សមាគម​អតីត​និស្សិត​កម្ពុជាទៅសិក្សានៅ​ប្រទេស​កាណាដា រៀប​ចំ​សិក្ខា​សាលា​ ស្តីពី «អចលន​ទ្រព្យ»

បច្ចុប្បន្ន​នេះ​វិស័យ​អចល​ទ្រព្យ​មាន​ការ​ចម្រើន​ខ្លាំង ហើយ​បាន​ដើរ​តួ​ជា​សរសរ​ទ្រូង​ដ៏​សំខាន់​មួយរ​បស់​សេដ្ឋកិច្ច​កម្ពុជា ។ ហេតុ​ដូច្នេះ​ហើយ​ទើប​សមាគម​អតីត​និស្សិត​កម្ពុជាទៅសិក្សានៅ​ប្រទេស​កាណាដា (CCAA) បាន​រៀបចំ​សិក្ខា​សាលា​លើក​ដំបូង ស្តីពី «អចលន​ទ្រព្យ» កាល​ពី​ថ្ងៃ​សៅរ៍ ទី២ ខែ​មេសា​កន្លង​ទៅ ។

 

សមាគម​អតីត​និស្សិត​កម្ពុជាទៅសិក្សានៅ​ប្រទេស​កាណាដា រៀប​ចំ​សិក្ខា​សាលា​ ស្តីពី «អចលន​ទ្រព្យ»

 

សិក្ខា​សាលា​នេះ មាន​ការ​ចូលរួមជា​វាគ្មិនពីសំណាក់ Dr. Alexander Evengroen នាយក​រង​ជាន់​ខ្ពស់​ ក្រុមហ៊ុន Key Real Estate​ និង​ជា​ប្រធាន​អ្នក​ផ្តល់​ប្រឹក្សា សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា (CVEA)។

 

គោល​បំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​ស្តី​ពី​ទី​ផ្សារ​ និង​ឱកាស​ការងារ​ដល់​និស្សិត​កម្ពុជា​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្មីៗពី​ប្រទេស​កាណាដា និង​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​ខ្មែរ ​ជនជាតិ​ដទៃ​ដែល​ធ្លាប់​ទៅ​រស់​នៅ​ប្រទេស​កាណាដា និងជនជាតិ​កាណាដា​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា មាន​បំណង​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា។

 

សមាគម​អតីត​និស្សិត​កម្ពុជាទៅសិក្សានៅ​ប្រទេស​កាណាដា រៀប​ចំ​សិក្ខា​សាលា​ ស្តីពី «អចលន​ទ្រព្យ»

 

លោក លី វីរៈ ប្រធាន​សមាគម​អតីត​និសិ្សត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា​និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សាលា​អន្តរជាតិ​លើននីង ចាំងហ្គល បាន​មាន​ប្រសាសន៍​ថា សិក្ខា​សាលា​លើក​ទី​មួយ​នេះ​គឺ​ជា​ភាព​ជោគជ័យ​ជំហាន​ដំបូង​របស់​សមាគម​អតីត​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា។ «យើង​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​សមាជិក​និង​ភ្ញៀវ​ដែល​បាន​ចូលរួម យើង​នឹង​នាំ​យក​នូវ​ប្រធានបទ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៀត​សម្រាប់​សិក្ខា​សាលា​ជា​បន្ត​បន្ទាប់» លោក វីរៈបន្ថែម។

 

សមាគម​អតីត​និស្សិត​កម្ពុជាទៅសិក្សានៅ​ប្រទេស​កាណាដា រៀប​ចំ​សិក្ខា​សាលា​ ស្តីពី «អចលន​ទ្រព្យ»

 

សមាគម​អតីត​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា​ (CCAA) បង្កើត​ឡើង​ដោយ​អតីត​និសិ្សតមក​ពី​ប្រទេស​កាណាដា​មួយ​ក្រុម ដើម្បី​ផ្តល់​ជា​វេទិកា​ឲ្យ​សមាជិក​របស់​ខ្លួន​ពង្រីក​បណ្តាញ​ទំនាក់​ទំនង ក៏​ដូច​ជា​ចែក​រំលែក​ប្រយោជន៍​រួម​ត្រលប់​ជូន​មាតុភូមិ​កម្ពុជា​វិញ។​ អ្នក​ដែល​អាច​ក្លាយ​ជា​សមាជិក ​CCAA បាន គឺ​ជា​អតីត​និសិ្សត​កម្ពុជា​ដែល​ត្រលប់​មក​ពី​ប្រទេស​កាណាដា រួម​ទាំង​អ្នក​ចូលរួម​កម្មសិក្សា​វគ្គ​ខ្លី​នៅ​ប្រទេស​កាណាដា ប្រជាជន​ខ្មែរ និង​ជនជាតិ​នានា​ដែល​ធ្លាប់​ទៅ​រស់​នៅ​ប្រទេស​កាណាដា និង​ប្រជាជន​កាណាដា​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

 

តាម​រយៈ​សមាគម​នេះ អតីត​និសិ្សត​អាច​ចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធន៍ជា​ច្រើន​វិស័យ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា៕

 

អត្ថបទ៖ ពាណិជ្ជកម្ម