បញ្ហា​ពិការភាព​នៅ​កម្ពុជា​ ក្លាយ​ជា​ក្តី​បារម្ភ​កាន់តែ​ធំធេង​ ដែល​បណ្ដាលមកពី​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​

បញ្ហា​ពិការភាព​នៅ​កម្ពុជា​ ក្លាយ​ជា​ក្តី​បារម្ភ​កាន់តែ​ធំធេង​ ដែល​បណ្ដាលមកពី​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​



កណ្ដាល ៖ អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​បាន​ថ្លែង​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ បញ្ហា​ពិការភាព​ នឹង​ក្លាយ​ជា​ក្តី​បារម្ភ​កាន់តែ​ធំធេង ដោយសារ​អត្រា​ពិការភាព​កាន់តែ​កើន​ឡើង ដែល​បណ្ដាលមកពី​ជំងឺ​រ៉ាំរ៉ៃ ផ្សេងៗ​ដូចជា ទឹកនោមផ្អែម មហារីក ជំងឺ​សរសៃឈាម​បេះដូង ដាច់​សរសៃ ឈាម​ក្នុង​ខួរក្បាល​ជាដើម។

លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ថ្លែង​បែបនេះ​នៅ​ក្នុង​ឱកាស​ទិវា យល់ដឹង​អូ​ទី​ស្សឹម​ និង​ដោ​ន​សាំង​ដ្រូ​ន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលា​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៦​នេះ​ថា បញ្ហា​ដែល​ជា​ក្តីបារម្ភ ​នៃ​ពិការភាព​នេះ​ ជា​កត្តា​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នានា​ជាបន្ទាន់ ​រួម​ទាំង​ការ​លើក​កម្ពស់​សុខុមាល​ភាព​សង្គម ការ​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង​សតិបញ្ញា ការ​ផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​នានា និង​ការអប់រំ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នាំ​ឲ្យ​ពិការ​ជាដើម។

លោក​បន្ត​ថា ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​បងប្អូន​អូ​ទី​ស្សឹម និង​ដោ​ន​សាំង​ដ្រូ​ន យើង​ត្រូវ​រួម​គ្នា​សហការ​ដោះស្រាយ​បញ្ហា​តាម​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ជន​ពិការ ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ការអនុវត្ត​ច្បាប់​ស្ដីពី​កិច្ចការពារ ​និង​លើកកម្ពស់​សិទ្ធ​ជនពិការ អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​២០១៤-២០១៨ ព្រមទាំង​យុទ្ធសាស្ត្រ អ៊ី​ន​ឈាន់ ទសវត្ស​ជន​ពិការ ​ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយ​ជា​ការពិត។

ជា​ការ​ឆ្លើយតប លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​ថ្លែង​ថា សម្រាប់​បញ្ហា​កុមារ​អូ​ទី​ស្សឹម និង​ដោ​ន​សាំង​ដ្រូ​ន​នេះ ក្រសួង​ ក៏​ដូច​ក្រុមប្រឹក្សា សកម្មភាព​ជន​ពិការ បាន​ខំ​ប្រឹង​ប្រែង​យ៉ាងសកម្ម​ក្នុង​ការ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន ដើម្បី​ដោះ ស្រាយ​បញ្ហា​ជូន​ជន​ពិការ​ប្រកបដោយ​ប្រសិទ្ធភាព ជំរុញ​ឲ្យ​សង្គម​មួយ​ដែល​គ្មាន​ឧបសគ្គ​សម្រាប់ ជន​ពិការ ដោយ​ឲ្យ​ជន​ពិការ​រស់នៅ​ស្មើភាព គ្មាន​ការ​រើសអើង ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។​

ក្នុង​ឱកាស​នេះ​ដែរ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស លោកគ្រូ​-​អ្នកគ្រូ សូម​បន្ត​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​ជន​ខ្សោយ​សតិ​បញ្ញា និង​ដោ​ន​សាំង​ដ្រូ​ម ទាំងអស់ ដើម្បី​ធានា​អំពី​ភាពជា​ម្ចាស់ការ​របស់​ពួកគេ ក្នុងការ​ប្រាស្រ័យ​ទាក់ទង ការ​លំហែ​-​កម្សាន្ត ការអប់រំ ពិសេស​ការស្វែងរក​ការងារ​ធ្វើ ដែល​សមស្រប​តាម​សមត្ថភាព និង​ជំនាញ​ចំណេះដឹង​របស់​ជន​ពិការ​ប្រភេទ​នេះ​ដែរ៕
បញ្ហា​ពិការភាព​នៅ​កម្ពុជា​ ក្លាយ​ជា​ក្តី​បារម្ភ​កាន់តែ​ធំធេង​ ដែល​បណ្ដាលមកពី​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​