ភ្លើង​ប្រចណ្ឌ ប្តី​ចាប់​ប្រពន្ធ​បោចសក់ និង​វាយ​ប្រពន្ធ​ទ្រាំ​មិនបាន​ទាញ​កាំបិត​ចាក់​ស្លាប់​

កំពង់ចាម:
 ភ្លើង​ប្រចណ្ឌ ប្តី​ចាប់​ប្រពន្ធ​បោចសក់ និង​វាយ​ប្រពន្ធ​ទ្រាំ​មិនបាន​ទាញ​កាំបិត​ចាក​ស្លាប់ក្នុង​ថ្លុកឈាម​។​ហេតុការណ៍​នេះ​បាន​​កើតឡើង កាលពី​យប់​ថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ហើយ​ប្រពន្ធ​បាន​អូសសព​ប្តី​ពីលើផ្ទះ​ទៅ​ដា​ក់លើ​ទួល​ខាងកើត​ផ្ទះ ដោយ​យក​កាំបិត​នោះ​ដាក់​កាន់​ក្នុងដៃ ដើម្បី​បំបាត់ដាន​ពី​សមត្ថកិច្ច​ទៅជា​រឿង​អត្តឃាត​ទៅវិញ ។​

​នាយរង​ការិយាល័យ​ក​ណ្តា​ល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោកវរសេនីយ៍ទោ ចាន់ ហោ បាន​ឲ្យ​ដឹងថា បុរស​ខ្មែរ​អ៊ិ​ស្លាម​ឈ្មោះ​ស្រេ​ន តាំ អាយុ៥៣​ឆ្នាំ រួម​និង​ប្រពន្ធ​ឈ្មោះ ឆុន សាលី អាយុ​៤២​ឆ្នាំ បាននាំគ្នា​ចេញពីផ្ទះ ដើម្បីទៅ​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាន​របស់​អ្នកភូមិផង​របង​ជាមួយ កាលពី​ល្ងាច​ថ្ងៃទី១ មេសា រួម​នឹង​កូនស្រី​តូច​អាយុ​៥​ឆ្នាំ​ម្នាក់ ទៅជា​មួយ​ផង ។​

​បន្ទាប់មក នៅវេលា​ម៉ោង​៩​យប់​ទៅហើយនោះ កូនស្រី​តូច​បាន​ងងុយដេក បុរស​ជា​ប្តីបាន​យក​កូន​មក​ផ្ទះ​ឲ្យ​ដេក ហើយ​១​ម៉ោង​ក្រោយមកទៀត ទើប​ស្ត្រី​ជា​ប្រពន្ធ​បានមកដល់ ។ គ្រានោះ​ប្តី បាន​ប្រចណ្ឌ​ទៅលើ​ប្រពន្ធ ដោយបាន​ចោទប្រកាន់ថា បានទៅ​ដេក​ផ្ទះសំណាក់​ជាមួយ​សា​ហាយ ទើប​យប់​បែបនេះ បាន​មកដល់​ដូច្នេះ​។​

​ប្តី​បាន​ចាប់​បោចសក់​ប្រពន្ធ និង​ច្របាច់​.​ក​ថែមទៀត សកម្មភាព​ប្រតាយប្រតប់​គ្នាទៅវិញទៅមក​នោះ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រ​វ៉ា​យក​កាំបិត​ចុង​ស្រួច សម្រាប់​កាត់សាច់គោ មកចាក់​លើ​ប្តី​បន្តបន្ទាប់​ត្រូវ​ក្រោម​ឃ្លៀក​ឆ្វេង​៤​កាំបិត បណ្តាលឱ្យ​ដួលដេកស្លាប់​នៅលើផ្ទះ ។ បន្ទាប់មក ប្រពន្ធ​បាន​យក​ទឹក​លាង​សម្អាត​ឈាម​ដែលប្រឡាក់​លើផ្ទះ​ឲ្យ​ស្អាត ហើយ​អូស​ប្តី​ចុះទៅ​ក្រោមផ្ទះ​ដាក់​នៅ​ចំហៀង​ផ្ទះ ចម្ងាយប្រហែល​ជាង​១០​ម៉ែត្រ និង​បាន​ដូរ​សំលៀកបំពាក់​ចេញ ដើម្បី​បង្វែងដាន​ដោយបន្លំ​ធ្វើ​ទៅជា​រឿង​អត្តឃាត​វិញ ព្រមទាំង​បានដាក់​កាំបិត​ឲ្យ​កាន់​នៅ​ដៃ​ខាងឆ្វេងផងដែរ ។​

​ក្រោយពី​បានរៀបចំ​រួចរាល់​នោះ ប្រពន្ធ​បាន​ឡើងមក​លើផ្ទះ​សំងំ​ដេក​ធម្មតា ធ្វើជាមិនដឹង​រឿង​អ្វី​ទាំងអស់ លុះ​មកដល់​ព្រឹក​ឡើង​ថ្ងៃទី​២ មេសា ក៏បាន​ទៅ​លក់សាច់គោ​បាត់​នៅ​ផ្សារ​ព្រៃទទឹង​ជាធម្មតា ។ រហូត​ម​ដល់​វេលា​ម៉ោងជាង​៩​ព្រឹកក៏មាន​ប្រជាពលរដ្ឋ បាន​ដើរ​ឆ្លងកាត់ ក៏​ប្រទះឃើញ​សាកសព ក៏​ប្រញាប់រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​បារាយ​ឲ្យ​បានដឹង​ជាមួយ​នោះ លោកអធិការនគរបាល​ស្រុក ក៏បាន​ចាត់​ឲ្យ​នគរបាល​បច្ចេកទេស ចុះមក​ពិនិត្យ​សពជាបន្ទាន់​ផងដែរ​។​

 សព​មិនអាច​សម្លាប់​ខ្លួនឯង ដោយមាន​កាំបិត​កាន់​នៅ​ដៃ​ខាងឆ្វេង ហើយ​ចាក់​ចំ​ក្រោមឃ្លៀក​ឆ្វេង​នោះទេ​ដឹងថា ជា​ករណី​ឃាតកម្ម លុះ​នៅពេល​ល្ងាច​ថ្ងៃទី​២ មេសាបាន​ហៅ​ប្រពន្ធ​ឈ្មោះ​សាលី មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរក៏បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់​ប្តី​ពិតប្រាកដ​មែន ដូចសកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ​៕​