០​ម៉ែត្រ ខណៈ​បណ្តា​ជំរំ​របស់​ពួក​ភេរវ​ករ​ត្រូវ​បំផ្លាញ រួច​កន្លែង​លាក់​អាវុធ និង​គ្រាប់រំសេវ​ត្រូវ​បាន​រក​ឃើញ ។

អ្នកនាំពាក្យ​យោធា​បន្ត​ថា តាំងពី​ចាប់ផ្តើម​ដំណាក់កាល​ចុង​ក្រោយ​នៃ​ប្រតិបត្តិការ​យោធា​ពី​ខែកុម្ភៈ ឆ្នាំ​២០១៦​មក កងទ័ព​បាន​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន ហើយ​បោសសម្អាត​តំបន់ SHAWAL មាន​ទំហំ​៦៤០​គីឡូម៉ែត្រ​ក្រឡា ៕