ក្រុមហ៊ុន​ ហៀក​អេង​ទ្បា​យ ​ដឹក​ឈើ​​២​រថយន្ត​យី​ឌុប​ពេញ​ៗ​ណែន ​ឆ្លង​កាត់​ខេត្ត​ព្រះវិហារ​យ៉ាង​រលូន

ក្រុមហ៊ុន​ ហៀក​អេង​ទ្បា​យ ​ដឹក​ឈើ​​២​រថយន្ត​យី​ឌុប​ពេញ​ៗ​ណែន ​ឆ្លង​កាត់​ខេត្ត​ព្រះវិហារ​យ៉ាង​រលូន



ព្រះវិហារ ​៖ ​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ ហៀក​អេង​ទ្បា​យ​ ដែល​រកស៊ី​ដឹក​គ្រឿង​ឈើ​អារ​លេខ​១ ​និង​លេខ​២​ មកពី​ខេត្ត​ស្ទឹងត្រែង​ បាន​ដឹក​​ជញ្ជូន​ឆ្លងកាត់​ទឹកដី​ខេត្ត​ព្រះវិហារ​ចំនួន​០២​រថយន្ត​យី​ឌុប ​ដែល​សង្ស័យ​ក្នុង​រថយន្ត​យី​ឌុប​១ ​ផ្ទុក​រហូត​ដល់​៥០​ម៉ែត្រ​គូប​ឯណោះ។

រថយន្ត​យី​ឌុប​ដឹក​ឈើ​ទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​បើកបរ​ឆ្លង​កាត់​កាល​ពី​យប់​ជ្រៅ​ថ្ងៃ​ទី​០៣​ខែ​មេសា ​ឆ្នាំ​២០១៦​ ហើយ​មាន​មេការ​ម្នាក់​ឈ្មោះ​អៀង​ ហៅ​អេង​ ជា​អ្នក​រត់ការ​បង់លុយ ​ក្បាល​ឡាន​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​ថ្នូរ​មិន​ឲ្យ​កាក់​ឃាត់​រថយន្ត​ ដើម្បី​ត្រួតពិនិត្យ​បរិមាណ​ឈើ។

រថយន្ត​យី​ឌុប​ដឹក​ឈើ​ទាំង​០២​គ្រឿង​ បាន​ចាក​ចេញពី​ខេត្ត​ព្រះវិហារ​តាម​ផ្លូវ​ជាតិ​លេខ​៩ ​និង​លេខ​៦២​ឆ្ពោះ​យក​ទៅ​លក់​នៅ​ខេត្ត​សៀមរាប​ និង​បន្ទាយមានជ័យ​យ៉ាង​រលូន​ ដោយ​គ្មាន​ការ​ឃាត់​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​បរិមាណ​ឈើ​ពី​សមត្ថកិច្ច​ជំនាញ​អ្វី​​ឡើយ។

ភ្នាក់ងារ​បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​​មេសា​នេះ​ថា​ ក្រុមហ៊ុន​ហៀក​អេង​ទ្បា​យ​ល្បី​រកស៊ី​ដឹកជញ្ជូន​ឈើ​អារ​លេខ​១​ និង​លេខ​២​លើស​ចំណុះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​ដោយសារ​មានការ​ត្រូវរ៉ូវ​ចែក​ផលប្រយោជន៍​គ្នា​ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច។ ច្បាប់រដ្ឋបាល​ព្រៃឈើ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដឹក​ឈើ​ចំណុះ​ចាប់ពី​១៥​ដល់​២៣​ម៉ែត្រ​គូប​ប៉ុណ្ណោះ​ ប៉ុន្តែ រថយន្ត​របស់​ក្រុមហ៊ុន ​ហៀក​អេង​ទ្បា​យ ​ដឹក​ផ្ទុក​រហូតដល់​៥០​ម៉ែត្រ​គូប​ឯណោះ​បណ្តាល​ឲ្យ​រង​ការខូចខាត​ប៉ោង​ស្រុត​ផ្លូវជាតិ ​និង​ស្ពានបេតុង​ថែមទៀត។

ដោយឡែក​ក្រុមហ៊ុន​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ល្បីឈ្មោះ​មួយទៀត​មកពី​ខេត្ត​ស្ទឹងត្រែង​ឆ្លងកាត់​ទឹកដី​ខេត្ត​ព្រះវិហារ​ ត្រូវ​បាន​គេ​ដឹង​ថា​ ឈ្មោះ​លឹម​សុគន្ធ​ ក៏​រកស៊ី​ដឹក​ឈើ​លើស​ចំណុះ​​​​​ដូចគ្នា ​ហើយ​ក៏​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​អ្វី​ដែរ។

សមត្ថកិច្ច​ជំនាញ​តែងតែ​ឆ្លើយ​ថា ​មិន​ដឹង​ និង​ជាប់រវល់​ទៅ​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ពេល​អ្នកសារព័ត៌មាន​ទាក់ទង​ឲ្យ​ពួកគាត់​ចុះ​អន្តរាគមន៍​ជួយ​ឃាត់​រថយន្ត​ពិនិត្យ​ដើម្បី​ផ្ទៀងផ្ទាត់​បរិមាណ​ឈើ​ផ្ទុក​ជាក់ស្ដែង៕