មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ

លោក កែប កត់ ដែល​ចាក​ចេញពី​ខេត្តមណ្ឌលគិរី ទៅធ្វើជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជាច្រើន​ខែ​មកហើយ​នោះ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​តួនាទី​របស់ខ្លួន​ទេ​។ ជាក់ស្តែង​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គឺ​លោក កែប កត់ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ដដែល​។ លោក កែប កត់ គិតតែ​ពី​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​គ្រញូង​ឆ្លងកាត់​ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ឈ្មួញ​កំពុង​សម្រុក​ដឹកឈើ​គ្រញូង​ទៅ​ស្រុក​យួន​ដោយ​ប្រើប្រាស់​រថយន្ត​ម៉ាក​ធុន​ដ្រា ហើយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​រថយន្ត​ធុន​ដ្រា​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​ភូមិសាស្ត្រ​ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​តា​វែង ឆ្លងកាត់​ស្រុក​អណ្ដូង​មាស ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ជាពិសេស​នៅពេល​យប់​។ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម មិន​បង្ក្រាប​រថយន្ត​ធុន​ដ្រា​ដឹកជញ្ជូន​ឈើ​គ្រញូង​ទៅ​លក់​នៅ​ស្រុក​យួន​នោះទេ​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​គ្រញូង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់ សូម្បីតែ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅ​ខេត្តរតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈើ​គ្រញូង​ដែល​ឈ្មួញ​ដឹក​យកទៅលក់​នៅ​ស្រុក​យួន​នោះ មាន​ប្រភព​ចេញពី​តំបន់​មុំ​៣ ខេត្តព្រះវិហារ ហើយ​មាន​មន្ត្រី​ប្រដាប់អាវុធ​ពាក់​ស័ក្តិធំៗ បាន​ប្រើ​អំណាច​របស់ខ្លួន​ក្នុងការ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី ជាពិសេស​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ហ៊ាន​ប៉ះពាល់​បណ្ដោយ​ឲ្យ​ឈ្មួញ​ខិលខូច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ឬ​ម្យ៉ាងទៀត​លោក កែប កត់ អាច​ជាប់​ពាក់ព័ន្ធ​បញ្ហា​ផលប្រយោជន៍​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់​បំផុត ព្រោះ​ឈ្មួញ​ដែលជា​មន្ត្រី​ប្រដាប់អាវុធ​មួយចំនួន​កំពុង​រត់ពន្ធ​ឈើ​គ្រញូង​ឆ្លងកាត់​ខេត្តរតនគិរី ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​៕

camnews-56d3c296ebae3លោក​ កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី