​លោក សម រង្ស៊ី បញ្ជាក់ថា​កាលពីមុន​ខ្មែរ​មាន​ដោយសារតែ​ខ្មែរ​មាន​មេដឹកនាំ​ល្អ​ត្រឹមត្រូវ​

នៅថ្ងៃនេះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលឹកថា​កាលពី​សម័យ សង្គមរាស្ត្រនិយម​មាន​សម្តេចព្រះ នរោត្តម សីហនុ ជា​ប្រធាន ប្រមាណ ៥០-៦០ ឆ្នាំមុន ប្រទេស​កម្ពុជា​លូតលាស់ និង​រីកចម្រើន​ជាង​ប្រទេសជិតខាង​ទាំងអស់ ដូចជា​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ជាដើម​។ នេះ​ដោយសារតែ​យើង​មាន​មេដឹកនាំ​ល្អ​ត្រឹមត្រូវ​នៅពេលនោះ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ចាញ់​ប្រទេសជិតខាង​ឆ្ងាយ​ណាស់ ហើយ​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ក្រីក្រ និង​អន់ថយ​ជាងគេ​បំផុត​លើ​ពិភពលោក ទោះជា​បានទទួល​ជំនួយ​អន្តរជាតិ ហើយ​បាន​ខ្ចីលុយ​ពី​បរទេស​យ៉ាង​សន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ​។​

កន្លងមក លោក សម រង្ស៊ី បាន​រិះគន់ថា​នៅក្នុង​ទសវត្សរ៍ ១៩៦០ ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​៣​លើ​ពិភពលោក ក្នុងការ​នាំចេញ​អង្ករ​ទៅ​លក់​នៅក្រៅ​។ តែ​ឥឡូវនេះ កម្ពុជា​ត្រូវ​នាំចូល​អង្ករ​ពី​ក្រៅ​មកវិញ​។ ការធ្លាក់ចុះ​បែបនេះ មិនមែន​បណ្ដាលមកពី​គ្រោះធម្មជាតិ​ណាមួយ​ទេ តែ​បណ្ដាលមកពី​កំហុសឆ្គង​របស់​មនុស្ស​។ បរាជ័យ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ ក្នុងការ​គ្រប់គ្រង​កសិក​ម្ម បាន​នាំមក​នូវ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​មួយទៀត គឺ​ធ្វើ​ឲ្យ​ប្រជាកសិករ​ខ្មែរ​រាប់សែន​នាក់​ធ្លាក់ខ្លួន​ក្រ​ដល់​កម្រិត​មួយ​អស់សង្ឃឹម បង្ខំចិត្ត​ចំណាកស្រុក​ទៅធ្វើជា​ពលករ​នៅ​ប្រទេស​ថៃ​។ នេះ​ជា​ស្ថានការណ៍​គួរអោយ​សង្វេគ​ដែល​ប្រទេស​កម្ពុជា​មិនដែល​ស្គាល់​សោះ​ពីមុនមក​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ត្រូវ​បរទេស​មើលងាយ មាន​ជនអន្តោប្រវេសន៍​ពេញ​ទឹក​ពេញ​ដី មានការ​កាប់បំផ្លាញ​ព្រៃឈើ រដ្ឋអំណាច​ប្លន់​ដីធ្លី​ប្រជារាស្ត្រ មានការ​ជិះជាន់​មកលើ​កម្មករ យុវជន​អត់​ការងារ​ធ្វើ ប្រជាពលរដ្ឋ​ត្រូវ​ជំពាក់​លុយ​គេ​វ័ណ្ឌក កសិករ​ក្រ​រហេមរហាម ត្រូវ​រត់ចោល​ផ្ទះ និង​ចំណាកស្រុក​រាប់លាន​នាក់​៕

12920382_1078189615571104_8384863660099625274_n