អាមេរិក​ជឿ​ជាក់​ពី​ការ​តាម​ប្រមាញ់​ប្រមុខ ISIS ថា​នឹង​សម្រេច​

មន្ទីរប៉ង់តាហ្គោន ដែលតាមប្រមាញ់ ស្វែងរកប្រមុខដឹកនាំធំជាងគេ របស់ក្រុមរដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​អៀរ៉ាក់ និងស៊ីរី បាន​រំពឹង​ជា​ថ្មី​ទៀត​ថា មេដឹកនាំរូបនេះ នឹងទទួលវាសនា​ចុងក្រោយ និងយ៉ាង​អាណោច​អាធម នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។
អាមេរិក​ជឿ​ជាក់​ពី​ការ​តាម​ប្រមាញ់​ប្រមុខ ISIS ថា​នឹង​សម្រេច​

ប្រមុខដឹកនាំ រប​ស់ក្រុមរដ្ឋអ៊ីស្លាម លោកអាចារ្យ អាប៊ូបាក អាល់បាងដាឌី។ (រូបថតផ្តិតពីវីដេអូ)

មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិ របស់អាមេរិក) បានអះអាងជាថ្មីទៀតថា នៅថ្ងៃណាមួយ ប្រមុខ​ដឹកនាំ​របស់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​​អង់គ្លេស​​ហៅ ISIS) ដែលមានឈ្មោះ អាប៊ូ បាក្រ អាល់បាងដាឌី (Abou Bakr al-Baghdadi) នឹងត្រូវទទួលផល​កម្ម សម​ស្រប​តាមអំពើឧក្រិដ្ឋជាច្រើន ដែលមេដឹកនាំរូបនេះ បានបង្កឡើង។ ការអះអាងនេះ បានធ្វើឡើង​បន្ទាប់ពី​កងទ័ព​អាមេរិក បានតាមប្រមាញ់ជាបន្តបន្ទាប់ នូវបណ្ដាអ្នកទទួលខុសត្រូវ របស់អង្គការភេរវនិយម​ រដ្ឋអ៊ីស្លាម ក្នុង​នោះ​មានមនុស្សខ្លាំងទីពីរ របស់ក្រុមនេះផង។

លោក ស្តេវ វ៉ារ៉េន (Steve Warren) អ្នកនាំពាក្យឲ្យមន្ទីរប៉ង់តាហ្គោន បានថ្លែងឲ្យដឹង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា៖ «យើងកំពុងតាមប្រមាញ់ជននេះ ហើយយើងនឹងរកឃើញ ក្នុងថ្ងៃណាមួយ។ វាដូចគ្នាទៅនឹងវាសនា នៃ​ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ របស់ជននេះ ឈ្មោះ អាប៊ូ ម៉ូស្សាប អាល់ហ្សារកាវី (Abou Moussab al-Zarkaoui) ដែល​យើងបានរកឃើញ ហើយយើងបានសម្លាប់​ទីប្រឹក្សានេះរួចហើយ។ ហើយក៏វាមិនខុសគ្នាអី ទៅនឹង​មេ​កន្ទ្រាញ​ខាង​ភេរវនិយម ឈ្មោះ អ៊ូសាម៉ា ប៊េនឡាដេន (Oussama ben Laden) ដែលយើង​បាន​សម្លាប់​ចោល​ដែរ។ យើង​នឹង​រក​ឲ្យឃើញ អាប៊ូ បាក្រ៍ អាល់បាងដាឌី  ហើយជននេះនឹងទទួលវាសនា សម​តាម​អំពើ​ឧក្រិដ្ឋ​នានា ដែល​ជន​នេះ​បាន​ប្រព្រឹត្តិ។»

យុទ្ធនាការវាយលុក ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ របស់ក្រុមប្រទេសជាសម្ព័ន្ធមិត្ត ដែលដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក បានឈានទៅសម្លាប់អ្នកទទួលខុសត្រូវធំៗជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ក្នុងនោះមានលោក អាប់ឌែល រ៉ាម៉ាន អាល់កាឌូលី (Abdel Rahmane al-Qadouli) ដែលជាមនុស្សខ្លាំងទីពីរ បន្ទាប់ពីលោក អាប៊ូ បាក្រ៍ អាល់បាងដាឌី។ កាលពីដើមខែមីនា សហរដ្ឋអាមេរិក ក៏បានថ្លែងឲ្យដឹងដែរ ថាបានទម្លាក់គ្រាប់បែក សម្លាប់​ជនម្នាក់ ឈ្មោះ អូម៉ា អាល់ស៊ីសានី (Omar al-Shishani)។ ជនម្នាក់ក្រោយនេះ ត្រូវបានគេស្គាល់ថា ជា​«រដ្ឋមន្ត្រីការពារជាតិ» របស់ក្រុមរដ្ឋអ៊ីស្លាម។

អ្នកនាំពាក្យបានបន្តទៀតថា់៖ «ខ្ញុំមិនដឹងថា យុត្តិធម៌នឹងកើតមាន តាមរយៈកាំជ្រួច "Hellfire" (ដែល​បាញ់​ទៅ​ចំ) ឬ​​តាម​រយៈគុកងងឹត (ដើម្បីឃុំខ្លួន) នៅទីណាមួយនោះទេ តែជននេះ (អាប៊ូ បាក្រ៍ អាល់បាងដានី) នឹង​ទទួល​វាសនា សម​តាម​ឧក្រិដ្ឋកម្មរបស់ខ្លួន នៅថ្ងៃណាមួយ»។

សហរដ្ឋអាមេរិក បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីជារង្វាន់ដល់នរណាក៏ដោយ ដែលបង្ហើបឲ្យដឹង ពីទី​កន្លែង​លាក់ខ្លួន របស់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម។ សម្រាប់ព័ត៌មាន ដែលទាក់ទងនឹងលោក អាប៊ូ បាក្រ៍ អាល់បាងដាឌី អ្នករាយការណ៍នឹងទទួលបានរង្វាន់ ១០លានដុល្លារ ខណៈព័ត៌មានដែល​ទាក់ទង​នឹង​ អាប់ឌែល រ៉ាម៉ាន អាល់កាឌូលី (ដែលត្រូវបានសម្លាប់ហើយ) អ្នករាយការណ៍ទទួលបានរង្វាន់ ៧លាន​ដុល្លារ៕