ត្រឡប់​មកពី​ឆេង​ម៉េង​ ងងុយ​ដេក​បើក​ឡាន​ធ្លាក់​ផ្លូវ​របួស​៤​នាក់

ត្រឡប់​មកពី​ឆេង​ម៉េង​ ងងុយ​ដេក​បើក​ឡាន​ធ្លាក់​ផ្លូវ​របួស​៤​នាក់



បាត់ដំបង​ ៖​ រថយន្ត​មួយ​គ្រឿង ​ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ​ក្នុង​ចំណោម​មនុស្ស​ចំនួន​៧​នាក់​ ខណៈ​ដែល​ពួកគេ​បាន​វិលត្រឡប់​មកពី​សែន​ឆេង​ម៉េង​ឲ្យ​កុងម៉ា​វិញ ​ហើយ​ត្រូវ​អ្នក​បើកបរ​ងងុយដេក​ទើប​ជួប​បញ្ហា​បែបនេះ។

យោង​តាម​ប្រភព​ ដែល​នៅ​ទីនោះ​បាន​និយាយ​ថា ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ត្រង់​ចំណុច​ភូមិ​លំផាត់​ ឃុំ​អូរដា​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ដែល​នៅ​ពេល​នោះ​គឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-4345 គឺ​គេ​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​នោះ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​តែ​ម្តង​ ​​ធ្វើឲ្យ​មនុស្ស​នៅ​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ​គ្រប់​ៗ​គ្នា។ ដោយ​នៅ​ពេល​នោះ​ដែរ​ ទាំង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​នាំគ្នា​ទៅ​ពិនិត្យ​មើល​ទើប​ដឹង​ថា អ្នក​ដំណើរ​បែប​លក្ខណៈ​គ្រួសារ​នេះ​ មាន​ចំនួន​៧​នាក់​ ក្នុង​នោះ​អ្នក​បើកបរ​មានឈ្មោះ សុង លី​ហ៊ួ​រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក។

ជាក់ស្ដែង​នៅ​ក្នុង​ហេតុការណ៍​នេះ​ គឺ​មាន​មនុស្ស​ចំនួន​៤​នាក់ ​ដែល​រង​របួស​ធ្ងន់​ស្រាល​គឺ​ទី​១ អ្នកបើកបរ​របួសស្រាល ២.ទេ​ព្យ មុំ ភេទ​ស្រី ​អាយុ​៤៧​ឆ្នាំ​ ត្រូវជា​ម្តាយ​របួសធ្ងន់​ ៣.សុង អូន ​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ ​ត្រូវជា​បងស្រី​របួសធ្ងន់​ និង​៤.​ឡាង លី​ហ៊រ​ ភេទ​ស្រី​ អាយុ​៨​ឆ្នាំ​របួសស្រាល។

ក្រោយ​ពេល​ សមត្ថកិច្ច​ធ្វើការ​សាកសួរ​ទើប​ដឹង​ថា​ ពួកគេ​ទើប​វិលត្រឡប់​មកពី​សែន​ឆេង​ម៉េង​នៅ​ស្រុក​ឆ្ងាយ​ ហើយ​អ្នកបើកបរ​បាន​ងងុយ​ដេក ​ដោយ​បាន​បើកបរ​លក់​មួយ​ភាំង​ក៏​កើតមាន​បញ្ហា​តែ​ម្ដង។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ជួយ​បញ្ជូន​ជនរងគ្រោះ​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ៕

ត្រឡប់​មកពី​ឆេង​ម៉េង​ ងងុយ​ដេក​បើក​ឡាន​ធ្លាក់​ផ្លូវ​របួស​៤​នាក់