អភិបាល​ក្រុង​ព្រះសីហនុ​សរសើរ​ដល់​បណ្ដាញ​ព័ត៌មាន

អភិបាល​ក្រុង​ព្រះសីហនុ​សរសើរ​ដល់​បណ្ដាញ​ព័ត៌មាន



ព្រះសីហនុ​ ៖​ អភិបាលក្រុង​ព្រះសីហនុ លោក​អ៊ី សុខ​ឡេង នា​ព្រឹក​ថ្ងៃ​០៤​ ខែ​មេសា​​នេះ​ បាន​កោតសរសើរ​ដល់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​អាជ្ញាធរ​ក្រុង និង​ស្ថាប័ន​មួយ​ចំនួន​បាន​ដឹង​អំពី​បញ្ហា​ផ្សេងៗ ​ជាពិសេស​​ពាក់ព័ន្ធ​ករណី​ការ​ចាក់​ដី​ ការទន្ទ្រាន​កាន់កាប់​ដី​អូរ បឹង ព្រែក នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​សាលាខេត្ត និង​ស្ដីការ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​រាល់​អូរ ​ប្រឡាយ និង​ ​​ការ​សាងសង់​សំណង់​នានា​ លើ​ចំណី​អូរ និង ផ្លូវ​សាធារណៈ​នា​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​មេសា​​នេះ​ ដោយ​លោក​បាន​ទទួល​ស្គាល់​ថា សារព័ត៌មាន​ពិត​កញ្ចក់​ឆ្លុះ​បញ្ហា​នានា នៅ​ក្នុង​សង្គម ​ដែល​បញ្ហា​មួយ​ចំនួន​អាជ្ញាធរ​ដែនដី ពុំបាន​ដឹង។ ជាក់ស្ដែង នាពេល​កន្លងមក ​តាម​បណ្ដា​អូរ ព្រែក មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ជនខិលខូច លប​លួច​ចាក់​ដី រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​បណ្ដាញ​ព័ត៌មាន ផ្តល់​មកកាន់​លោក ទើប​​​ឈាន​ដល់​ការទប់ស្កាត់​បានជា​បន្ត​បន្ទាប់។

លោក​អភិបាលក្រុង​អ៊ី សុខ​ឡេង បាន​បន្តថា ក្នុងនាម​លោក ជា​អភិបាលក្រុង ជា​អ្នកបម្រើ​សង្គម និង បម្រើ​ប្រជាពលរដ្ឋ ​សុំ​ស្នើ​យ៉ាង​​ទទូច​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​អ្នក​មាន​អំណាច​ទាំងអស់​សូម​មេត្តា​បញ្ឈប់​សកម្មភាព លប​លួច​ចាក់​ដី​រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់ ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ បើ​ពុំ​ដូច​នោះ​ទេ អាជ្ញាធរ ក្រុង ខេត្ត នឹង​អនុវត្ត​​​ទៅ​តាម​ផ្លូវច្បាប់​ តាម​មាត្រា​​​២៥៩ នៃ​ច្បាប់​ភូមិបាល ចេញ​ឆ្នាំ​២០០២។ ដោយឡែក​រាល់​សំណង់​ ដែល​បាន​សាងសង់ ប៉ះពាល់​អូរ ព្រែក ពីមុនមក សូម​រក្សា​នៅ​ដដែល ប៉ុន្តែ​ម្ចាស់​សំណង់​ត្រូវ​រិះរក និង​កែ​លម្អរ ធ្វើ​យ៉ាង​កាត់បន្ថយ​ផល​ប៉ះពាល់​ប្រកប​សោភ័ណភាព។

លោក អភិបាលក្រុង​បាន​បញ្ជាក់​បន្ថែម​ថា ការ​លើកឡើង​បែបនេះ មិនមែន​លោក លើកទឹកចិត្ត​អ្នក​ ដែល​បាន​រំលោភ​កាន់កាប់​ចំណី​អូរ​ព្រែក​នោះ​ទេ ប៉ុន្តែ​លោក​គិត​អំពី​ជីវភាព​របស់​ពលរដ្ឋ ព្រោះ​ប្រសិនបើ​វាយកម្ទេច​សំណង់​នោះ​ចោល វា​អាច​បង្ក​​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ។ ដូចនេះ​យើង​ត្រូវ នាំគ្នា​រិះរក​វិធីសាស្ត្រ​អ្វី​ដែល​ល្អ ធ្វើ​យ៉ាង​ណា​កែសម្រួល​ពី​ផល​ប៉ះពាល់​ច្រើន​មក​នៅ​តិចតួច ពី​តិចតួច​មក​ពុំ​មាន​ផល​ប៉ះពាល់​។​

សូម​បញ្ជាក់​ផង​ដែរ​ថា ​នៅ​ខេត្ត​ព្រះសីហនុ នៅ​មួយ​រយៈចុងក្រោយ​នេះ នៅ​តាម​បណ្ដា​ អូរ​ព្រែក បឹង សមុទ្រ គេ​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ មន្ត្រី​អ្នក​មាន​អំណាច ​មួយ​ចំនួន​បាន លប​លួច​ចាក់​ដី ទន្ទ្រាន​កាន់កាប់​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ដោយ​ពុំ​បាន​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​ដល់​សង្គមជាតិ​ឡើយ។ ជាក់ស្ដែង​ដូចជា​នៅ​តំបន់​បឹង​ព្រែក​ទប់ ​តំបន់​ទំនប់រលក​ តំបន់​ឆ្នេរ​អូ​ត្រេះ​ តំបន់​ព្រៃ​លិច​ទឹក​ស្ពាន​ឆេះ ​តំបន់​ព្រែក​ចុង​ឆ្នេរ​ដំណាក់​ស្ដេច​ និង​បណ្ដា​​អូរ ​ព្រែក​ជា​ច្រើន​នៅ​តាម​បណ្ដា​ស្រុក​ទាំង​៣ ​របស់​ខេត្ត​ព្រះសីហនុ៕

/

អភិបាល​ក្រុង​ព្រះសីហនុ​សរសើរ​ដល់​បណ្ដាញ​ព័ត៌មាន

អភិបាល​ក្រុង​ព្រះសីហនុ​សរសើរ​ដល់​បណ្ដាញ​ព័ត៌មាន

អភិបាល​ក្រុង​ព្រះសីហនុ​សរសើរ​ដល់​បណ្ដាញ​ព័ត៌មាន