របរ​ជីក​កង្កែប​នៅ​រដូវ​ប្រាំង​របស់​អ្នក​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ យក​ពេល​ទំនេរ​ពី​ការងារ​រៀង​រាល់​រដូវ​ប្រាំង នាំ​គ្នា​ដើរ​ជីក​កង្កែប​ក្រាំង​នៅ​ក្នុង​រន្ធ​តាម​មាត់​ប្រឡាយ​ទឹក​ក្បែរ​ភូមិ​ពួក​គាត់​រស់នៅ ដើម្បី​យក​មក​ធ្វើ​ម្ហូប និង​លក់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នក​ភូមិ​អះអាង​ថា របរ​ជីក​កង្កែប​នេះ​ថ្វីត្បិតតែ​មិន​បាន​ប្រាក់​ចំណូល​ច្រើន​ដូច​របរ​ផ្សេង​ក្ដី តែ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​បាន​មួយ​ផ្នែក​ដែរ។

ក្រោយ​ពេល​ទំនេរ​ពី​រដូវ​ច្រូត​កាត់​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​មេសា រៀង​រាល់​ឆ្នាំ អ្នក​ស្រុក​ថ្មពួក ទាំង​ក្មេង​ទាំង​ចាស់​ប្រុស​ស្រី ខ្លះ​កាន់​ចបកាប់​ចបជីក ឧបករណ៍​ខ្វារ​កង្កែប និង​ទ្រុង​ដាក់​កង្កែប​ធ្វើ​ពី​ដើម​ឫស្សី មាន​ប្រវែង​ប្រមាណ​កន្លះ​ម៉ែត្រ ទំហំ​ប៉ុន​លប ដែល​គេ​និយម​ដាក់​តាម​ភ្លឺ​ស្រែ លី​ផង ស្ពាយ​ផង រយីងរយោង​ពេញ​ខ្លួន ហើយ​ដើរ​ឆ្ពោះ​ទៅ​វាល​ស្រែ​ក្រោយ​ភូមិ​របស់​ពួក​គាត់ ដើម្បី​ជីក​កង្កែប​តាម​មាត់​ប្រឡាយ។

ទី​វាល​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ផ្ទះ​រស់នៅ​ដែល​អ្នក​ភូមិ​ជីក​កង្កែប​នោះ នៅ​ក្នុង​បាត​ប្រឡាយ​ដី​ប្រេះ​ក្រហែង និង​គ្មាន​ទឹក​មួយ​តំណក់​នោះ​ទេ។ ថ្វី​បើ​ពុំ​មាន​ទឹក​ក្នុង​ប្រឡាយ​ក៏ដោយ ក៏​អ្នក​ភូមិ​យក​ចបកាប់​ដី​រក​កង្កែប​ដែល​ក្រាំង​នៅ​ក្នុង​រន្ធ​ក្ដាម ហើយ​យូរៗ​បាន​កង្កែប​មួយ​ក៏​នាំ​គ្នា​ដេញ​ចាប់​ដាក់​ទ្រុង​របស់​គាត់​រៀងៗ​ខ្លួន។

«សំឡេង​ដេញ​ចាប់​កង្កែប»

កង្កែប​ដែល​ពួក​គាត់​ចាប់​បាន ភាគ​ច្រើន​ប៉ុន​ក​ដៃ​កូន​ក្មេង និង​កូន​កង្កែប​ស្រូវ ជាដើម។

ពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក គឺ​លោក ស៊ុត សឿត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ក្រោយ​ផ្ទះ​នៅ​ពេល​ត្រឡប់​ពី​ជីក​កង្កែប​ថា របរ​ជីក​កង្កែប​នេះ ថ្ងៃ​ណា​រក​បាន​កង្កែប​ច្រើន​បាន​ប្រហែល ៣​គីឡូក្រាម និង​ថ្ងៃ​ខ្លះ​បាន​មួយ​គីឡូក្រាម។ បុរស​វ័យ ៦៦​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ថ្ងៃ​ណា​រក​បាន​កង្កែប​ច្រើន គឺ​យក​កង្កែប​មួយ​ចំនួន​សម្រាប់​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ និង​មួយ​ចំនួន​ទៀត​យក​ទៅ​លក់ ដើម្បី​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​ទៅ​រក​កង្កែប​តាំង​ពី​ព្រឹក​ទល់​រសៀល​បាន​វិល​ត្រឡប់​វិញ ហើយ​ជួនកាល​ទៅ​ម្នាក់​ឯង ពេល​ខ្លះ​ក៏​ទៅ​គ្នា​ពីរ​បី​នាក់​ទៅ គឺ​រាល់​តែ​ឆ្នាំ​អ៊ីចឹង មិន​ដែល​ខាន​ទេ»

ជីក​កង្កែប បន្ទាយមានជ័យ ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​ជីក​កង្កែប​ក្រាំង​ក្នុង​រន្ធ​តាម​ប្រឡាយ​នៅ​ភូមិ​ថ្នល់ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

