សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សិង្ហបុរី​(SIS)​ អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សិង្ហបុរី​(SIS)​ អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​



ភ្នំពេញ ៖ បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ​ឆ្នាំវក អដ្ឋស័ក​ព.ស​២៥៦០ ​ដែល​នឹង​ឈាន​មកដល់​ឆាប់ៗ​នេះ ​ក៏​ដូចជា​ឆ្នាំមុនៗ​ដែរ ​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សិង្ហបុរី​(SIS)​ កាលពី​ថ្ងៃ​ទី​២​ ខែ​មេសា ​ឆ្នាំ​២០១៦​មកនេះ ​បាន​ប្រារព្ធ​ពិធី​អបអរ​យ៉ាង​ឧឡារិក​នៅ​បរិវេណ​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សិង្ហបុរី​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​បណ្ឌិត ងឿ​ន ផល្លី​ន​ពោធិ​តា នាយិកា​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សិង្ហបុរី​(SIS) លោកគ្រូ​ អ្នកគ្រូ ​និង​សិស្សានុសិស្ស​មក​ពី​គ្រប់​សាខា។

គណៈកម្មការ​រៀបចំ​បាន​ឲ្យ​ដឹង​ថា ការ​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ​ជា​លើក​ទី​៦​ហើយ​ដែល​សាលា​បាន​រៀបចំ​អបអរ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុន ​ដោយមាន​ការ​តាំង​ពិព័រណ៍​ម្ហូប​ខ្មែរ​និង​បង្អែម​ខ្មែរ​ ដែល​ជា​ស្នាដៃ​សិស្ស ​ចាប់ពី​ថ្នាក់​ទី​៤​ ដល់​ថ្នាក់​ទី​១១​ និង​កម្រិត​ថ្នាក់​SC2​ ដល់​Level PET3​ តាម​ក្រុម​ មកពី​សាលា​នានា ​បាន​មក​ចូលរួម​ដាក់​ពាក្យ​ប្រកួតប្រជែង​តាំង​ពិព័រណ៍ ដែល​ក្នុង​នោះ​មាន​ម្ហូប​ខ្មែរ​ចំនួន​៦៦​មុខ​ និង​បង្អែម​ជាតិ​៦៦​មុខ​។ ​

គណៈកម្មការ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការ​តាំង​ពិព័រណ៍​ម្ហូប​ខ្មែរ​ និង​បង្អែម​ជាតិ​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​គ្រូបង្រៀន​គេហៈ​ឲ្យ​ចេះ​ស្រឡាញ់​ការ​ធ្វើ​មុខម្ហូប​ខ្មែរ​ និង​បង្អែម​ជាតិ​។ ​ជាមួយនេះ ​ក៏​ជា​ការ​បង្កើន​នូវ​ភាព​សប្បាយ​រីករាយ​ដល់​បុគ្គលិក​សិក្សា​គ្រប់​លំដាប់ថ្នាក់​ ព្រមទាំង​សិស្សានុសិស្ស​ពង្រីក​សាមគ្គីភាព​បន្ថែម ពិសេស ​គឺ​ទទួល​អំណរ​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក​ព.ស​២៥៦០​ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៣​ ខែ​មេសា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​យប់​។​ សម្រាប់​ពិព័រណ៍​ម្ហូប​ខ្មែរ ​និង​បង្អែម​ជាតិ​នេះ​ដែរ ​សាលា​មាន​គណៈកម្មការ​ភ្លក់​រស​ជាតិ​វាយតម្លៃ​ឲ្យ​ពិន្ទុ​ជ្រើស​រើស​យក​៣​ក្រុម​ សម្រាប់​ផ្តល់​ជ័យ​លាភី​ប្រចាំ​ឆ្នាំ​២០១៦​នេះ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពិនិត្យមើល​ការ​តាំង​ពិព័រណ៍​ដោយ​ផ្ទាល់​ពី​លោកស្រី​បណ្ឌិត ងឿ​ន ផល្លី​ន​ពោធិ​តា​ទៀត​ផង។

ពិធី​អបអរ​បុណ្យចូលឆ្នាំ​ឆ្នាំនេះ សិស្សានុសិស្ស​ក៏បាន​សំដែង​សិល្បៈ​បញ្ចេញ​ក្បាច់​រាំ​ប្រពៃណី​ជាតិខ្មែរ មាន​រាំវង់​រាំក្បាច់ សារ៉ាវាន់ ណាំ​ណាវ របាំ​គោះត្រឡោក ពិសេស​របាំ​ជូនពរ​ និង​របាំ​ត្រុដិ​ដែល​សំដែង​ដោយ​ប្អូនៗ​កុមារកំព្រារ​ នៃ​សមាគម​បង្កើត​ឋានសួគ៌​កុមារ​កម្ពុជា ​ដែល​ភ្ញៀវ​ និង​សិស្សា​នុ​សិស្ស​ដែល​បាន​ចូលរួម​នាពេលនោះ បាន​ចូលរួម​ជា​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​ទាំងនោះ​ផង​ដែរ​៕