មជ្ឈមណ្ឌល​ជាតិ​អំពាវនាវ​យុវជន​ឲ្យ​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ធានា​ស្តុក​ឈាម​អំឡុង​ចូល​ឆ្នាំ

កម្ពុជា ស្ទើរ​តែ​គ្រប់​ពេល​នៃ​អំឡុង​ពិធី​បុណ្យ​ជាតិ​ធំៗ ដូចជា បុណ្យ​ចូល​ឆ្នាំ ភ្ជុំ​បិណ្ឌ ឬ​អុំ​ទូក ជាដើម តែង​តែ​ប្រឈម​មុខ​ខ្វះ​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​អ្នក​ជំងឺ។ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ស្វែងរក​អ្នក​បរិច្ចាគ​ឈាម​យក​មក​រក្សា​ទុក​ក្នុង​ស្តុក សម្រាប់​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ក្នុង​ករណី​ចាំបាច់។

តើ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រៀម​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កែប្រែ​ទម្លាប់​ដាច់​ឈាម​ពី​ស្តុក​របស់​ខ្លួន ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ជូន​អ្នក​ជំងឺ​បាន​គ្រប់​ពេល?

ស្ទើរ​តែ​ជា​ទម្លាប់​ច្រំដែល​ទៅ​ហើយ ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រឈម​មុខ​នឹង​បញ្ហា​អស់​ឈាម​ពី​ស្តុក ពិសេស​គឺ​ក្នុង​អំឡុង​ពិធី​បុណ្យ​ជាតិ​ធំៗ ដែល​មាន​រយៈពេល​យូរ ដូចជា​បុណ្យ​ភ្ជុំ​បិណ្ឌ ឬ​ចូល​ឆ្នាំ ជាដើម។

ទាំង​នេះ​ដោយសារ​តែ​ប្រជាជន​ភាគ​ច្រើន​សម្រាក​ពី​ការងារ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​ភូមិ-ស្រុក​កំណើត​អស់ និង​មិន​មាន​អ្នក​មក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​តែ​ម្តង។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ហុក គីមចេង មាន​ប្រសាសន៍​ថា សម្រាប់​មុន និង​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ គ្រាន់​តែ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវ​ការ​ឈាម​យ៉ាង​ហោច​ណាស់​ប្រមាណ​ជាង ១.០០០​ប្លោក ដើម្បី​ធានា​បាន​ពី​ស្ថិរភាព​នៃ​ស្តុក​ឈាម​របស់​ខ្លួន៖ «»

ស្ថិត​ក្នុង​វ័យ ៤៣​ឆ្នាំ លោកស្រី ហៃ ឡៃហូយ ជា​អាជីវករ​លក់​នំ​អាកោ​នៅ​ផ្សារ​ចាស់ មួយ​រូប​ដែល​ស្វាមី​របស់​លោកស្រី​ជា​អ្នក​ជំងឺ​ប្រើប្រាស់​ឈាម​ជា​ប្រចាំ​អស់​រយៈពេល​ជាង ១២​ឆ្នាំ​មក​ហើយ។ លោកស្រី​បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​ពី​បញ្ហា​ដាច់​ស្តុក​ឈាម​នេះ​យ៉ាង​ខ្លាំង ព្រោះ​ថា ស្វាមី​របស់​លោកស្រី​ត្រូវ​ការ​បញ្ចូល​ឈាម​ជា​ញឹកញាប់ បើ​សិន​ជា​មជ្ឈមណ្ឌល​ជាតិ ខ្វះ​ឈាម​នៅ​ក្នុង​ស្តុក​នោះ នឹង​បង្ក​ការ​លំបាក​ដល់​ស្វាមី​របស់​លោកស្រី​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំបាច់​នោះ៖ «»

ជា​រៀង​រាល់​ថ្ងៃ ប្រទេស​កម្ពុជា ត្រូវ​ការ​ប្រើ​ឈាម​ប្រមាណ​ជាង ១៥០​ប្លោក​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ ដែល​ក្នុង​នោះ​សម្រាប់​រាជធានី​ភ្នំពេញ ត្រូវ​ការ​ប្រើប្រាស់​ឈាម​ប្រមាណ​ជាង ១០០​ប្លោក​ក្នុង​មួយ​ថ្ងៃៗ។ តើ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម មាន​ឈាម​មក​ពី​ណា​សម្រាប់​សង្គ្រោះ​អ្នក​ជំងឺ? ហើយ​យុវជន​កម្ពុជា ណា​ខ្លះ​បាន​ដឹង​ពី​តម្រូវ​ការ​នេះ?