លោក​បន្ថែម​ថា ក្នុង​មួយ​សប្ដាហ៍​លោក​ចេញ​ទៅ​ជីក​កង្កែប​ពី ២​ដង​ទៅ ៣​ដង ហើយ​ចំណាយ​ពេល​មួយ​ដង​ប្រមាណ ៦​ម៉ោង ទើប​ត្រឡប់​មក​ផ្ទះ​វិញ។ ចំណែក​ឯ​កង្កែប​ដែល​លោក​រក​បាន​លក់​ឲ្យ​ម៉ូយ​មក​គេ​យក​ដល់​ផ្ទះ តម្លៃ​មួយ​គីឡូក្រាម​ប្រមាណ ៧​ពាន់​រៀល។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ភូមិ​ម្នាក់​ទៀត គឺ​លោកស្រី ឈឿម ឈឺន ថ្លែង​ថា របរ​ជីក​កង្កែប​នេះ​ជា​របរ​បន្ថែម​ក្រោយ​ទំនេរ​ពី​ការងារ​ច្រូត​កាត់​រៀង​រាល់​ឆ្នាំ ហើយ​លោកស្រី​ថា តែង​ដើរ​ជីក​កង្កែប​តាំង​ពី​អាយុ​ជាង ១០​ឆ្នាំ​រហូត​មក។ ស្ត្រី​វ័យ ៧៤​ឆ្នាំ​រូប​នេះ រៀបរាប់​ដោយ​សម្ដី​មួយៗ​ទៀត​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​ទៅ​ជីក​កង្កែប ដោយសារ​គ្មាន​ការងារ​ធ្វើ​ក្រៅ​អំពី​របរ​នេះ ហើយ​បើ​ទោះ​បី​ជា​ជីក​កង្កែប​ទាំង​ផ្សង​សំណាង​មិន​បាន​ច្រើន​សម្រាប់​លក់​ក៏ដោយ តែ​ក៏​អាច​រក​បាន​គ្រាន់​ធ្វើ​ម្ហូប​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​គ្រួសារ​បាន​ខ្លះ​ដែរ៖ «ចា៎! ខ្ញុំ​ទៅ​រក​កង្កែប​ដោយសារ​ខ្ញុំ​គ្មាន​អ្វី​ហូប ក៏​ចេះ​តែ​ទៅ​ជីក​ទៅ ហើយ​ពេល​ខ្លះ​ខ្ញុំ​អស់​កម្លាំង ក៏​ដេក​សម្រាក​ក្រោម​ម្លប់​ដើម​ឈើ​នៅ​កន្លែង​ជីក​កង្កែប​ក៏​មាន​ដែរ»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ថ្មពួក លោក ប្លែក វារី មាន​ប្រសាសន៍​ថា របរ​ជីក​កង្កែប​ជីក​ក្ដាម​របស់​អ្នក​ស្រុក​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ស្រុក​ថ្មពួក ហើយ​ជា​ប្រពៃណី​អនុវត្ត​តៗ​គ្នា​យូរ​លង់​ណាស់​មក​ហើយ។ ម្យ៉ាង​ទៀត​លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់ និង​កុមារ​តូច ដើរ​ជីក​កង្កែប​នៅ​រដូវ​ប្រាំង​ដែល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ៖ «បាទ! ការ​ជីក​កង្កែប​នេះ គឺ​ជា​ការងារ​បន្ទាប់​បន្សំ​ទេ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​នោះ ហើយ​កាល​ពី​ដើម​មិន​ទាន់​មាន​ច្បាប់​តឹងតែង ពួក​គាត់​ក៏​ដើរ​បរបាញ់​សត្វ​តាម​ព្រៃ​អ៊ីចឹង​ដែរ»

លោក​បន្ថែម​ថា ក្រៅ​អំពី​ការ​រក​កង្កែប អាជ្ញាធរ​ស្រុក​បាន​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បង្កើត​ជា​សហគមន៍​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ចេះ​របៀប​ចិញ្ចឹម​ត្រី មាន់ និង​ចិញ្ចឹម​កង្កែប ដើម្បី​រក​ប្រាក់​ចំណូល​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់៖ «បាទ! នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ទេ ដែល​មាន​ទូទាំង​ស្រុក ហើយ​គម្រោង​នេះ ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ចិញ្ចឹម​មាន់ និង​ចិញ្ចឹម​ត្រី»

ជីក​កង្កែប បន្ទាយមានជ័យ ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​ជីក​កង្កែប​ក្រាំង​ក្នុង​រន្ធ​តាម​ប្រឡាយ​នៅ​ភូមិ​ថ្នល់ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

របាយការណ៍​ស្រុក​ថ្មពួក បង្ហាញ​ថា នៅ​ស្រុក​នេះ​មាន​ចំនួន ៦​ឃុំ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៧​ម៉ឺន​នាក់ និង​មាន​ដី​ស្រែ​ជាង ១​ម៉ឺន ៥​ពាន់​ហិកតារ និង​ដី​ដាំ​ដំឡូងមី​ជាង ២​ម៉ឺន ៣​ពាន់​ហិកតារ។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ៤​ពាន់​នាក់។ អាជ្ញាធរ​ស្រុក​អះអាង​ថា ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ប្រមាណ ៥០​ភាគរយ​ទៅ​រយៈពេល​ខ្លី​ប្រមាណ ៤​ខែ វិល​ត្រឡប់​មក​ធ្វើ​ស្រែ​នៅ​ឯ​ស្រុក​កំណើត​វិញ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ចំណាក​ស្រុក​មាន​បី​ប្រភេទ គឺ​ទី​១ ទៅ​ព្រឹក​វិល​ល្ងាច។ ទី​២ ទៅ​រដូវ​ទំនេរ​ពី​ការងារ​ច្រូត​កាត់​ប្រមាណ ៤​ខែ​វិល​ត្រឡប់​វិញ និង​មួយ​ចំនួន​ទៀត ទៅ​ធ្វើ​ការងារ​រយៈពេល​យូរ​ប្រមាណ​មួយ​ឆ្នាំ​មក​លេង​ស្រុក​កំណើត​ម្ដង។ លោក ស៊ុំ ច័ន្ទគា ពន្យល់​ថា កត្តា​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក ជា​បញ្ហា​ចម្បង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក និង​ដើរ​ជីក​កង្កែប​ពាស​វាល​ពាស​កាល​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ក្រោយ​ទំនេរ​ពី​រដូវ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។