លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់​ពី​តម្លៃ​នៃ​កំណែទម្រង់​ផ្នត់គំនិត ក្នុងសម័យ​បច្ចេកវិទ្យា​

នៅថ្ងៃនេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានបញ្ជាក់​ពី​តម្លៃ​នៃ​ការ​កំណែទម្រង់​ផ្នត់គំនិត ក្នុងសម័យ​បច្ចេកវិទ្យា​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ប្រជាពលរដ្ឋ​ចាប់ផ្តើម​យល់ និង​ផ្តល់​ការទុកចិត្ត កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោយ​ពេលដែល​អ្នកប្រជាធិបតេយ្យ អ្នក​ជាតិនិយម​រួបរួមគ្នា បង្កើត​គណបក្ស​ស​ង្រោះ្គ​ជាតិ មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣​។ ចលករ និង​សន្ទុះ​នៃ​ចលនា​នេះ ចំ​ពេលដែល​បច្ចេកវិទ្យា​មានការ​ផ្លាស់ប្តូរ កែប្រែ​ជឿនលឿន ធ្វើ​ឲ្យ​យុវជន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស បានទទួល​ព័ត៌មាន​ដោយផ្ទាល់ ជាក់ស្តែង ពី​គ្រប់ទិសទី ការទទួលបាន​ព័ត៌មាន​ពិត ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុង​ការគិត ដែល​គេ​ឲ្យ​ឈ្មោះថា កំណែទម្រង់​ផ្នត់គំនិត ប្រែក្លាយ​ពី​ភាព​អសកម្ម ភាពមិន​ចូលរួម​ទៅជា​ភាព​សកម្ម និង​ភាព​ចូលរួម​ដោយ​យកចិត្តទុកដាក់​ពី​វាសនា​ប្រទេសជាតិ មាតុភូមិ ទាំង​វិស័យសេដ្ឋកិច្ច សង្គម និង​នយោបាយ​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា គណបក្សនយោបាយ​នីមួយៗ តែងតែ​កំណត់​គោលដៅ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ គិតគូរ​សិក្សា​ពី​មធ្យោបាយ​ដោយ​ប្រមើលមើល​ទៅនឹង​សន្ទុះ​នៃ​ការគាំទ្រ ជំនឿ​ទុកចិត្ត ពី​ប្រជាពលរដ្ឋ ព្រមទាំង​ធនធាន​ដែល​ខ្លួន​មាន​។ លើសពីនេះទៅទៀត គោលនយោបាយ ការផ្តល់​សារ​នយោបាយ និង​ការធ្វើ​ឲ្យ​ជឿទុកចិត្ត ពី​សំណាក់​ប្រជាពលរដ្ឋ ជា​កត្តា​ចម្បង​ក្នុងការ​រៀបចំ​អនុវត្តន៍​គម្រោង​ផែនការ សកម្មភាព​នានា​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ការប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ប្រកួតប្រជែង​ពី​គោលនយោបាយ ទស្សនៈ​គំនិត ប្រកួតប្រជែង​ពី​វិធីសាស្ត្រ​នៃ​ការដឹកនាំ​ប្រទេស គឺមាន​លក្ខណៈ​ល្អប្រសើរ ដោយសារ​ការយល់ដឹង យល់ឃើញ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុងសម័យ​បច្ចេកវិទ្យា​នេះ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្ថែមថា​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​លើកទឹកចិត្ត ឲ្យ​ចរន្ត​នៃ​ការកែប្រែ​អភិវឌ្ឍ​ផ្នត់គំនិត ឆ្ពោះទៅមុខ​ក្នុង​ភាពជា​វិជ្ជមាន ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​កសាង​រដ្ឋ​ទំនើប សង្គម​ជឿនលឿន បែប​ប្រជាធិបតេយ្យ​ចូលរួម​៕

12923360_1102022316527899_6834355840745710358_n