ស្ថានភាព​ទឹកសមុទ្រ​ ខេត្ត​កែប ​ឈាន​ទៅ​រក​សភាព​ដើម​វិញ​ហើយ

ស្ថានភាព​ទឹកសមុទ្រ​ ខេត្ត​កែប ​ឈាន​ទៅ​រក​សភាព​ដើម​វិញ​ហើយ



ភ្នំពេញ ​៖ ​ក្រសួងបរិស្ថាន ​បាន​ចេញ​សេចក្តី​ប្រកាស ដោយ​បញ្ជាក់​ពី​ស្ថានភាព ​ទឹកសមុទ្រ​នៅ​ខេត្ត​កែប បាន​រង​ថ្លា និង​ឈានទៅរក​សភាព​ដើម​វិញ​ហើយ តែ​ក្រសួង​បាន ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ បន្ត​ផ្អាក​ការ​ចុះ​មុជទឹក​សមុទ្រ រហូតដល់​ចុង​សប្តាហ៍​នេះ​។​

យោងតាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ​២០១៦​នេះ ក្រសួង​ បរិស្ថាន​បាន​ឲ្យ​ដឹងថា តាម​ការ​សន្និដ្ឋាន​ជាបឋម ​ការ​កើនឡើង​នូវ​កម្រិត​ស្លែ នៅ​ក្នុង​ទឹក សមុទ្រ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត កែប ​និង​ការ​ធ្វើ​វិភាគ​សំណាក​ទឹកសមុទ្រ ដែល​បាន​យក​មក​ពី តំបន់​រង​ផល​ប៉ះពាល់ គឺ​បណ្តាលមកពី​ការកើនឡើង​នូវ​សីតុណ្ហភាព ពន្លឺ និង​ការប្រែប្រួល​នូវ ជីវជាតិ ចិញ្ចឹម​នៅ​ក្នុង​សមុទ្រ។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា បច្ចុប្បន្នភាព​ស្លែ​ដែល​បាន​កើត មាន​ឡើង​នៅ​តំបន់ឆ្នេរ សមុទ្រ​ខេត្ត កែប បាន​បាត់​ទៅវិញ​ស្ទើរ​តែ​ទាំងស្រុង​ហើយ ចំណែក​ស្ថានភាព​ទឹកសមុទ្រ មាន​ភាព​រង​ថ្លា និង​ឈានទៅរក​ភាពប្រក្រតី​ឡើងវិញ​។ ប៉ុន្តែ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ ដល់​សាធារណជន​គ្រប់រូប ជាពិសេស​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត កែប និង​ភ្ញៀវ​ទេសចរ​ ដែល​អញ្ជើញ​ទៅ​កម្សាន្ត នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត កែប មេត្តា​បន្ត​ការប្រុងប្រយ័ត្ន ដោយ​គួរ​បន្ត​ការ​ផ្អាក​ចុះ​មុជទឹក​សមុទ្រ​កម្សាន្ត រហូតដល់​ចុង សប្ដាហ៍​នេះ​ ដើម្បី​ជា​ការ​បង្ការ​បញ្ហា​គ្រោះថ្នាក់​ ដោយ​យថាហេតុ ក៏​ដូចជា​ទុក​ឱកាស​ឲ្យ​មន្ត្រី ជំនាញ និង​អាជ្ញាធរ​ ខេត្ត​កែប ​ធ្វើការ​បោសសម្អាត​ឲ្យ​បាន​ស្អាតបាត​ជា​មុន​សិន។

ចំពោះ​ការ​នេសាទ​សមុទ្រ​នៅ​ខេត្ត​ កែប ប្រជា​នេសាទ​អាច​បន្ត ប្រកបមុខរបរ​របស់​ ខ្លួន​នៅ​តាម​ទំនប់ទឹក ដែល​មាន​រយៈ​ចម្ងាយ​ពី​ឆ្នេរ​ប្រមាណ ៥០០ ម៉ែត្រ​ឡើង​ទៅ៕