សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ខ្លួន​បានសម្លាប់​ជន​សកម្មប្រយុទ្ធ ISIS ម្នាក់​ដែល​បានសម្លាប់​នាយ​ទាហានជើងទឹក​ក្នុងប្រទេស​អ៊ីរ៉ាក់​

​បរទេស​៖ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ក្រុម​ស​ម្ព័​ន​មិត្ត​ប្រឆាំង​រដ្ឋ​ឥស្លាម បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​តាម​ដែនអាកាស​ក្នុងប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី ដោយបាន​សម្លាប់​ជន​សកម្មប្រយុទ្ធ ISIS ម្នាក់​ដែល​ត្រូវបាន​ជឿជាក់ថា ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​វាយប្រហារ​កង​ទ័ព​សហរដ្ឋអាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ខែ​មុន បណ្តាល​ឲ្យ​នាយ​ទាហានជើងទឹក​ម្នាក់​បាន​ស្លាប់​។​

 

​លោក​វរសេនីយឯក Steve Warren ជា​អ្នក​នាំពា​ក្រ​ក្រុម​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​បាន​ជម្រាប​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​បា​ដា​ដ​ថា ជន​សកម្មប្រយុទ្ធ​ឈ្មោះ Jasim Khadijah គឺជា​អតីតមន្ត្រី​អ៊ីរ៉ាក់ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ពី​ដែនអាកាស​តាមរយះ​យន្តហោះ​គ្មាន​យានិក​អំឡុង​ពេលយប់​ក្នុង​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។​

 

​លោក Warren បាន​មានប្រសាសន៍​ដោយ​យោងតាម​ការបាញ់​ផ្លោងចូល​មូលដ្ឋាន​មួយ​របស់​កងទ័ព​សហ​រដ្ឋ​អាមេរិក​ក្បែរ​ទីក្រុង Makhmour ស្ថិតនៅ​ចន្លោះ​រវាង​ទីក្រុង Mosul និង​Kirkuk ថា “​យើង​បានទទួល​ព័ត៌មាន​ថា ជន​សកម្មប្រយុទ្ធ​រូបនេះ​គឺជា​អ្នក​ជំ​នាយ​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត ហើយ​ជា​អ្នកគ្រប់គ្រង​ការវាយប្រហារ​ខា​លើ​។​”

 

​ការវាយប្រហារ​ដែល​ដឹកនាំ​ដោយ​ជន​សកម្មប្រយុទ្ធ​រូបនេះ បានសម្លាប់​ពលបាលត្រី​ជើង​ទឹក​ម្នាក់​ឈ្មោះ Louis Cardin និង​ប្រាំ​បីនាក់​ផ្សេងទៀត​រងរបួស ស្ថិតនៅ​មូលដ្ឋាន​កងទ័ព​សហរ​ដ្ឋ​អាមេរិក​ដែលមាន​ទាហាន​ប្រមាណ​ជិត​២០០​នាក់​។  ទាហាន​ទាំងនេះ​មាន​បេសកកម្ម​ដើម្បី​ផ្តល់ជំនួយ​ការពារ​ដល់​កងទ័ព​អ៊ីរ៉ាក់ ដែល​កំពុង​ជួប​បញ្ហា​ក្នុង​យុទ្ធនាការ​បោសសំអាត​តំបន់​នានា​ជុំវិញ​ទីក្រុង Mosul ដែល​កំពុង​គ្រប់​គ្រោង​ដ៏​រឹងមាំ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។​

 

​លោក Warren បាន​បន្តថា ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ប្រាំ​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​ផងដែរ​ក្នុងការ​វាយប្រហារ​តាម​ដែនអាកាស​នេះ​៕ 

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS