ការ​ប៉ះទង្គិច​គ្នា​នៅ​បន្ត​ក្នុង​តំបន់​NAGORNY KARABAKH​ទោះ​មានការ​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី​បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា បន្ត​ការ​បាញ់ប្រហារ ទោះបី​មានការ​ប្រកាស​ជា​ឯកតោភាគី​របស់​ក្រុង​បា​គូ​ពី​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​បំបែក​ខ្លួន NAGORNY-KARABAKH ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម​កាលពី​ថ្ងៃ​ទី​១ និង​ទី​២ មេ​សា ក៏​ដោយ ។

ក្រសួង​ការពារ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា ថា ក្រុង​បា​គូ​បាន​សម្រេច​បញ្ឈប់​ជា​ឯកតោភាគី​នូវ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ។ ក៏​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​នេះ​លោក VAGIF DARGAHLY ថ្លែងប្រាប់ AFP ថា ពួក​អា​មេ​នី​បន្ត​បាញ់​ផ្លោង​ឥត​ដាច់​កាលពី​ថ្ងៃ​ទី​៣ មេ​សា ដាក់​បណ្តា​ទីតាំង​អា​ស៊ែ​បៃ​ហ្ស​ង់ ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​នី​អះអាង​ប្រាប់ AFP ថា ការ​ប្រយុទ្ធ​គ្នា​ជាមួយ​រថក្រោះ និង​កាំភ្លើង​ធំ​នៅ​បន្ត ព្រោះតែ​អា​ស៊ែ​បៃ​ហ្ស​ង់​កុហក​ដោយ​និយាយ​ថា ខ្លួន​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ ។ អ្នកនាំពាក្យ​រូប​នេះ លោក ARTSRUN HOVHANNISIAN ចាត់​ទុក​បទ​ឈប់​បាញ់​គ្នា​នេះ​ថា ជា​អន្ទាក់​មួយ ។ លោក​ថា អា​ស៊ៃ​បៃ​ហ្ស​ង់​បន្ត​បាញ់​ផ្លោង​ដាក់​ទាំង​កងទ័ព​របស់ NAGORNY-KARABAKH ទាំង​ភូមិ​ទាំងឡាយ​របស់​អា​មេ​នី ។

លោក DAVID BABAYAN អ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី​តំបន់​បំបែក​ខ្លួន​អះអាង​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បន្ត​នៅ​តំបន់​ភាគ​អាគ្នេយ៍ និង​ភាគ​ឦសាន​នៃ​ខ្សែ​រណសិរ្ស ។

គាំទ្រ​ដោយ​អា​មេ​នី អាជ្ញាធរ NAGORNY-KARABAKH ថ្លែង​ថា ខ្លួន​ត្រៀម​ពិភាក្សា​សំណើ​ឈប់​បាញ់​គ្នា​មួយ​ក្នុង​លក្ខខណ្ឌ​ដែល​ខ្លួន​កាន់កាប់​វិញ បណ្តា​ទីតាំង និង​ដែនដី​ដែល​បាត់បង់​ពេល​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​១ និង​ទី​២ មេ​សា ។ ក៏​ប៉ុន្តែ​អា​ស៊ែ​បៃ​ហ្ស​ង់​ថ្លែង​ថា ខ្លួន​ចង់​ពង្រឹង​ទីតាំង​យុទ្ធសាស្ត្រ​ទាំងនេះ​ដែល​រំដោះ​បាន​កាលពី​ថ្ងៃ​ទី​១ និង​ទី​២ មេ​សា ក្នុង​តំបន់​បំបែក​ខ្លួន ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ថា​ជា​របស់​ខ្លួន ។

ទាហាន​អា​មេ​នី​១៨​នាក់ និង​ទាហាន​អា​ស៊ែ​បៃ​ហ្ស​ង់​១២​នាក់​បាន​ត្រូវ​សា្ល​ប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នា​ថ្ងៃ​ទី​១ និង​ទី​២ មេ​សា ។ ប្រធានាធិបតី​អា​មេ​នី លោក SERGE SARKISSIAN មាន​ដើម​កំណើត​នៅ NAGORNY-KARABAKH បញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​២ មេ​សា ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​ថា ទាហាន​អា​មេ​នី​យ៉ាងតិច​៣៥​នាក់​ក៏​ត្រូវ​របួស​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​អា​ស៊ែ​បៃ​ហ្ស​ង់​ថា​ជន​ស៊ី​វិល​២​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ហើយ​១០​នាក់​ទៀត​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​ធំ​របស់​អា​មេ​នី ។ អាជ្ញាធរ​បំបែក​ខ្លួន​និយម​រៀបរាប់​ពី​ជន​ស៊ី​វិល​ម្នាក់​ស្លាប់ ។

នេះ​ជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​ពី​ឆ្នាំ​១៩៩៤​មក រវាង​ក្រុង​យ៉េ​រ៉េ​វ៉ា​ន និង​ក្រុង​បា​គូ ។

បន្ទាប់​ពី​សង្គ្រាម​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣០.០០០​នាក់ ហើយ​មនុស្ស​ច្រើន​រយ​ពាន់​នាក់​រត់​ភៀសខ្លួន ពិសេស​ជនជាតិ​អា​ស៊ែ​បៃ​ហ្ស​ង់​មក​តំបន់ NAGORNY-KARABAKH ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​កងកម្លាំង​បំបែក​ខ្លួន​និយម​ស្និទ្ធ​អា​មេ​នី ។ តំបន់​នេះ​មាន​ជនជាតិ​អា​មេ​នី​ភាគច្រើន ។

ពុំ​មាន​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ត្រូវ​បាន​ចុះហត្ថលេខា​ឡើយ រួច​បន្ទាប់​ពី​ដំណាក់កាល​មាន​ភាព​ស្ងប់ស្ងាត់​មួយ​មក តំបន់​នេះ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ជួប​ប្រទះ​នឹង​ការ​កើនឡើង​នៃ​ភាព​តានតឹង ។ អា​មេ​នី​វាយតម្លៃ​កាលពី​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៥ ថា វិល​មក​រក​សង្គ្រាម​វិញ ។

ប្រទេស​រុ​ស្ស៊ី និង​ពួក​លោក​ខាងលិច​កាលពី​ថ្ងៃ​ទី​២ មេ​សា អំពាវនាវ​ដល់​ប្រទេស​ទាំង​២​ឱ្យ​ងាក​មក​រក​ភាព​ស្ងប់ស្ងាត់​វិញ ។ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​បន្ទាន់​មួយ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី ទាមទារ​ឱ្យ​ភាគី​ទាំង​២​វិល​មក​រក​តុ​ចរចា ។

កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក ILHAM ALIEV ទាមទារ​នៅ​មុខ​លោក​ច​ន ឃ័​រ​រី ថា អា​មេ​នី​ត្រូវ​ដក​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​កងទ័ព​របស់​ខ្លួន​ចេញពី​ដែនដី​មានជម្លោះ ៕