ផ្ដល់​ឈាម ២០១៥ ៨៥៥
សប្បុរសជន​ផ្ដល់​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA/Ou Banung

លោក សុខ ដារតន៍ ជា​មន្ត្រី​មួយ​រូប​ក្នុង​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក​មិន​ធ្លាប់​បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​ដាច់​ស្តុក​ឈាម​នោះ​ទេ​កន្លង​មក ពុំ​នោះ​សោត លោក​នឹង​នាំ​មិត្តភ័ក្ដិ​ចូលរួម​បរិច្ចាគ​ឈាម​យូរ​ហើយ៖ «»

អ្នកស្រី នង ច័ន្ទផល្លា ដែល​ធ្លាប់​ជា​សប្បុរសជន​បរិច្ចាគ​ឈាម​ពី​មុន​នោះ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ធ្លាប់​បាន​ដឹង​ពី​ការ​បរិច្ចាគ​ឈាម​ដែរ ដោយ​ក្នុង​គ្រួសារ​របស់​អ្នកស្រី​ធ្លាប់​ត្រូវ​ការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​អ្នកស្រី​មិន​បាន​ដឹង​ពី​បញ្ហា​ខ្វះ​ឈាម​ក្នុង​ស្ដុក​នោះ​ទេ៖ «»

ជា​ការ​ពិត​ណាស់ គេហទំព័រ​របស់​កាកបាទ​ក្រហម​សហរដ្ឋ​អាមេរិក ក៏ដូចជា​គេហទំព័រ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​កម្ពុជា បាន​សរសេរ​ដូច​គ្នា​ថា ការ​បរិច្ចាគ​ឈាម គឺ​ពិត​ជា​មាន​សុវត្ថិភាព ព្រោះ​រាល់​ម្ជុល ឬ​សម្ភារៈ គឺ​ប្រើ​សម្រាប់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ហើយ​សប្បុរសជន​អាច​បរិច្ចាគ​ឈាម​បាន លុះត្រា​តែ​មាន​សុខភាព​ល្អ និង​មាន​ការ​អនុញ្ញាត​ពី​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ផ្នែក​សុវត្ថិភាព​ឈាម។

សម្រាប់​កម្ពុជា មក​ទល់​ពេល​នេះ អត្រា​នៃ​អ្នក​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជាង ៣៥​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឈាម​ដែល​ត្រូវ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្តល់​អនុសាសន៍​ថា ប្រសិន​បើ​ប្រជាជន​កម្ពុជា តែ ១​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ធ្វើ​ការ​បរិច្ចាគ​ឈាម នោះ​កម្ពុជា នឹង​មាន​ឈាម​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់។

លោក​វេជ្ជបណ្ឌិត ហុក គីមចេង បាន​ឲ្យ​ដឹង​ដែរ​ថា មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រៀម​នឹង​ចុះ​ទៅ​ស្វែងរក​អ្នក​បរិច្ចាគ​ឈាម​ចល័ត​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន សម្រាប់​ត្រៀម​នឹង​តម្រូវ​ការ​ស្តុក​របស់​ខ្លួន​មុន និង​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ៖ «»

ទាំង​លោក​វេជ្ជបណ្ឌិត ហុក គីមចេង អ្នកស្រី ហៃ ឡៃហូយ ក៏ដូចជា​អ្នក​ជំងឺ​ជាច្រើន​ផ្សេង​ទៀត បាន​អំពាវនាវ​ដល់​សាធារណជន ចូលរួម​ធ្វើ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដទៃ​ផ្សេង​ទៀត។ លក្ខខណ្ឌ​សម្រាប់​អ្នក​បរិច្ចាគ​ឈាម គឺ​ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ដល់ ៦០​ឆ្នាំ មាន​ទម្ងន់​ចាប់​ពី ៤៥​គីឡូក្រាម និង​មាន​សុខភាព​ល្អ​បរិបូរណ៍ ហើយ​រាល់​ការ​បរិច្ចាគ​ឈាម គឺ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ធ្វើ​ការ​ពិនិត្យ​សម្ពាធ​ឈាម និង​គ្រាប់​ឈាម​ក្រហម​របស់​សប្បុរសជន​ជា​មុន​សិន ដើម្បី​ធានា​ដល់​សុវត្ថិភាព​អ្នក​បរិច្ចាគ​ឈាម​ទាំងអស់។

ក្រៅ​ពី​នេះ​ទៀត មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម គ្រោង​នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​សារសំខាន់​អំពី​ការ​ផ្ដល់​ឈាម​នៅ​តាម​ស្ថាប័ន​រដ្ឋ ឯកជន ក្នុង​នោះ​រួម​មាន វិទ្យាល័យ សាកលវិទ្យាល័យ និង​ស្ថាប័ន​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។