ក្មេង​ប្រុស​ស្រី​៣​នាក់​ពុល​មី​កញ្ចប់​តូច​ សំណាង​ជួយ​សង្គ្រោះ​ទាន់​

ក្មេង​ប្រុស​ស្រី​៣​នាក់​ពុល​មី​កញ្ចប់​តូច​ សំណាង​ជួយ​សង្គ្រោះ​ទាន់​



សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេងៗ​ប្រុស​ស្រី​ចំនួន​០៣​នាក់​បាន​ពុល​មី​កញ្ចប់​តូចៗ​ដែល​ពួកគេ​ទិញ​នៅ​តូប​ចាប់ហួយ​យក​មក​បរិភោគ ​ស្រាប់តែ​ក្អួតចង្អោរ​ពុល​តែម្តង ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួយសង្គ្រោះ​ទាន់​ពេល​។ ករណី​ពុល​មី​កញ្ចប់​ខាង​លើ​នេះ​ កើតឡើង​នៅ​ថ្ងៃទី​០៣ ​ខែមេសា ​ឆ្នាំ​២០១៦​ក្នុង​ភូមិ​ក្រាំង ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​ថា ករណី​ក្មេង​ពុល​មី​កញ្ចប់​តូចៗ ​ដែល​មាន​លាយ​គ្រឿងផ្សំ​រួច​ច្រក​កញ្ចប់​តូច​នោះ ​គឺ​ពិត​ជា​មាន​មែន ហើយ​ហេតុការណ៍​នេះ​ក្រុម​គ្រួសារ​ជួយសង្គ្រោះ​ទាន់​ពេល​ ដោយ​មិន​បណ្តាល​ឲ្យ​ក្មេង​ណា​ម្នាក់​រង​ការ​ពុល​ធ្ងន់ធ្ងរ​នោះ​ទេ​។

លោក​បន្ត​ថា ក្មេង​ដែល​ពុល​មី​កញ្ចប់​តូច​ដែល​មាន​លេខ​កូដ​៨៩១ នោះ​មានឈ្មោះ​ទី​១-​ឈ្មោះ ហឹម សុ​ឃី ភេទ​ស្រី អាយុ​៨​ឆ្នាំ​, ទី​២-​ឈ្មោះ ហឹម ឃន់ ភេទ​ប្រុស អាយុ​៣​ឆ្នាំ ត្រូវជា​ប្អូន​ឈ្មោះ ហឹម សុ​ឃី និង​ទី​៣-​ឈ្មោះ វី ពិសិដ្ឋ ភេទ​ស្រី អាយុ​២​ឆ្នាំ​។ លោក​បន្ត​ថា ចំពោះ​ផលិតផល​មី​កញ្ចប់​តូច​វិញ​កម្លាំង​សមត្ថកិច្ច​ស្រុក​កំពុង​ធ្វើការ​ត្រួតពិនិត្យ​ជាមួយ​មន្ទីរ​សុខាភិបាល​ស្រុក ដើម្បី​ឲ្យ​ដឹង​ថា​ មី​កញ្ចប់​នោះ​មាន​សារធាតុពុល​ឫ​មួយ​មកពី​ផលិតផល​នោះ​ហួស​កាលបរិច្ឆេទ​។ លោក​បន្ថែម​ថា ក្នុងនាម​ជា​សមត្ថកិច្ច​សូម​ធ្វើការ​អំពាវនាវ​ដល់​មាតាបិតា​ក្មេងៗ​ទាំងអស់ ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​អំពី​បញ្ហា​សុខុមាលភាព​របស់​កូនៗ ​ត្រូវ​ធ្វើ​ការ​ពន្យល់​ឲ្យ​បាន​ច្រើន​ អំពី​នំចំណី​ដែល​ញុំា​ទៅធ្វើ​ឲ្យ​ពុល​ដូចជា​ករណី​ខាង​លើ​នេះ។

សូម​រំលឹក​ថា កន្លងទៅ​នៅ​ខេត្ត​សៀមរាប​ធ្លាប់​មាន​កូនក្មេង​តូចៗ ​បាន​ទៅ​ទិញ​នំចំណី​ផ្សេងៗ​នៅ​តាម​តូប​ចាប់ហួយ ហើយ​បាន​ពុល​ជា​បន្តបន្ទាប់​ដែរ​ តែ​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ ​ហាក់​នៅ​មិនទាន់​ស្រាយ​ចម្ងល់​ទាំងនេះ​ជូន​រាស្ត្រ​នៅឡើយ​៕