ភ្លើង​ប្រចណ្ឌ​ឆេះ​ឡើង ប្រពន្ធ​តប​វិញ​ដោយ​កាំបិត ​រួច​ក្រ​ឡៃ​រឿង

ខេត្តកំពង់ចាម ៖ ភ្លើង​ប្រចណ្ឌ​បាន​ក្លាយទៅជា​អំពើ​ហិង្សា ដោយសារ​បុរស​ជា​ប្តី​បាន​ចាប់​ប្រពន្ធ​បោច​សក់ និង​ច្របាច់​.​ក​ស្ទើរ​ដាច់​ដង្ហើម ហើយ​ប្រពន្ធ​ស្រ​វ៉ា​ទាញ​បាន​កាំបិត​ចុង​ស្រួច​មក​ចាក់​លើ​ប្តី​ត្រូវ​៤​កន្លែង​វិញ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម កាលពី​យប់​ថ្ងៃ​ទី​០១​មេ​សា ២០១៦ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ហើយ​ប្រពន្ធ​បាន​អូស​សព​ប្តី​ពីលើ​ផ្ទះ​ទៅ​ដាក់​លើ​នៅ​ទួល​ខាងកើត​ផ្ទះ ដោយ​យក​កាំបិត​នោះ​ដាក់​កាន់​ក្នុង​ដៃ ដើម្បី​បំបាត់ដាន​ពី​សមត្ថកិច្ច​ទៅ​ជា​រឿង​អត្តឃាត​ទៅ​វិញ ។

នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​វរសេនីយ៍ទោ ចាន់ ហោ ប្រាប់​ឱ្យ​ដឹង​ថា បុរស​ខ្មែរអ៊ិ​ស្លា​ម​ឈ្មោះ​ស្រេ​ន តាំ អាយុ​៥៣​ឆ្នាំ រួម​និង​ប្រពន្ធ​ឈ្មោះ ឆុ​ន សាលី អាយុ​៤២​ឆ្នាំ បាន​នាំ​គ្នា​ចេញពីផ្ទះ ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាន​របស់​អ្នក​ភូមិ​ផង​របង​ជាមួយ កាលពី​ល្ងាច​ថ្ងៃ​ទី​១ មេ​សា រួម​នឹង​កូនស្រី​តូច​អាយុ​៥​ឆ្នាំ​ម្នាក់ ទៅ​ជាមួយ​ផង ។

នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​ប្រាប់​បន្ត​ថា បន្ទាប់​មក នៅ​វេលា​ម៉ោង​៩​យប់​ទៅ​ហើយ​នោះ កូនស្រី​តូច​បាន​ងងុយដេក បុរស​ជា​ប្តី​បាន​យក​កូន​មក​ផ្ទះ​ឱ្យ​ដេក ហើយ​១​ម៉ោង​ក្រោយមក​ទៀត ទើប​ស្ត្រី​ជា​ប្រពន្ធ​បាន​មក​ដល់ ។ គ្រានោះ​ប្តី បាន​ប្រចណ្ឌ​ទៅ​លើ​ប្រពន្ធ ដោយ​បាន​ចោទប្រកាន់​ថា បាន​ទៅ​ដេក​ផ្ទះសំណាក់​ជាមួយ​សាហា​យ ទើប​យប់​បែប​នេះ បាន​មក​ដល់​ដូច្នេះ។

ប្តី​បាន​ចាប់​បោច​សក់​ប្រពន្ធ និង​ច្របាច់​.​ក​ថែម​ទៀត សកម្មភាព​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រ​វ៉ា​យក​កាំបិត​ចុង​ស្រួច សម្រាប់​កាត់​សាច់​គោ មក​ចាក់​លើ​ប្តី​បន្តបន្ទាប់​ត្រូវ​ក្រោម​ឃ្លៀ​ក​ឆ្វេង​៤​កាំបិត បណ្តាល​ឱ្យ​ដួល​ដេក​ស្លាប់​នៅ​លើ​ផ្ទះ ។ បន្ទាប់​មក ប្រពន្ធ​បាន​យក​ទឹក​លាង​សម្អាត​ឈាម​ដែល​ប្រឡាក់​លើ​ផ្ទះ​ឱ្យ​ស្អាត ហើយ​អូស​ប្តី​ចុះ​ទៅ​ក្រោមផ្ទះ​ដាក់​នៅ​ចំហៀង​ផ្ទះ ចម្ងាយ​ប្រហែល​ជាង​១០​ម៉ែត្រ និង​បាន​ដូរ​សំលៀក​បំពាក់​ចេញ ដើម្បី​បំបែក​ដាន​ដោយ​បន្លំ​ធ្វើ​ទៅ​ជា​រឿង​អត្តឃាត​វិញ ព្រមទាំង​បាន​ដាក់​កាំបិត​ឱ្យ​កាន់​នៅ​ដៃ​ខាងឆ្វេង​ផង​ដែរ ។

ក្រោយ​ពី​បាន​រៀបចំ​រួចរាល់​នោះ ប្រពន្ធ​បាន​ឡើង​មក​លើ​ផ្ទះ​សំងំ​ដេក​ធម្មតា ធ្វើ​ជា​មិនដឹង​រឿង​អ្វី​ទាំងអស់ លុះ​មក​ដល់​ព្រឹក​ឡើង​ថ្ងៃ
ទី​២ មេ​សា ក៏​បាន​ទៅ​លក់​សាច់​គោ​បាត់​នៅ​ផ្សារ​ព្រៃ​ទទឹង​ជា​ធម្មតា ។ រហូត​ម​ដល់​វេលា​ម៉ោងជាង​៩​ព្រឹក ក៏​មាន​ប្រជាពលរដ្ឋ បាន​ដើរ​ឆ្លងកាត់ ក៏​ប្រទះ​ឃើញ​សាកសព ក៏​ប្រញាប់​រាយការណ៍​មក​ប៉ុ​ស្ត៏​រដ្ឋបាល​បារាយ​ឱ្យ​បានដឹង​ជាមួយ​នោះ លោក​អធិការ​នគរបាល​ស្រុក ក៏​បាន​ចាត់​ឱ្យ​នគរបាល​បច្ចេកទេស ចុះ​មក​ពិនិត្យ​សព​ជា​បន្ទាន់​ផង​ដែ​៛ ។

ផ្អែក​តាម​ការ​ពិនិត្យ​សព​សមត្ថកិច្ច​បានដឹង​ថា សព​មិន​អាច​សម្លាប់​ខ្លួនឯង ដោយ​មានកាំបិត​កាន់​នៅ​ដៃ​ខាងឆ្វេង ហើយ​ចាក់​ចំ​ក្រោម​ឃ្លៀ​ក​ឆ្វេង​នោះ​ទេ​ដឹង​ថា ជា​ករណី​ឃាតកម្ម លុះ​នៅ​ពេល​ល្ងាច​ថ្ងៃ​ទី​២ មេ​សា បាន​ហៅ​ប្រពន្ធ​ឈ្មោះ​សាលី មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ប្តី​ពិតប្រាកដ​មែន ដូច​សកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ​។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត