ជាប់​ទោស​និង​ហាម​ធ្វើ​ជា​គ្រូពេទ្យ ព្រោះ​លួច​​ថត​រូប​«លិង្គ»​អ្នក​ជំងឺ

ស្ត្រីគិលានុបដ្ឋាក វ័យក្មេងម្នាក់ បានថតរូប«លិង្គ»របស់អ្នកជំងឺមួយរូប រួចបានចែករំលែករូបនេះ ទៅកាន់​មិត្តភ័ក្រ​របស់​ខ្លួន​ជា​បន្ត។ នាងត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយការ​ព្យួរទោស។
ជាប់​ទោស​និង​ហាម​ធ្វើ​ជា​គ្រូពេទ្យ ព្រោះ​លួច​​ថត​រូប​«លិង្គ»​អ្នក​ជំងឺ

នាង «Kirsten Johnson» អតីតគិលានុបដ្ឋាកវ័យក្មេង។ (រូបថតនគរបាលអាមេរិក)

ហេតការណ៍បានកើតឡើង តាំងពីឆ្នាំ២០១៤ នៅក្នុងរដ្ឋញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែតុលាការ​ទើប​នឹង​កាត់​សេចក្ដី ដាក់ពន្ធនាគារស្ត្រីជាប់ចោទ ដោយការព្យួរទោស នៅចុងខែមីនាកន្លងមកនេះ នៅក្នុងសំនុំ​រឿង​មួយ ដែល​រក​ការ​ពន្យល់​សឹងតែមិនបាន។

មិនយល់ ព្រោះគេមិនដឹងថា តើស្ត្រីគិលានុបដ្ឋាករូបនោះ គិតឃើញយ៉ាងដូចម្ដេច ទើបបានជាទៅលួច​ថតរូប «លិង្គ» របស់អ្នកជំងឺម្នាក់ ដែលស្ថិតក្រោយការថែរក្សាព្យាបាល​របស់ខ្លួន មុននឹងយករូបថតនេះ ទៅ​បន្ត​ចែក​ចាយ ទៅឲ្យមិត្តភ័ក្រខ្លួនដទៃទៀត។

សារព័ត៌មានអាមេរិក «Washington Post» បានរៀបរាប់រឿងនេះឡើងវិញថា នាង «Kirsten Johnson» អាយុ​២៧ឆ្នាំ (អាយុ២៥ឆ្នាំ នៅឆ្នាំ២០១៤) បានឆ្លៀតឱកាស ពេលអ្នកជំងឺសន្លប់មិនដឹងខ្លួន ដើម្បី​ធ្វើ​សកម្មភាព​ដ៏​អាស្រូវ។ ក្រោយពីបានឃើញរូបថត ដែលត្រូវបានចែករំលែក ជាបន្តបន្ទាប់មកនោះ បុគ្គលិកនៅ​ក្នុង​មន្ទីរពេទ្យ «Upstate University Hospital» បានរាយការណ៍ប្រាប់នគរបាល បណ្ដាលឲ្យការស៊ើបអង្កេត​មួយ ត្រូវ​បាន​បើក​ធ្វើ​ឡើង។

នៅខែឧសភា ឆ្នាំ២០១៥ នាង «Kirsten Johnson» ត្រូវបានឃាត់ខ្លួន បន្ទាប់ពីការស៊ើបអង្កេត ក្នុង​សំនុំ​រឿង​នេះ បានប្រើពេលដល់ទៅ៩ខែ។ នាងត្រូវបានបញ្ឈប់ពីការងារ និងត្រូវហាមប្រាម លែងឲ្យប្រកបអាជីព​នេះ អស់​មួយ​ជីវិត។ នៅចំពោះការសាកសួរ របស់អ្នកស៊ើបអង្កេត អតីតស្ត្រីគិលានុបដ្ឋាកវ័យក្មេង បាន​ទទួល​សារភាព ថា​នាង​បាន​ប្រើទូរស័ព្ទដៃ «iPhone 5» ដើម្បីថតរូប តែមិនបានបញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេ។

នាងត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ ដោយការព្យួរទោស​ រាប់ពីថ្ងៃដែលត្រូវ​បាន​ចាប់​ខ្លួន៕